នារីវ័យក្មេងម្នាក់ឈ្មោះ Xiaoli បានជួលបន្ទប់មួយក្នុងខេត្ត Zhejiang ប្រទេសចិន អស់រយៈពេល២ឆ្នាំ ប៉ុន្តែថ្មីៗនេះ ដោយសារតែសង្កេតឃើញមានសញ្ញាចម្លែកៗគួរឲ្យសង្ស័យ នាងក៏បានដំឡើងកាមេរ៉ានៅក្នុងបន្ទប់របស់នាង ហើយទីបំផុតបានដឹងថា ម្ចាស់ផ្ទះបានចូលបន្ទប់របស់នាងដោយគ្មានការអនុញ្ញាត ហើយមិនត្រឹមតែប៉ុណ្នឹងទេ បុរសជាម្ចាស់ផ្ទះនោះក៏បានយកខោអាវរបស់នាង យកទៅជូតប្រដាប់ភេទរបស់ខ្លួនដ៏រោគចិត្តបំផុត។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នៅវេលាម៉ោងប្រហែល ២ និង០០ នាទី រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ នារីឈ្មោះ Xiaoli ខណៈកំពុងធ្វើការនៅក្រុមហ៊ុនមួយ នៅពេលនោះនាងស្រាប់តែឮទូរស័ព្ទរបស់នាងរោទិ៍ ដែលរំឭកដល់នាងថា នេះជាសំឡេងរោទិ៍របស់កាមេរ៉ាដែលនាងបានដំឡើងនៅក្នុងបន្ទប់របស់នាង។ ភ្លាមៗនោះ នាងបានបើកទូរស័ព្ទដើម្បីពិនិត្យមើល ហើយក៏បានរកឃើញទិដ្ឋភាពដ៏គួរឱ្យភ័យខ្លាច។
នោះគឺជាខណៈពេលដែលបុរសជាម្ចាស់ផ្ទះ បានចូលក្នុងបន្ទប់នាង Xiaoli ដោយមិនសួរនាំមុន ហើយដើរត្រង់ទៅបង្អួចហាក់ដូចជាកំពុងស្វែងរកអ្វីមួយ។ បន្ទាប់មក បុរសជាម្ចាស់ផ្ទះនេះស្រាប់តែស្រាតខោចេញ រួចយក «ខោក្នុង» របស់នាងមកត្រដុសលើ “ផ្នែកខាងក្រោម” យ៉ាងស្រើបស្រាល។ សកម្មភាពនេះ គឺមានភាពប៉ិនប្រសប់ និងរហ័សរហួន ហាក់ដូចជាគាត់បានធ្វើវាជាច្រើនដង។
បន្ទាប់មក ម្ចាស់ផ្ទះបានក្រឡេកមើលកាមេរ៉ាដែល Xiaoli ទើបនឹងដំឡើងនៅជ្រុងផ្ទះ ក៏បានប្រញាប់ប្រញាល់ទាញខោឡើងយ៉ាងលឿន រួចចេញពីបន្ទប់វិញ។ បើទោះបីជាសកម្មភាពទាំងមូលបានចំណាយពេលប្រហែល ២ នាទីប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីពេលដឹងការពិត Xiaoli មិនអាចធ្វើអ្វីបានក្រៅពីមានអារម្មណ៍តក់ស្លុត និងភ័យខ្លាច។
Xiaoli ជឿជាក់យ៉ាងមុតមាំថា ម្ចាស់ផ្ទះធ្វើបែបនេះច្រើនជាងម្តង។ នាងបាននិយាយថា «ដោយសារតែកម្រាលព្រំដែលខ្ញុំដាក់នៅមាត់ទ្វារបន្ទប់ តែងតែរំកិលមិនច្បាស់ ដូច្នេះហើយទើបខ្ញុំសម្រេចចិត្តដំឡើងកាមេរ៉ា ហើយបានទទួលការភ្ញាក់ផ្អើលដ៏មិននឹកស្មានបែបនេះ»។
នាងបន្ថែមថា ម្ចាស់ផ្ទះមានអាយុជាង ៦០ ឆ្នាំ មានបន្ទប់ជួល៨បន្ទប់។ ជាធម្មតាគាត់មិនរស់នៅទីនេះទេ ប៉ុន្តែមកធ្វើម្ហូបស្ទើរតែរាល់ថ្ងៃ ហើយគាត់ក៏មានកូនសោរគ្រប់បន្ទប់ក្នុងករណីមានតម្រូវការ។ ទាក់ទងករណីនេះ ក៏មាននារីផ្សេងទៀតបានប្រាប់នាងថា ពួកគេបានឃើញមនុស្សរុញទ្វារពេលកំពុងងូតទឹក ហើយឥឡូវនេះពួកគេជឿជាក់ថា នេះគឺជាទង្វើដ៏អាក្រក់របស់ម្ចាស់ផ្ទះតែម្តង។
ក្រោយពី Xiaoli បានរាយការណ៍ប្រាប់ប៉ូលិស និងបង្ហាញឃ្លីបដែលដកចេញពីកាមេរ៉ាទុកជាភស្តុតាង ម្ចាស់ផ្ទះត្រូវបានកោះហៅមកប៉ុស្តិ៍ប៉ូលិស ហើយគាត់បានសារភាពពីទង្វើរបស់ខ្លួនយ៉ាងឆាប់រហ័ស ប៉ុន្តែចុងក្រោយ ត្រូវបានតុលាការសម្រេចឃុំខ្លួនតែ៦ថ្ងៃប៉ុណ្ណោះ និងពិន័យជាប្រាក់ 200 យន់ (ជិត ៣០ ដុល្លារ)។
Xiaoli ជឿជាក់ថា ការដាក់ទោសនេះស្រាលពេក ដោយសារតែនាងបានរងការខូចខាតផ្លូវចិត្តច្រើន ព្រោះនាងត្រូវ «ខ្មោច» នេះលងបន្លាច និងធ្វើឲ្យភ័យខ្លាចយ៉ាងខ្លាំង រហូតដល់មិនហ៊ានបិទភ្លើងពេលចូលគេង។ លើសពីនេះ នាងមិនទាន់បានទទួលសំណងណាមួយពីម្ចាស់ផ្ទះនោះទេ។
បច្ចុប្បន្ន Xiaoli បានដាក់ពាក្យប្តឹងទៅតុលាការ ដើម្បីការពារសិទ្ធិរបស់ខ្លួន ដោយសុំឱ្យម្ចាស់ផ្ទះសងសំណង និងទទួលទោសសមរម្យចំពោះទង្វើដ៏អសិលធម៌មួយនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង