កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ គេហទំព័រ Mirror Media បានលាតត្រដាងថា ប៉ុន្មានថ្ងៃមុននេះ នៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ចិន បានចែករំលែកវីដេអូឃ្លីប នៃហេតុការណ៍ដ៏រន្ធត់មួយ នៅពេលដែលនារីវ័យក្មេងម្នាក់ ស្រាប់តែវាយប្រហារ និងបៀតបៀនទៅលើយុវជនម្នាក់ដែលជាអ្នកដឹកជញ្ជូនទំនិញ ដោយបានរុញផ្ទប់នឹងជញ្ជាំង មុនពេលធ្វើសកម្មភាពថើបដ៏ឥតអៀនខ្មាស ដែលធ្វើឲ្យបុរសរូបនោះភ័យញ័រយ៉ាងខ្លាំង។
យោងតាមរបាយការណ៍ក្នុងស្រុក បានឲ្យដឹងថា ហេតុការណ៍ដ៏ហួសចិត្តនេះបានកើតឡើងនៅក្នុងតំបន់លំនៅដ្ឋានមួយក្នុងទីក្រុង Shenzhen ប្រទេសចិន ហើយវីដេអូនៃករណីនេះបានរីករាលដាលយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យមនុស្សជាច្រើនរិះគន់យ៉ាងខ្លាំង ទៅលើអាកប្បកិរិយារបស់នារីវ័យក្មេងរូបនេះថា ពិតគួរឱ្យស្អប់ខ្ពើម និងមិនអាចទទួលយកបាន ខណៈអ្នកខ្លះឆ្ងល់ថាតើនាងមានបញ្ហាសតិឬយ៉ាងណា? បានជាធ្វើបែបនេះជាមួយជនមិនស្គាល់មុខ និងមនុស្សជាច្រើនទៀតមានអារម្មណ៍អាណិតអាសូរ ចំពោះបុរសដឹកជញ្ជូន។
វីដេអូនេះដែលកំពុងល្បីពេញប្រព័ន្ធអនឡាញ ត្រូវបានគេភ្ជាប់ជាមួយចំណងជើងថា «យុវជនដឹកជញ្ជូន ត្រូវចាប់រំលោភដោយនារីម្ចាស់ផ្ទះ»។ ហើយជាមួយគ្នានេះផងដែរ ក៏មានអ្នកគិតថា ស្រ្តីក្នុងវីដេអូទំនងជាស្រវឹង ហើយនៅពេលជួបអ្នកដឹកជញ្ជូនវ័យក្មេង សុំលេខទូរស័ព្ទផ្ទាល់ខ្លួន តែគាត់មិនព្រមឲ្យ ទើបនាងប្រើកម្លាំងដូចក្នុងឃ្លីបបែបនេះតែម្តង។
តែអ្វីដែលគួរឲ្យហួសចិត្តខ្លាំងនោះ គឺក្រោយវីដេអូបានផ្ទុះឡើងកក្រើក សមត្ថកិច្ចក៏បានធ្វើស៊ើបអង្កេតរកឃើញការពិត ទើបដឹងថា តាមពិតឃ្លីបវីដេអូនេះគ្រាន់តែជាវីដេអូឃ្លីបមួយដែលត្រូវបានគេបង្ហោះដំបូងលើគណនី Douyin របស់គូស្នេហ៍នេះដែលជាអ្នកបង្កើតមាតិកាប៉ុណ្ណោះ ដែលពួកគេតែងតែបង្ហោះវីដេអូឃ្លីបផ្សេងៗជាញឹកញាប់។
ក្រោយពេលកើតហេតុ អ្នកដែលពាក់ព័ន្ធក្នុងហេតុការណ៍ បានចេញមុខសុំទោស ដោយពួកគេបានបកស្រាយថា ខ្លួនមានចេតនាធ្វើវីដេអូឃ្លីបនេះឡើង ក្នុងគោលបំណងកម្សាន្តនៅលើបណ្តាញសង្គមតែប៉ុណ្ណោះ ហើយមិនមានចេតនាធ្វើរឿងនេះឡើង រហូតធ្វើឲ្យផលប៉ះពាល់ធ្ងន់ធ្ងរបែបនេះទេ។
ម្ចាស់ឃ្លីបវីដេអូ ក៏បាននិយាយថា “យើងមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការធ្វេសប្រហែសរបស់យើង”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង