កំពតៈ អ្នកភូមិបានប្រទះឃើញសពយុវជនម្នាក់ក្បែរវិទ្យាល័យហ៊ុន សែនព្រែកត្នោត ស្ថិតក្នងភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ រសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្រោយចុះពិនិត្យសាកសព សមត្ថកិច្ចសន្និដានថាជាករណីឃាតកម្ម រួចឈានទៅឃាត់ខ្លួនជនសង្ស័យបីនាក់ដើម្បីសាកសួរ។
លោកម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានប្រាប់ឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះមិត្ត រតនៈ អាយុ ១៨ឆ្នាំ មានទីលំនៅភូមិព្រៃតុម្ព ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។ លោកស្នងការបានបញ្ជាក់ឱ្យដឹងថាកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ អ្នកភូមិបានប្រទះឃើញសពយុវជនម្នាក់ស្ថិតនៅក្បែរវិទ្យាល័យហ៊ុន សែនព្រែកត្នោត ក្នុងភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ។ ក្រោយពីទទួព័ត៌មានភ្លាមៗ សមត្ថកិច្ចបានចុះដល់គោលដៅ និងពិនិត្យឃើញថាសពត្រូវគេសម្លាប់ដោយអារក។
តាមរយៈការស្រាវជ្រាវបន្ទាប់ពីភាពភ្ញាក់ផ្អើលនោះសមត្ថកិច្ចបានដឹងថា យុវជនរូបនោះបានបាត់មិនឃើញចូលផ្ទះតាំងពីយប់បន្ទាប់ពីដើរលេងជាមួយមិត្តភក្តិបីទៅបួននាក់។ ផ្អែកលើការបំភ្លឺបែបនោះ នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកាដដែលនេះ សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនជនសង្ស័យបីនាក់ដើម្បីសាកសួរពាក់ព័ន្ធហេតុការណ៍ខាងលើ៕ ដោយ និរតី