ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្តញសង្គមហ្វេសប៊ុក ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈបានឃើញស្រ្តីជាអាជីវករលក់ដូរដែលមានទឹកចិត្តស្មោះត្រង់ម្នាក់ បានចែករំលែកពីករណីបោកប្រាស់ថ្មីដ៏គួរឲ្យព្រួយបារម្ភបំផុត ដែលជនមានគំនិតខូចបោកប្រាស់ បានយកលុយក្លែងក្លាយក្រដាស ១0000 ៛ (ស៊េរីចាស់) គិតជាទឹកប្រាក់ចំនួនជាង ៤០ ម៉ឺនរៀល ដែលធ្វើឲ្យគាត់ និងគ្រួសារស្លុតចិត្តយ៉ាងខ្លាំង។
តាមរយៈការ Live វីដេអូចែករំលែកឲ្យបងប្អូនបានឃើញស្តែងៗ ស្រ្តីអ្នកលក់រងគ្រោះ បានប្រាប់ឲ្យដឹងថា មានរថយន្ត១គ្រឿង (មិនបានចំណាំផ្លាកលេខ) បានមកទិញស្រាបៀរគាត់ចំនួន ១០ កេស ដោយឲ្យជាលុយខ្មែរក្រដាស ១០០០០ ៛ ទាំងអស់ រួចបានប្រញាប់ប្រញាល់បើកឡានចាកចេញយ៉ាងលឿន។ បន្ទាប់មក ដោយមានការសង្ស័យ គាត់ក៏បានពិនិត្យលុយ និងរកឃើញថាមានលក្ខណៈខុសប្លែកពីលុយពិត ហើយភ្លាមៗនោះ គាត់ក៏បានយកទឹកមកចាក់ធ្វើតេស្ត ដោយយកដៃត្រដុសចាប់ស្បូត ពុទ្ធោអើយ ស្រាប់តែផុយដូចក្រដាសធម្មតាត្រូវទឹកអ៊ីចឹង។
ក្រោយពីបានឃើញបែបនេះ គាត់ស្ទើរគាំងនិយាយមិនចេញនោះទេ និងបានហៅបងប្អូនអ្នកជិតខាងមកជួយពិនិត្យមើល ដែលធ្វើឲ្យម្នាក់ៗនាំគ្នាសម្តែងការហួសចិត្តយ៉ាងខ្លាំង។ ស្រ្តីអ្នកលក់ក៏បាននិយាយថា បើលុយក្រដាស១ម៉ឺនក្លែងក្លាយ ដូចលុយពិតៗបែបនេះ ជាពិសេសលុយធ្វើលក្ខណៈជាលុយចាស់ទៀតផងនោះ សួរថា បើយកទៅទិញ តើអ្នកលក់ណាមិនយកទៅ គឺច្បាស់ណាស់តែយកហើយ។
អ្វីដែលកាន់តែហួសចិត្តទៀតនោះ គឺថាលុយ ១០០០០៛ ក្លែងក្លាយទាំងនោះ ក៏ត្រូវបានពិនិត្យឃើញថា សុទ្ធតែមានលេខលុយកន្ទុយ ….54 ដូចគ្នាទាំងអស់ ដែលពិតណាស់ជនបោកប្រាស់បាន Scan លុយពិត [ចាស់] តែ១សន្លឹកប៉ុណ្ណោះ រួចបន្ទាប់មកបោះពុម្ព [Print Color] ចេញជាច្រើនសន្លឹក ដើម្បីឲ្យអ្នកលក់មើលទៅថាជាលុយពិត។
ទោះជាយ៉ាងណា ស្រ្តីអ្នកលក់ដែលរកស៊ីទៀងត្រង់ បាននិយាយថា គាត់មិនយកលុយទាំងនេះ ទៅបោកគេបន្តឡើយ តែសូមចែករំលែកករណីរបស់គាត់មួយនេះ ឲ្យបងប្អូន ជាពិសេអ្នកលក់ដូរដូចគ្នាមានការប្រុងប្រយ័ត្នខ្ពស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង