កាលពីពេលថ្មីៗនេះ កម្មករសំណង់ពីរនាក់នៅក្នុងប្រទេសចិន ត្រូវបានចាប់ខ្លួន បន្ទាប់ពីអាជ្ញាធរក្នុងតំបន់បាននិយាយថា ពួកគេបានធ្វើសកម្មភាព «ឈូសឆាយ» ផ្នែកមួយនៃមហាកំផែងរបស់ប្រទេស ជាមួយនឹងអេស្កាវ៉ាទ័រ ដែលបន្សល់ទុកចន្លោះចំហរដ៏ធំ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ China Daily បានឱ្យដឹងថា អ្នកទាំងពីរជាបុរសអាយុ ៣៨ ឆ្នាំ និងស្ត្រីអាយុ ៥៥ ឆ្នាំម្នាក់ មកពីម៉ុងហ្គោលី បានបង្ក «ការខូចខាតដែលមិនអាចត្រឡប់វិញបាន» នៅពេលដែលពួកគេបានប្រើប្រាស់ឧបករណ៍សំណង់ ដើម្បីពង្រីកគម្លាតដែលមានស្រាប់ និងបង្កើតជាទំហំធំ ធ្វើជា «ផ្លូវកាត់» សម្រាប់ពួកគេងាយស្រួលចេញចូល។
បន្ទាប់ពីមានការជូនដំណឹងអំពីការខូចខាតជញ្ជាំង ប៉ូលីសក្នុងខេត្ត Shanxi បានដើរតាមគន្លងដែលបន្សល់ទុកដោយអេស្កាវ៉ាទ័រ ត្រង់ទៅកាន់ទីតាំងជនសង្ស័យទាំងពីរ ដែលទីបំផុតបានសារភាពថា បានពង្រីកគម្លាតដែលមានស្រាប់នៅក្នុងមហាកំផែង ដើម្បីអោយអេស្កាវ៉ាទ័ររបស់ពួកគេឆ្លងកាត់។ ការខូចខាតជញ្ជាំងត្រូវបានគេពណ៌នាថាជា ‘មិនអាចជួសជុលបាន’ ទេ។
មន្ត្រីអនុវត្តច្បាប់បានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ និងបានរកឃើញថា ផ្នែកនៃកំផែងដែលគេជឿថា ត្រូវបានសាងសង់ក្នុងរាជវង្ស Ming រវាងសតវត្សទី១៤ និង១៧ ត្រូវបាន “ឈូសឆាយនិងខូចខាតដោយគ្រឿងចក្រខ្នាតធំ”។
ចាប់តាំងពីពេលនោះមក អ្នកទាំងពីរត្រូវបាននាំខ្លួនទៅស៊ើបអង្កេត ហើយត្រូវចោទប្រកាន់ពីបទបំផ្លាញសម្បត្តិវប្បធម៌៕ រក្សាសិទ្ធិដោយ៖ លឹម ហុង