កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ គេហទំព័រ Mirror បានបញ្ចេញរឿងដ៏ភ្ញាក់ផ្អើលមួយពីប្រទេសចិន ដោយបញ្ជាក់ថា ថ្មីៗនេះមន្រ្តីគយនៅក្នុងប្រទេសចិន បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ដែលបានរត់ពន្ធសត្វល្មូនដោយខុសច្បាប់ ជាមួយសត្វម្យ៉ាងអម្បូរបង្គួយ ដែលនៅរស់ចំនួន១៦ក្បាល លាក់នៅក្នុង «អាវទ្រនាប់» ដែលពិតជាមិននឹកស្មានដល់។
យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា មន្ត្រីគយនៅកំពង់ផែ Futian ក្នុងទីក្រុង Shenzhen បានរកឃើញអ្នកដំណើរជាស្ត្រីម្នាក់កំពុងធ្វើដំណើរទៅទីក្រុងហុងកុង។ ប៉ុន្តែពេលស្រ្តីនោះទៅដល់ចំណុចត្រួតពិនិត្យ មន្ត្រីបានចាប់អារម្មណ៍ពីសភាពចម្លែករបស់នាង ខណៈស្លៀកសម្លៀកបំពាក់រលុងខុសពីធម្មតា។ ក្រោយពីមានការសង្ស័យ មន្រ្តីបានឃាត់ដំណើរស្រ្តី ដើម្បីធ្វើការឆែកឆេរ។
ក្រោយត្រួតពិនិត្យ មន្ត្រីបានរកឃើញក្នុងអាវទ្រនាប់របស់ស្ត្រីរូបនេះមានថង់សំណាញ់ចំនួន ៥ ដែលលាក់ទុក និងរបស់ផ្សេងទៀត។ ពេលបើកមើលឃើញមានសត្វដូចបង្គួយទាំងអស់ចំនួន១៦ក្បាល។ មន្រ្តីបានយកសត្វទាំងនោះចេញក្នុងកាបូប និងបន្ទាប់មកដាក់ពួកវានៅក្នុងធុងប្លាស្ទិកធំមួយ ដើម្បីរង់ចាំអ្នកជំនាញសត្វព្រៃ ចុះមកធ្វើការបន្តតាមនីតិវិធី។
បន្ទាប់មក សត្វដែលត្រូវបានរកឃើញទាំងនោះ ត្រូវបានគេស្គាល់ថាជា Sailfin Lizard, Sailfin Dragon ឬហៅថាបង្គួយទឹក វាស្ថិតនៅក្នុងក្រុមសត្វល្មូនស្រដៀងនឹងសត្វប្រកួត ដែលមានដើមកំណើតនៅឥណ្ឌូនេស៊ី និងហ្វីលីពីន។ ទំហំរបស់វាពួកវា គឺខុសគ្នា ឈ្មោលអាចមានប្រវែងរហូតដល់ទៅ 3.5 ហ្វីត ខណៈញីតូចជាង។ ជាធម្មតាពួកវារស់នៅក្បែរប្រភពទឹក។ ប៉ុន្តែជារឿយៗ ពួកវាត្រូវបានគំរាមកំហែងដោយការបាត់បង់ទីជម្រក និងការជួយដូរទៅក្រៅប្រទេស។
ក្រោយពីរូបភាពនៃករណីនេះ ត្រូវបានគេផ្សព្វផ្សាយតាមបណ្តាញសង្គម មនុស្សជាច្រើនបានរិះគន់យ៉ាងទូលំទូលាយ។ កាលពីខែមិថុនាកន្លងទៅនេះ ក៏មានហេតុការណ៍ស្រដៀងគ្នានេះផងដែរ ដែលមន្ត្រីគយកំពង់ផែបាននិយាយថា ស្ត្រីជនជាតិចិនម្នាក់ត្រូវបានចាប់ខ្លួន ពីបទរត់ពន្ធសត្វពស់រស់ចំនួនប្រាំក្បាលដែលលាក់នៅក្នុងខោក្នុងរបស់នាង។ ពស់ទាំងនោះមិនមានពិសទេ ហើយជាប្រភេទសត្វដែលពេញនិយមបំផុតនៅលើទីផ្សារសត្វចិញ្ចឹម៕ រក្សាសិទ្ធិដោយ៖ លឹម ហុង