Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាពអឺរ៉ុប ប្រកាសសង្គ្រាមពាណិជ្ជកម្ម ជាមួយនឹងមហាយក្សចិន

spot_img

ទីក្រុងប៊្រុចសែល៖ ក្រោយពេលរដ្ឋាភិបាលក្រុងប៉េកាំង បានព្រមានដល់ការស៊ើបអង្កេត ទៅលើការឧបត្ថម្ភធនរបស់រដ្ឋ នៅក្នុងក្រុមហ៊ុនរថយន្ដអគ្គិសនីរបស់ចិន រួចមក សហភាពអឺរ៉ុប បានប្រកាសដាក់តំបន់សេរីមួយនេះ ប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មជាមួយនឹងប្រទេសមហាយក្សអាស៊ីមួយនេះ។

សារព័ត៌មាន CNA មានមូលដ្ឋាន នៅក្នុងប្រទេសសិង្ហបុរី បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ថា លោកស្រី អើស៊ូលឡា វ៉ន់ ដ័រ ឡេយែន (Ursula von der Leyen) ប្រធានគណៈកម្មការអឺរ៉ុប កាលពីថ្ងៃពុធ (ទី១៣ ខែកញ្ញា ឆ្នាំ២០២៣) បានប្រកាស អំពីការស៊ើបអង្កេត ប្រឆាំងនឹងការឧបត្ថម្ភធន ដោយបានចោទប្រកាន់ដល់រដ្ឋាភិបាលក្រុងប៉េកាំង ពីបទរក្សាតម្លៃរថយន្តទាប ជាសិប្បនិម្មិត តាមរយៈការឧបត្ថម្ភធនដ៏ធំរបស់រដ្ឋ។ ស្របគ្នានេះសហភាពអឺរ៉ុប បានប្រកាសដាក់ប្លុកសេរីមួយនេះ ប្រឈមមុខនឹងហានិភ័យ នៃសង្គ្រាមពាណិជ្ជកម្ម ជាមួយនឹងមហាយក្សចិន។

សហភាពអឺរ៉ុប បានលើកឡើង កាលពីថ្ងៃសុក្រ (ទី១៥ ខែកញ្ញា ) ថា សេដ្ឋកិច្ចរបស់ប្លុកលោកសេរីមួយនេះ អាចរួចផុត ពីការសងសឹកណាមួយរបស់ប្រទេសចិន។ ការលើកឡើរបស់អឺរ៉ុប បានកើតឡើង ស្របពេលរដ្ឋាភិបាលក្រុងប៉េកាំង បានព្រមាន ថា ការស៊ើបអង្កេតរបស់ក្រុងប៊្រុចសែល លើការឧបត្ថម្ភធនរថយន្តអគ្គិសនីរបស់ចិន នឹងនាំឱ្យប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្ម ជាមួយនឹងមហាយក្សអាស៊ីមួយនេះ។

ការស៊ើបអង្កេតនេះ អាចមើលឃើញ ថា អឺរ៉ុប កំពុងតែព្យាយាមការពារដល់ក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប តាមរយៈការដាក់ពន្ធផាកពិន័យ លើរថយន្តទាំងណា ដែលប្លុកសេរីមួយនេះ ជឿ ថា រថយន្ដទាំងនោះ បានលក់ដោយអយុត្តិធម៌ នៅក្នុងតម្លៃទាប។ ប៉ុន្ដែត្រឹមតែរយៈពេលមួយថ្ងៃ ក្រោយការប្រកាសរបស់លោកស្រី វ៉ន ដ័រ ឡេយែន រួចមក ក្រសួងពាណិជ្ជកម្មចិន បានវាយបកទៅវិញ ដោយអះអាង ថា វិធានការរបស់សហភាពអឺរ៉ុប នឹងធ្វើឲ្យមានផលប៉ះពាល់ជាអវិជ្ជមាន ដល់ទំនាក់ទំនងសេដ្ឋកិច្ច និង ពាណិជ្ជកម្ម រវាងចិន និង សហភាពអឺរ៉ុប។

លោក ផាវឡូ ជេនទីឡូនី (Paolo Gentiloni) ស្នងការសេដ្ឋកិច្ចអឺរ៉ុប បានបញ្ជាក់ នៅមុនពេលកិច្ចប្រជុំរបស់ក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃតំបន់ចាយប្រាក់អឺរ៉ូ នៅទីក្រុង Santiago de Compostela (សាន់ទៀហ្គោ ដឺ ខំផូស្ដេឡា) ប្រទេសអេស្ប៉ាញ ថា«ខ្ញុំមានទំនុកចិត្តខ្លាំង ប៉ុន្តែយើងត្រូវតែដោះស្រាយបញ្ហានេះឱ្យបានហ្មត់ចត់បំផុត។ ខ្ញុំគិត ថា វាមិនមានហេតុផលជាក់លាក់ណាមួយ សម្រាប់ការសងសឹកនោះឡើយ។ ប៉ុន្តែការសងសឹក តែងតែអាចកើតមានឡើង»។

ការស៊ើបអង្កេតនេះ បានធ្វើឡើង ក្រោយពេលប្រទេសបារាំង ជំរុញឲ្យសហភាពអឺរ៉ុប ចាត់វិធានការឲ្យកាន់តែខ្លាំងឡើង ការពារដល់ឧស្សាហកម្មរបស់អឺរ៉ុប ប្រឆាំងនឹងការគំរាមកំហែង ដែលកំពុងតែកើនឡើង មកពីប្រទេសចិន និង សហរដ្ឋអាមេរិក។

លោក ប្រូណូ ឡឺ មែរ (Bruno Le Maire) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង បានការពារយ៉ាងខ្លាំក្លា ដល់កម្លាំងរបស់សហភាពអឺរ៉ុប ហើយគាត់បានច្រានចោល ចំពោះការចោទប្រកាន់ អំពីលទ្ធិគាំពារនិយមរបស់អឺរ៉ុប។

លោករដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង បានថ្លែងប្រាប់ដល់បណ្ដាញទូរទស្សន៍ Bloomberg (ប៊្លូមប៊ឺគ) កាលពីថ្ងៃសុក្រ (ទី១៥ ខែកញ្ញា) ថា «យើងមិនចាំបាច់ ត្រូវខ្លាចប្រទេសណាមួយនោះទេ។ យើងជាសហភាពអឺរ៉ុប… យើងជាទ្វីបសេដ្ឋកិច្ចដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក។ យើងមិននៅទីនេះ ដើម្បីបង្កឱ្យមានសង្រ្គាមពាណិជ្ជកម្មណាមួយ ជាមួយនឹងប្រទេសណានោះដែរ»។

ដោយឡែក ក្រុមមន្រ្ដីជំនាញ ជឿ ថា ចិន នឹងកាត់បន្ថយដៃគូប្រកួតប្រជែង នៅអឺរ៉ុប ប្រហែល ២០គរយ ហើយក្រុងប្រ៊ុចសែល ជឿ ថា សកម្មភាពនេះ អាចមកពីការអនុវត្តខុសច្បាប់។ ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំង បានអះអាង ថា ឧស្សាហកម្មរថយន្ដរបស់ចិន កំពុងតែទទួលបានអត្ថប្រយោជន៍ច្រើន ពីការវិនិយោគ។

នៅក្នុងការរត់ប្រណាំង ដើម្បីផលិតបច្ចេកវិទ្យាស្អាតបន្ថែមទៀតនោះ សហភាពអឺរ៉ុប កំពុងតែស្វែងរកគ្រប់មធ្យោបាយ ដើម្បីចៀសវាងកំហុសអតីតកាលរបស់ខ្លួន។ ប៉ុន្ដែនៅពេល រុស្ស៊ីបានធ្វើសង្គ្រាមឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នោះ ប្លុកសេរីមួយនេះ បានព្យាយាមស្វែងរកប្រភពថាមពលជំនួស ហើយបានចំណាយប្រាក់រាប់ពាន់លានអឺរ៉ូ នៅក្នុងការនាំយកផលិតកម្ម វិលមកជិតប្លុករបស់ខ្លួនវិញ។

នៅឆ្នាំ២០២៣នេះ លោកស្រី អើស៊ូលឡា វ៉ន់ ដ័រ ឡេយែន (Ursula von der Leyen) ប្រធានគណៈកម្មការអឺរ៉ុប បានដឹកនាំផែនការជាច្រើន រួមទាំងបទប្បញ្ញត្តិ ដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរបៃតង និង ធានាការផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ៗរបស់អឺរ៉ុប។ សហភាពអឺរ៉ុប នៅឆ្នាំនេះក៏បានយល់ព្រមលើកិច្ចព្រមព្រៀង សម្រាប់ការផលិតបន្ទះឈីបបន្ថែមទៀត នៅក្នុងទ្វីបរបស់ខ្លួន ដើម្បីផលិតសមាសធាតុចាំបាច់ សម្រាប់ទំនិញអគ្គិសនី។ ប៉ុន្តែក្រុងប្រ៊ុចសែល ក៏ប្រឈមមុខនឹងបញ្ហាជាច្រើន មកពីសម្ពន្ធមិត្តរបស់ខ្លួន នៅទូទាំងមហាសមុទ្រអាត្លង់ទិក ផងដែរ។

កាលពីឆ្នាំ២០២២ សហរដ្ឋអាមេរិក បានអនុម័តច្បាប់កាត់បន្ថយអតិផរណា តាមរយៈការឧបត្ថម្ភធន ចំនួន៣៧០ពាន់លានដុល្លារអាមេរិក ឆ្ពោះទៅរកការផ្លាស់ប្តូរថាមពលរបស់អាមេរិក រួមទាំងការលើកលែងពន្ធ សម្រាប់រថយន្តអគ្គិសនី ផលិតនៅសហរដ្ឋអាមេរិក ផងដែរ៕ រក្សាសិទ្ធដោយ ៖ សារាយSN

spot_img
×