Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ ប្រកាសលុបឈ្មោះគណបក្សសង្រ្គោះជាតិ ចេញពីបញ្ជីឈ្មោះ របស់ក្រសួងមហាផ្ទៃ និងចុះអនុវត្ដសាលដីកា ទម្លាក់ស្លាកសញ្ញាបក្ស បដា

spot_img

ភ្នំពេញ ៖ ពាក់ព័ន្ធនឹងករណីតុលាការកំពូលរបស់កម្ពុជា ចេញដីការំលាយគណបក្សសង្រ្គោះជាតិ សម្តេចក្រឡាហោម រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញលិខិតចំនួនបីជាប់គ្នា ដោយក្នុងនោះ គឺទី១ បង្គាប់ឲ្យអាជ្ញាធរ គ្រប់រាជធានី-ខេត្ត ចាប់ផ្ដើមចុះអនុវត្ដសាលដីកា ទម្លាក់ស្លាកសញ្ញាបក្ស បដា ទី២ លិខិតប្រាប់ទៅអភិបាលរាជធានី-ខេត្តទូទាំងប្រទេស ឲ្យពង្រឹងការអនុវត្តន៍តួនាទី និងភារកិច្ច របស់រដ្ឋបាលឃុំ-សង្កាត់ និងទី៣ ចេញសេចក្តីប្រកាសសម្រេច លុបឈ្មោះ គណបក្សសង្រ្គោះជាតិ ចេញពីបញ្ជីឈ្មោះ របស់ក្រសួងមហាផ្ទៃ។

ក្នុងលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ទៅអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ដើម្បីអនុវត្តន៍សាលដីការរបស់តុលាការកំពូល ក្រសួងមហាផ្ទៃ ត្រូវចុះផ្សព្វផ្សាយ អប់រំ ណែនាំដល់ប្រជាពលរដ្ឋ ដើម្បីអនុវត្តន៍សាលដីកា របស់តុលាការកំពូល ដែលបានរំលាយ គណបក្សសង្រ្គោះជាតិ ។ ត្រូវបង្កើនការយកចិត្តក្នុងការគ្រប់គ្រង រក្សាការពារសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានី-ខេត្ដ នីមួយៗ។ ចំពោះស្នាក់ការរបស់គណបក្សសង្គ្រោះជាតិ ដែលមាននៅរាជធានី-ខេត្តនីមួយៗ ត្រូវណែនាំឲ្យទម្លាក់ស្លាកសញ្ញា បដា និងពាក្យស្លោកផ្សេងៗ … ហើយមិនត្រូវឲ្យត្រូវធ្វើសកម្មភាពនានា ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ ដោយតុលាការរួចហើយឡើយ។ ត្រូវណែនាំដល់ម្ចាស់លំនៅឋាន អគារ សំណង់នានា ឲ្យធ្វើការដកចេញនូវស្លាកសញ្ញានានា របស់អតីតគណបក្សសង្គ្រោះជាតិ នៅតាមលំនៅឋាន អគារ សំណង់នានា របស់ខ្លួនជាបន្ទាន់។ ចំពោះស្លាកសញ្ញា នៅតាមទីសាធារណៈ អាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការ រុះរើចេញជាបន្ទាន់។​ សម្តេចក្រឡាហោម បានបង្គាប់ឲ្យអភិបាល និងជាប្រធាន គណៈបញ្ជាការ ឯកភាពរដ្ឋបាល រាជធានីខេត្ត ចាត់ចែងអនុវត្តន៍ ការងារនេះ ឲ្យមានប្រសិទ្ធភាព។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃដដែលនេះ ក៏បានចេញលិខិត ប្រាប់ទៅអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ពង្រឹងការអនុវត្តន៍តួនាទី និងភារកិច្ច របស់រដ្ឋបាលឃុំ-សង្កាត់។ ផ្អែកតាមសាលដីកានេះ និងផ្អែកតាមច្បាប់ ស្តីពី វិសោធនកម្ម ច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ បញ្ជីបេក្ខជន និងសមាជិក ក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ នៃគណបក្សសង្រ្គោះជាតិ លែងមានសុពលភាព និងលែងមានគុណសម្បត្តិ ទៅទៀតហើយ ចាប់ពីពេលនេះតទៅ។ ហេតុនេះ ដើម្បីធានានិរន្តរភាពការងារ ​របស់រដ្ឋបាលឃុំសង្កាត់ ក្នុងអំឡុងពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើការបែងចែកអាសនៈដែលនៅទំនេរនោះ ស្របតាមច្បាប់ ស្តីពី វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ ក្រសួងមហាផ្ទៃ បានធ្វើការណែនាំ ដល់រដ្ឋបាលឃុំសង្កាត់ ឲ្យបន្តអនុវត្តន៍តួនាទី ភារកិច្ច ដើម្បីធានាប្រក្រតីភាពណ និងនិរន្តរភាពក្នុងការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ ការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវា និងការដោះស្រាយសំណើសំណូមពរនានា ជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាពស្របតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន។ ពង្រឹងការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ថវិកា និងទ្រព្យសម្បតិ្តរបស់រដ្ឋបាលឃុំសង្កាត់ ទាំងអស់ក្នុងរាជធានីខេត្តនីមួយៗ ឲ្យបានត្រឹមត្រូវស្របតាមច្បាប់ ។ ត្រូវណែនាំដល់រដ្ឋបាលក្រុងស្រុកខណ្ឌ ឲ្យធ្វើការតាមដាន ត្រួតពិនិត្យ និងផ្តល់ការគាំទ្រ ដល់ឃុំសង្កាត់ ក្នុងការគ្រប់គ្រង រដ្ឋបាលឃុំសង្កាត់ ការអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវានានា ជូនប្រជាពលរដ្ឋ។ ត្រូវពង្រឹងការបំពេញការងាររបស់ស្មៀនឃុំសង្កាត់ ដោយតម្រូវឲ្យមានវត្តមាន ជាប្រចាំ នៅសាលាឃុំសង្កាត់ នៅរៀងរាល់ថ្ងៃ និងត្រូវអនុវត្តន៍ ឲ្យបានខ្ជាប់ខ្ជូន នូវតួនាទី ភារកិច្ច ដែលបានកំណត់ក្នុងច្បាប់។

សម្តេចក្រឡាហោម រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានចេញសេចក្តីប្រកាស សម្រេចលុបឈ្មោះ គណបក្សសង្រ្គោះជាតិ ចេញពីបញ្ជី គណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ តាមសាលដីកា របស់តុលាការកំពូល។ បទប្បញ្ញតិ្តទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយ នឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍ ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×