បុរសម្នាក់និងស្ត្រីម្នាក់ ដែលគេជឿថាជាប្តីប្រពន្ធ បានមកញ៉ាំអាហារទាំងព្រឹកព្រលឹមអុរ និងបានកុម្ម៉ង់មុខម្ហូបវេចខ្ចប់អស់មិនចេះតិច រួចគេចខ្លួនមិនបង់វិក័យបត្រ ហើយឥឡូវនេះភោជនីយដ្ឋាន កំពុងស្វែងរកអ្នកទាំងពីរទាំងអស់សង្ឃឹម។
យោងតាម Asia One ហេតុការណ៍ដ៏ហួសចិត្តនេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅភោជនីយដ្ឋាន Lao You Ji Fishhead Steamboat and Seafood និងCafe ដែលមានទីតាំងនៅផ្លូវ 245 Outram ប្រទេសសិង្ហបុរី។
នារីបម្រើការម្នាក់ឈ្មោះ Chen Wei (អាយុ 38 ឆ្នាំ) បានប្រាប់ Shin Min Daily News ថា ប្តីប្រពន្ធនោះបានចូលភោជនីយដ្ឋាននៅម៉ោង ៤ និង ៤៥ នាទីទៀបភ្លឺ ជាពេលម៉ោងដែលភោជនីយដ្ឋានជិតបិទហើយ ព្រោះអាជីវកម្មមួយនេះ បើកពីម៉ោង ៥ ល្ងាចដល់ម៉ោង ៤ ព្រឹកតែប៉ុណ្ណោះ។
Chen បាននិយាយថា ប្តីប្រពន្ធនេះបានកុម្ម៉ង់មុខម្ហូបសំខាន់ៗរបស់ហាង រួមមាន៖ ត្រីចំហុយបែបហុងកុង Turbo Fish ពងចៀន, មាន់ចំហុយ, ពងត្រីចំហុយ ។ បើយោងតាមរូបភាពមីនុយមុខម្ហូបរ នោះត្រីទួរប៊ីន (ដូចត្រីអណ្តាតឆ្កែ) ទម្ងន់១គីឡូក្រាម មានតម្លៃ ២០៨ ដុល្លារសិង្ហបុរី (ប្រហែល ១៥០ ដុល្លារ) ។
ប្តីប្រពន្ធនេះក៏បានកុម្ម៉ង់បាយ និងភេសជ្ជៈ២កំប៉ុង ដោយគិតជាទឹកប្រាក់សរុបទាំងអស់ចំនួន ២៤៥.៦០ SGD (ស្មើនឹង ១៨០ ដុល្លារ)។
ម៉ោងធ្វើការត្រូវបានបញ្ចប់ ប៉ុន្តែ Chen និងចុងភៅ ១ នាក់ បុគ្គលិក ១នាក់ទៀត នៅតែត្រូវធ្វើការបន្ថែមម៉ោង ដើម្បីបម្រើអាហារថ្ងៃត្រង់។
អ្នកស្រី Chen បាននិយាយថា «ក្រោយហូបបាយជិតមួយម៉ោង ប្តីប្រពន្ធមួយគូនេះ មិនអាចញ៉ាំអាហារដែលកុម្ម៉ង់បានទាំងអស់ទេ ហើយបានសុំឱ្យបុគ្គលិកវេចខ្ចប់ ដើម្បីយកទៅផ្ទះ។ នៅពេលនោះ មិត្តរួមការងារម្នាក់ទៀតបានសុំឱ្យខ្ញុំវេចខ្ចប់វា ខ្ញុំគិតថាប្តីប្រពន្ធនេះបានបង់ប្រាក់រួច ខ្ញុំក៏ដាក់ប្រអប់វេចខ្ចប់នៅលើតុ ហើយពួកគេក៏យកវាចេញ ឡើងជិះតាក់ស៊ីពណ៌លឿងទៅបាត់តែម្តង»។
យោងតាមវីដេអូដែលថតបានដោយកាមេរ៉ាឃ្លាំមើលរបស់ភោជនីយដ្ឋាននេះ គូស្នេហ៍មួយគូ (ដែលគេជឿថាមានអាយុ ៤០ ឆ្នាំ) បានជជែកគ្នាយ៉ាងសប្បាយរីករាយ ហើយមើលទៅហាក់ដូចជាស្ងប់ស្ងាត់ណាស់។
ដោយសារតែអតិថិជនមិនបានបង់វិក្កយបត្រ អ្នកស្រី Chen គ្មានជម្រើសអ្វីក្រៅពីបង់ប្រាក់ចេញពីហោប៉ៅខ្លួនឯង។ Chen បាននិយាយទាំងខឹងថា «ប្រាក់ខែរបស់ខ្ញុំប្រចាំខែត្រឹមតែ 1,800 SGD ជាមួយនឹងការចំណាយសព្វគ្រប់យ៉ាង។ ហេតុនេះ ចំនួននេះ គឺមិនតូចទេសម្រាប់ខ្ញុំ ខ្ញុំសង្ឃឹមថាពួកគេអាចត្រឡប់មកវិញ ហើយបង់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
Chen ក៏បានឲ្យដឹងថា នេះជាលើកទីមួយហើយ ដែលនាងបានជួបអតិថិជនបែបនេះ បន្ទាប់ពីធ្វើការនៅភោជនីយដ្ឋានបានមួយឆ្នាំ។ នាងបាននិយាយថា អតិថិជនពីមុនប្រហែលជាភ្លេចបង់ប្រាក់ ប៉ុន្តែពួកគេបានទូរស័ព្ទទៅភោជនីយដ្ឋានដើម្បីផ្ទេរប្រាក់តាមរយៈ PayNow។ Chen បានចែករំលែកថា ដំបូងឡើយ នាងខ្លាចមិនហ៊ានប្រាប់ថៅកែអំពីរឿងនេះ ព្រោះនាងបារម្ភថា ថៅកែមិនសប្បាយចិត្ត ប៉ុន្តែដោយសារតែលុយមានច្រើនសម្រាប់នាង ទើបនាងបង្ខំចិត្តនិយាយដើម្បីរំពឹងថាប្តីប្រពន្ធនឹងនឹងត្រឡប់មកសងវិញ។
នាងបានបន្ថែមថា ម្ចាស់ភោជនីយដ្ឋានបានដឹងអំពីរឿងនេះ ហើយនឹងចាត់វិធានការចាំបាច់ ប្រសិនបើប្តីប្រពន្ធនេះមិនមកដោះស្រាយការទូទាត់។
Chen បាននិយាយថា ដើម្បីជៀសវាងកំហុសបែបនេះនៅពេលអនាគត នាងនឹងរង់ចាំអ្នកញ៉ាំអាហារ រហូតទូទាត់វិក្កយបត្រ ទើបនាងបន្តធ្វើអ្វីៗផ្សេងទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង