ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ទឹកជំនន់នាពេលថ្មីៗនេះ បានធ្វើឲ្យបឹង Pengcun ក្នុងស្រុក Maoming ខេត្ត Guangdong ទឹកឡើងហៀរច្រាំង ដែលនាំឱ្យជន់លិច ហើយនេះជាឱកាសរបស់សត្វក្រពើ ក្នុងការរួចចេញពីទ្រុងកសិដ្ឋានចិញ្ចឹម។
យោងតាមសារព័ត៌មាន Hai Bao ដែលមានមូលដ្ឋាននៅក្នុងខេត្ត Shandong, សត្វក្រពើពេញវ័យយ៉ាងតិច ៦៩ ក្បាល និងកូន ៦ក្បាល កំពុងតែ «ដើរហើរ» នៅជិតភូមិអ្នកស្រុក ហើយប្រឈមមុខនឹងស្ថានភាពនេះ អាជ្ញាធរមូលដ្ឋាន ក៏បានជូនដំណឹងដល់អ្នកភូមិក្បែរនោះ ឱ្យនៅឆ្ងាយពីទឹក និងហាមនេសាទក្នុងទឹក និងសូមរាយការណ៍ពីករណីពិសេសណាមួយឱ្យបានទាន់ពេលវេលា។
សារព័ត៌មានប៉េកាំងបានរាយការណ៍ថា កងកម្លាំងសង្គ្រោះបន្ទាន់ ត្រូវបានគេដាក់ពង្រាយដើម្បីចាប់ក្រពើ ដែលរួចចេញទាំងនោះ ដោយប្រើឧបករណ៍រាវរកដោយសូណា។ ទោះជាយ៉ាងណា ដោយសារទឹកនៅតែជ្រៅ ដូច្នេះការស្វែងរកក្រពើត្រូវបានរារាំង។
ក្រុមការងាររួមមានអ្នកជំនាញសត្វដែលកំពុងចូលរួមក្នុងការបរបាញ់។ តែទោះជាយ៉ាងណា សមាជិកម្នាក់នៃសេវាសង្គ្រោះបន្ទាន់បាននិយាយថា ពួកគេប្រហែលជាត្រូវសម្លាប់សត្វក្រពើជាជាងចាប់ពួកវា។
វីដេអូដែលចែកចាយនៅលើបណ្តាញសង្គមចិន បង្ហាញសត្វក្រពើជាច្រើនក្បាល កំពុងសម្ងំលាក់ខ្លួននៅខាងក្រោយផ្លាកសញ្ញានៅលើផ្លូវលិចទឹកទាំងស្រុង ខណៈសមាជិកនៃសេវាសង្គ្រោះបន្ទាន់ បានពាក់មួកសុវត្ថិភាព និងអាវធំអង្គុយនៅលើទូកស្វែងរកក្រពើ។
ខ្សែវីដេអូមួយចំនួនក៏បង្ហាញពីសត្វក្រពើពីរបីក្បាល ត្រូវបានគេចាប់យកមកច្រាំងវិញ ហើយអ្នកស្រុកជាច្រើន ក៏បានមកមើលផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង