យោងតាម Utusan សមាជិកគណៈកម្មាធិការ Masjid A’ala នៅក្នុងប្រទេសម៉ាឡេស៊ី លោក Mat Khair Ishak បាននិយាយថា ទ្វារនៅលើច្រកចូលទាំងអស់ទៅកាន់វិហារឥស្លាម គឺមិនដែលត្រូវបានចាក់សោនោះទេ ដើម្បីបង្កភាពងាយស្រួលដល់មនុស្សក្នុងការចេញចូល។
លោកបានមានប្រសាសន៍ថា៖ «មនុស្សមានសេរីភាពក្នុងការចូលទៅបន់ស្រន់ ឬប្រើប្រាស់សម្ភារៈបរិក្ខារដូចជាបង្គន់អនាម័យ ព្រោះទីតាំងវិហារឥស្លាម ស្ថិតនៅខាងផ្លូវធំ Alor Setar-Sungai Petani»។
លោក Mat Khair បានបន្តថា ដោយសារញឹកញាប់នៃការលួចលុយពីប្រអប់នោះ អ្នកគ្រប់គ្រងប្រមូលលុយទាំងអស់ក្នុងប្រអប់ជារៀងរាល់ថ្ងៃ ដើម្បីរក្សាសុវត្ថិភាព ហើយគាត់បាននិយាយថា គាត់បានដឹងពីហេតុការណ៍ចុងក្រោយនេះ បន្ទាប់ពីរកឃើញថាប្រអប់មួយត្រូវបានបានផ្លាស់ប្តូរពីទីតាំងដើមរបស់វា។
លោក Mat Khair បានឲ្យដឹងថា «ជាធម្មតា ប្រអប់ត្រូវបានដាក់នៅច្រកចូលសំខាន់នៅខាងក្នុងវិហារ ប៉ុន្តែនៅពេលដែលខ្ញុំទៅដល់វិហារ ខ្ញុំបានរកឃើញថា វាស្ថិតនៅក្នុងផ្នែកអធិស្ឋានរបស់ស្ត្រី ដែលបណ្តាលឱ្យមានការសង្ស័យជាខ្លាំង»។
លោកបានបន្តថា៖ «បន្ទាប់មកយើងពិនិត្យមើល CCTV ស្រាប់តែបានរកឃើញថា នេះគឺជាទង្វើរបស់បុរសនិងស្ត្រីម្នាក់ដែលចូលវិហារ ដើម្បីលួចលុយ»។
ជាក់ស្តែង នៅក្នុងវីដេអូបានបង្ហាញ ប្តីប្រពន្ធមួយគូនោះ បានមកវិហារជាមួយនឹងម៉ូតូ មុនពេលស្រ្តីជាប្រពន្ធប្តូរសម្លៀកបំពាក់ ហើយចូលទៅក្នុងផ្នែកអធិស្ឋានរបស់ស្ត្រី ខណៈដែលបុរសជាប្តីបានរើប្រអប់ពីខាងក្រៅចូលទៅក្នុងផ្នែកនារី។
លោកបានបន្តថា៖ «ស្ត្រីជាប្រពន្ធត្រូវបានឃើញប្រើឧបករណ៍កាត់ដែកតូច ដើម្បីបើកប្រអប់ ប៉ុន្តែមិនបានលុយទេ ដោយសារយើងបានយកលុយរួចហើយ មុនមករក្សាទុកសម្រាប់ការបរិច្ចាគ»។ វីដេអូក៏បានបង្ហាញបុរសជាប្តីបានទៅបើកប្រអប់បរិច្ចាគផ្សេងទៀត ប៉ុន្តែ ក៏ពុំមានលុយនៅក្នុងនោះដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង