ក្នុងរយៈពេលប្រមាណ ៣៥នាទីប៉ុណ្ណោះ ស្ត្រីរូបនេះបានពង្រាយលុយជាង ១០លាន Won នៅតាមកំណាត់ផ្លូវចំនួន ១១ ផ្សេងៗពីគ្នា ។
តាម Nate ម៉ោងប្រមាណ 7 និង 30 នាទី ថ្ងៃទី ១៧ ខែកក្កដា ស្នងការប៉ូលិសនៅ Daegu Bukbu កូរ៉េខាងត្បូងបានទទួលព័ត៌មានថា ស្ត្រីម្នាក់កំពុងបាចលុយចេញពីកញ្ចក់រថយន្ត ខណៈពេលកំពុងបើកបររថយន្តទំនើប Hyundai Equus ពណ៌ខ្មៅ ចេញពីទីលានចតរថយន្តនៃមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ។
ស្ត្រីវ័យប្រមាណ ៤០ឆ្នាំរូបនេះ បានបើកបររថយន្តជុំវិញតំបន់នេះច្រើនដងចាប់ពីម៉ោង ៧និង ២៥នាទី ដល់ម៉ោងប្រហែល ៨និង៥០នាទី ហើយបានបាចលុយនៅ១១កន្លែង ផ្សេងគ្នាដូចជា Buk-gu, Dong-gu និង Seo-gu ។
សរុបលុយដែលនាងបានពង្រាយដល់ទៅ ១៥,៨លាន won (ជាង ១៥.០០០USD) ។ ក្រដាសប្រាក់ដែលមានប្រភេទ ១០០០ won , 5000won ហើយច្រើនបំផុតគឺ ៥០.០០០ won ។ សំណាងល្អដែលពលរដ្ឋពេលឃើញបែបនេះ បាននាំគ្នារើសរួចប្រគល់ឲ្យប៉ូលិស ។
តាមរយៈកាមេរ៉ារថយន្ត ផ្សេងទៀត ប៉ូលិសបានដឹងលេខរថយន្តរបស់នារីនោះ ហើយក៏បានទាក់ទងជាមួយអ្នកផ្ទះរបស់ស្ត្រីដែលមានកាយវិការចម្លឬកៗនេះ។ ពេលនោះទើបដឹងថា នាងមានឈ្មោះ Kang អាយុ ៥៤ឆ្នាំ មុនរស់នៅសេអ៊ូល ទើបមកកាន់ទីនេះ (Daegu) មិនយូរប៉ុន្មានជាមួយគ្រួសារ ។
នាង Kang ទើលែងលះប្រហែល ២ឆ្នាំ ហើយក៏កើតជំងឺផ្លូវចិត្ត ច្រើនមានសភាពសោកសៅ ។ ម្តាយរបស់នាងប្រាប់ថា នាងតែងមានបំណងចង់ឲ្យលុយគេឯង ហើយពុំបកស្រាយពីមូលហេតុសោះឡើយ ។
ថ្វីត្បិតនាងបាចលុយចោលតាមផ្លូវក្តី តែប៉ូលិសប្រាប់ថា នាងអាចទទួលយកលុយនេះវិញបាន ប៉ុន្តែបើនាងពុំព្រមទទួលទេ លុយនេះនឹងត្រូវបានរក្សាទុកក្នុងមូលនិធិសប្បុរសធម៌ ទុកជូនដល់អ្នកក្រីក្រលំបាក ៕ លីសា