ពាក្យពេចន៍ «លាគ្នាចុងក្រោយ» ដែលអ្នកគ្រូម្នាក់នៅក្នុងប្រទេសវៀតណាម បានសរសេរសម្រាប់សិស្សស្រីជាទីស្រលាញ់ ដែលបានស្លាប់ក្នុងភ្លើងឆេះផ្ទះល្វែងតូច ក្នុងទីក្រុងហាណូយ បានធ្វើឲ្យអ្នករាល់គ្នានៅលើបណ្តាញសង្កម សម្តែងនូវក្តីអាណិតអាសូរជាពន់ពេកក្រៃ។
អ្នកស្រី Nguyen Khanh Chi គ្រូបង្រៀននៅវិទ្យាល័យ Huynh Thuc Khang (ហាណូយ) នៅតែមិនអាចទទួលយកការពិត ចំពោះកូនសិស្សស្រីរបស់នាងឈ្មោះ Pham Hoang Gia Linh (អាយុ ១៨ ឆ្នាំ) ដែលបានស្លាប់ក្នុងគ្រោះអគ្គីភ័យ នៃអាផាតមិនខ្នាតតូចមួយកន្លែង ស្ថិតនៅលើផ្លូវ Khuong Ha ស្រុក Thanh Xuan ។
សិស្សស្រីរងគ្រោះ Gia Linh ជាអតីតសិស្សថ្នាក់ទី12A8 ហើយទើបតែចូលរៀននៅសកលវិទ្យាល័យអប់រំ ដែលជាសាកលវិទ្យាល័យជាតិហាណូយ ទើបតែបាន ២ ថ្ងៃ ប៉ុណ្ណោះ។
នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកគ្រូ Khanh Chi បានសរសេរសំបុត្រដ៏រំជួលចិត្ត ទៅកាន់សិស្សស្រីជាទីស្រឡាញ់របស់នាង ដោយបានរៀបរាប់យ៉ាងដូច្នេះថា៖ ការរង់ចាំ ៥ ម៉ោង ដើម្បីដឹងថាកូននៅឯណា មន្ទីរពេទ្យណា ខ្ញុំបានត្រឹមតែបិទមុខហើយយំ វាពិតជាលំបាកណាស់សម្រាប់កូនមែនទេ លីញ? ទោះជាយ៉ាងណាក៏ដោយ យប់មិញភ្លើងបានយកកូនទៅបាត់ហើយ ម៉ាក់និងអ្នករាល់គ្នា តែងតែស្រឡាញ់ និងរាប់អានកូន! ត្រលប់ទៅពិភពសុបិននោះ កុំភ្លេចថែរក្សាសុខភាពរបស់កូន និងរីករាយចុះណ៎ា!»។
អ្នកស្រី Chi បន្តថា ដោយសារមនោសញ្ចេតនានៃស្រលាញ់ និងភាពស្និទ្ធស្នាលខ្លាំង ទើបតែងនិយាយថាជាម្តាយ និងកូន។ អ្នកស្រីក៏បានអធិប្បាយថា Gia Linh “សុភាពរាបសាណាស់ ច្រៀងពិរោះ និងរៀនពូកែ”។
តែជាអកុសលអ្វី នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ អ្នកស្រី Chi បានទទួលព័ត៌មានថា អគារអាផាតមិនខ្នាតតូចដែល Gia Linh រស់នៅត្រូវភ្លើងឆេះហើយ។ ភ្លាមៗនោះ អ្នកស្រីបានលើកទូរស័ព្ទទៅកាន់ Linh ហើយទូរស័ព្ទខលចូល ប៉ុន្តែ គ្មានការលើក។ ចិត្តរបស់គ្រូនៅពេលនោះ គឺប្រៀបដូចជាភ្លើងបានត្រឹមបន់ស្រន់ឲ្យសិស្សបានសុខប៉ុណ្ណោះ។
លុះដល់ព្រឹក អ្នកស្រី និងសិស្សានុសិស្សក្នុងក្លឹបសិល្បៈ (ដែល លីញ បានចូលរួមពេញមួយឆ្នាំនៅវិទ្យាល័យ) បានប្រញាប់ប្រញាល់ ទៅកាន់មន្ទីរពេទ្យយោធា ១០៣ ដើម្បីរង់ចាំលទ្ធផល។
អ្នកស្រី Chi បាននិយាយទាំងរំជួលចិត្តថា “នៅពេលនោះ ខ្ញុំគ្រាន់តែបន់ស្រន់ថា អ្នកដែលដេកនៅទីនោះ មិនមែនជាកូនរបស់ខ្ញុំទេ ប៉ុន្តែការពិតដ៏ឃោរឃៅ គឺកូនរបស់ខ្ញុំបានចាកចេញពីពួកយើងជារៀងរហូតហើយ”។
មុននោះ ថ្ងៃចូលរៀនដំបូង អ្នកគ្រូ Chi និងសិស្សស្រីជាទីស្រលាញ់បានឱបគ្នាយ៉ាងណែន។ Linh ក៏បានសន្យាថា នៅរៀងរាល់ឆ្នាំនៅថ្ងៃនេះ នាងនឹងត្រឡប់ទៅសាលាវិញ។ ប៉ុន្តែនៅយប់ថ្ងៃទី១២ ខែកញ្ញា អគ្គីភ័យបានឆាបឆេះការសន្យានេះ នាងមិនអាចទៅរៀនបានជារៀងរហូត។
អ្នកគ្រូ Chi បាននិយាយទាំងក្តុកក្តួលថា “កូនទើបតែចូលសាលាទេ កូនរៀននៅសាលាបានមួយថ្ងៃ ក្ដីស្រមៃរបស់កូនក្នុងជីវិតជាសិស្សដ៏ស្រស់ស្អាត ក៏រលត់ទៅ។ កូនគ្មានពេលជូនកាដូរទេ ម៉ាក់មានតែជូនពរឲ្យកូនក្លាយជាមនុស្សថ្មី កើតជាតិណាៗ សូមឲ្យកូនជួបម៉ាក់ទៀតណ៎ា!” ។
អ្នកគ្រូ Chi បានបន្ថែមថា សាលាបានកាត់ប្រាក់មួយចំនួនពីមូលនិធិទៅសួរសុខទុក្ខ លើកទឹកចិត្ត និងឧបត្ថម្ភដល់ក្រុមគ្រួសាររបស់ Gia Linh។ ទន្ទឹមនឹងនោះ សមាគមមាតាបិតា សិស្សានុសិស្សថ្នាក់ទី១២A៨ និងក្លឹបសិល្បៈនៃវិទ្យាល័យ Huynh Thuc Khang ក៏បានរៀបចំអំណោយ និងឧបត្ថម្ភជួយដល់សាច់ញាតិរបស់នាងផងដែរ។
នាយកសាលាបានមានប្រសាសន៍ថា “នេះគឺជាការបាត់បង់ដ៏ធំធេងសម្រាប់គ្រួសារ និងសាលា” និងបន្ថែមថា សហភាពយុវជនរបស់សាលាបច្ចុប្បន្ន កំពុងប្រមូលទឹកចិត្តសប្បុរសដើម្បីរួមដៃគ្នាជួយ និងជួយដល់គ្រួសាររបស់ក្មេងស្រីរងគ្រោះនេះ។ សាលាបានមកជួបជុំគ្នាដើម្បីសួរសុខទុក្ខ លើកទឹកចិត្ត និងចែករំលែកការឈឺចាប់ដល់ក្រុមគ្រួសាររបស់នាងផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង