កាលពីថ្ងៃទី៤ ខែសីហា កន្លងទៅនេះ នៅអាកាសយានដ្ឋានសៀងហៃ ប្រទេសចិន បុរសម្នាក់បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមអ្នកដំណើរទាំងអស់ដែលមានវត្តមាន ជាពិសេសបុរសរូបនេះបានមកដល់អាកាសយានដ្ឋាន ជាមួយនឹងវ៉ាលី និងស្លឹកឈើយក្សប្រវែង ១.២ ម៉ែត្រ នៅក្នុងដៃ ខណៈពេលកំពុងរង់ចាំឡើងយន្តហោះ។ បុរសនេះមិនត្រឹមតែកាន់ស្លឹកឈើដ៏ធំនេះយ៉ាងតឹងណែនប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏ហាក់បីដូចជាស្រឡាញ់វាខ្លាំងណាស់ ដូចជាវត្ថុមានតម្លៃ។
ពិតណាស់ គ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះទង្វើដ៏ចម្លែករបស់គាត់ ពេលដើរកាត់កន្លែងត្រួតពិនិត្យសន្តិសុខ ជាមួយដៃកាន់ស្លឹកឈើជាទីស្រលាញ់យ៉ាងថ្នាក់ថ្នម។ តែបើតាមបុគ្គលិកអាកាសយានដ្ឋាន បានឲ្យដឹងថា បុរសនេះបានទិញសំបុត្រយន្តហោះដាច់ដោយឡែកសម្រាប់ស្លឹកឈើរបស់គាត់ផងដែរ។ ទោះជាយ៉ាងណា ពួកគេក៏បានពិនិត្យស្លឹកឈើយ៉ាងប្រយ័ត្នប្រយែង មុននឹងអនុញ្ញាតឲ្យគាត់នាំវាឡើងយន្តហោះ។ ក្រោយពីបានឃើញ និងឮបែបនេះ មនុស្សជាច្រើនចំអកឱ្យបុរសរូបនេះថាជាមនុស្សឆ្កួត ដែលសុខចិត្តចំណាយលុយទិញសំបុត្រយន្តហោះត្រឹមតែស្លឹកឈើមួយអ៊ីចឹងសោះ។
អ្នកខ្លះថែមទាំង Comment ចំៗទៅបុរសរូបនេះថា អ្វីដែលគាត់កំពុងធ្វើ គឺពិតជាគួរឱ្យអស់សំណើចណាស់។ តែនៅពេលបានលេចឮគេនិយាយចំអកឲ្យបែបនេះ បុរសរូបនេះក៏បានឈរនៅកណ្តាលអាកាសយានដ្ឋាន ហើយប្រកាសថា៖ «ស្លឹកឈើនេះត្រូវបានមិត្តម្នាក់ផ្តល់ឱ្យខ្ញុំ។ គាត់ដឹងថាខ្ញុំជា ជាមនុស្សស្រលាញ់ស្លឹកឈើលម្អ ជាពិសេសប្រភេទរុក្ខជាតិកម្រ។ ពេលខ្ញុំមកលេង គាត់កាត់ស្លឹកនេះជាវត្ថុអនុស្សាវរីយ៍សម្រាប់ខ្ញុំ ខ្ញុំស្រលាញ់វាណាស់ ខ្ញុំចំណាយពេលវេលា និងលុយដើម្បីយកមកផ្ទះ ព្រោះវាជាលុយរបស់ខ្ញុំ? ខ្ញុំអាចធ្វើអ្វីៗតាមចិត្តបាន ដរាបណាវាមិនប៉ះពាល់ដល់នរណាម្នាក់»។ បន្ទាប់ពីលឺពាក្យទាំងនេះហើយ អាកាសយានដ្ឋានទាំងមូលក៏ស្ងាត់ឈឹង គ្រប់គ្នាមានអារម្មណ៍ថា ពាក្យទាំងនេះមានន័យ ហើយការពិភាក្សាអំពីគាត់ក៏ត្រូវបានបញ្ចប់។
អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនបានបញ្ចេញមតិនៅខាងក្រោមវីដេអូដែលបានចែករំលែកអំពីបុរសរូបនេះថា «ស្លឹកដែលបុរសនេះកំពុងកាន់នោះ គឺពិតជារុក្ខជាតិដ៏កម្របំផុតដែលមានឈ្មោះថា Anthurium Veitchii ឬហៅថា King of Anthuriums តម្លៃនៃស្លឹករបស់រុក្ខជាតិនេះអាចឡើងដល់ ៥០ ០០០ ដល់ទៅ 100,000 យន់ និងខ្ពស់ជាងនេះ។
Anthurium Veitchii ត្រូវបានគេស្គាល់ផងដែរថាជា King Anthurium គឺជារុក្ខជាតិអេពីភីដែលជាកម្មសិទ្ធិរបស់ genus Anthurium មានដើមកំណើតមកពីប្រទេសកូឡុំប៊ី អាមេរិកខាងត្បូង លក្ខណៈរបស់ដើមឈើនេះគឺស្លឹកពន្លូត មានផ្នត់ជាច្រើន ស្លឹកអាចមានទំហំ ២ ម៉ែត្រ នៅពេលដើមចាស់ទុំ។ ស្លឹក Anthurium Veitchii ពេញវ័យមានតម្លៃថ្លៃណាស់ ចាប់ពី ៧,០០០ ទៅ ១៥,០០០ ដុល្លារ/ស្លឹក។
Anthurium Veitchii គឺជារុក្ខជាតិដែលជារឿយៗ ត្រូវបានគេប្រៀបធៀបទៅនឹង “រាប់ស្លឹកនិងបង្កើតលុយ” ពីព្រោះចំនួនស្លឹក គឺជាភស្តុតាងនៃពេលវេលា និងការខិតខំប្រឹងប្រែងដែលអ្នកដាំដាក់ចូលទៅក្នុងពួកវា។
សំណើម និងសីតុណ្ហភាពត្រឹមត្រូវ គឺជាវិធីល្អបំផុតក្នុងការថែទាំរុក្ខជាតិ Anthurium Veitchii ដោយជោគជ័យ។ រុក្ខជាតិនេះសមស្របសម្រាប់ការលូតលាស់ក្នុងសីតុណ្ហភាពចាប់ពី 16-26°C ជាមួយនឹងសំណើមដែលទាក់ទង 70%។
ផ្ការបស់ Anthurium Veitchii មានពណ៌បៃតងស្លេក ឬពណ៌សក្រែម ហើយក្លិនដ៏ក្រអូបរបស់វា ក៏បានបន្ថែមភាពទាក់ទាញខ្លាំងផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង