បុរសម្នាក់ត្រូវបានគេចាប់ខ្លួន បន្ទាប់ពីត្រូវបានចោទប្រកាន់យកដៃ «ស្ទាបគូទ» នារីអ្នកបម្រើសិចស៊ីដ៏ក្លាហានម្នាក់ ដែលបានបញ្ចេញកំហឹងភ្លាមៗ ចាប់ជនកំហូចរូបនេះបោកផ្ទួលផ្ទប់នឹងជញ្ជាំង និងតុអាហារ ខណៈរូបគេកំពុងដើរកាត់ពីខាងក្រោយនាងដី ។
ប៉ុន្តែ ជនរូបនេះមានឈ្មោះថា Ryan Cherwinski ដែលបានចូលទៅញ៉ាំអាហារក្នុងភោជនីយដ្ឋាននោះ ជាមួយមិត្តស្រីរបស់គាត់ដែលជាម្តាយនៃកូនស្រីភ្លោះ១គូ បានអះអាងថា វាជាឧបទ្ទវហេតុមួយមួយ ដោយនិយាយថា គាត់កំពុងព្យាយាមយកយកដៃ «ញែក» នារីអ្នកបម្រើឈ្មោះ Emelia Holden អាយុ ២១ ឆ្នាំ ចេញ ដើម្បីបើកផ្លូវដើររបស់គាត់ប៉ុណ្ណោះ ។
ទោះយ៉ាងណាក៏ដោយ ឥឡូវនេះ គាត់កំពុងប្រឈមពីបទបៀតបៀនកេរ្តិ៍ខ្មាស់ បន្ទាប់វីដេអូកាមេរ៉ាសុវត្ថិភាពពីភោជនីយដ្ឋាន Vinnie Van Go-Go’s ត្រូវបានបញ្ចេញ ។
វីដេអូបានបង្ហាញ នាង Emelia បានស្ទុះដេញតាម Cherwinski ដែលកំពុងមានរួមរស់ជាមួយមិត្តស្រីរបស់គាត់អស់រយៈពេល ១១ ឆ្នាំ មកហើយ និងចាប់គាត់គ្រវែងផ្ទប់នឹងជញ្ជាំងតែម្តង ។
ប៉ូលីស Savannah បានចោទប្រកាន់ជនកំហូចអាយុ ៣១ ឆ្នាំ រូបនេះ ដែលរស់នៅក្នុងរដ្ឋ Florida ជាមួយបទល្មើសព្រហ្មទណ្ឌបៀតបៀនផ្លូវភេទ ។
អ្នកគ្រប់គ្រងភោជនីយដ្ឋានលោក Rob Gitten បាននិយាយថា យើងទាំងអស់គ្នាមានមោទនភាពចំពោះនាង ។ ចំណែកមេធាវីរបស់ Cherwinski លោក Tina Marie Hesse បានបដិសេធធ្វើអត្ថាធិប្បាយនោះទេ ។
គួររម្លឹកឡើងវិញថា ហេតុការណ៍ដ៏ហួសចិត្តនេះបានកើតឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ។
នាង Emelia បាននិយាយថា៖ «ខ្ញុំគ្រាន់តែធ្វើនូវអ្វីដែលខ្ញុំគិតថាជាវិធីដ៏ល្អបំផុត ។ ខ្ញុំបានផ្តួលបុរសនោះ ហើយមិត្តភក្តិរួមការងាររបស់ខ្ញុំ ក៏បានហៅប៉ូលីសទៀតផង» ។
នាងបន្ថែមថា៖ «អ្វីៗទាំងអស់ដែលខ្ញុំបានធ្វើ សម្រាប់បទពិសោធន៍របស់ខ្ញុំមួយនេះ គឺក៏ដើម្បីសម្រាប់ស្ត្រីគ្រប់ៗរូបបានដឹងថា វាគ្មានជាបញ្ហានោះទេ ដើម្បីក្រោកឈរដោយខ្លួនឯង ។ អ្នកគ្រប់គ្នាមានសិទ្ធិក្នុងការស្លៀកពាក់នូវអ្វីដែលអ្នកចូលចិត្ត ហើយអ្នកភាគច្រើនប្រាកដណាស់មានសិទ្ធិការពារខ្លួនឯងផងដែរ» ។
សកម្មភាពដ៏ក្លាហានរបស់ Emelia ចាប់តាំងពីពេលនោះមក បានរីករាលដាលនៅលើបណ្តាញសង្គម ហើយនាងក្រោយមក បានសរសេរនៅលើហ្វេសប៊ុកថា៖ «អ្វីដែលបានធ្វើគឺធ្វើហើយ! គាត់សមនឹងទទួលនូវអ្វីដែលគាត់បានប្រព្រឹត្តមិនល្អ ហើយខ្ញុំគ្រាន់តែព្យាយាមដើម្បីជីវិតរបស់ខ្ញុំប៉ុណ្ណោះ» ៕ ចន្ទី (metro)