ស្រ្តីជនជាតិចិនម្នាក់ បានធ្លាក់ចូលក្នុងជម្រោះកម្ពស់ ៤០ ម៉ែត្រ ស្លាប់យ៉ាងអាណោចអាធម បន្ទាប់ពីបានឡើងលើបង្កាន់ការពារហាមឃាត់ ដើម្បីរើសទូរស័ព្ទដែលបានជ្រុះនៅក្បែរមាត់ជ្រោះ ខណៈពេលនាងកំពុងថតរូប។ ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើងនៅទឹកធ្លាក់ Hou Xi ដ៏ល្បីល្បាញ ស្ថិតនៅក្នុងទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។
គេហទំព័រ CTWANT បានរាយការណ៍ឲ្យដឹងថា ស្ត្រីម្នាក់ដែលមានត្រកូល Li បានធ្វើដំណើរទៅកាន់តំបន់នោះនៅលើកំពូលទឹកធ្លាក់ ដែលមានស្ពានមួយសម្រាប់មើលទឹកហូរកាត់។ នាងបានទៅថតរូបនៅទីនោះ មុនពេលជ្រុះទូរសព្ទពីដៃ ធ្លាក់ចូលទឹកនៅកន្លែងមិនឆ្ងាយប៉ុន្មានក្បែរបង្កាន់ដៃ។
នៅលើស្ពានទឹកហូរកាត់ មានរនាំងការពារមិនខ្ពស់ពេកទេ ហើយមានការព្រមានហាមអ្នកទេសចរមិនឲ្យឡើងលើរបងនោះឡើយ។ ប៉ុន្តែស្ត្រីរូបនេះហាក់មានទំនុកចិត្តខ្លាំងពេក មិនគិតពីសុវត្ថិភាព នាងក៏បានឡើងផ្លោះរំលង ដើម្បីចុះទៅរើសទូរស័ព្ទរបស់នាងដោយគិតថាមិនមានរឿងអ្វីកើតឡើង។ ទោះជាយ៉ាងណា នាងស្រាប់តែបាត់បង់ការគ្រប់គ្រងទប់ជំហរ ហើយក៏រអិលធ្លាក់ចុះតាមលំហូរនៃទឹកជ្រោះពីកម្ពស់ ៤០ ម៉ែត្រ ទៅក្នុងទឹកជ្រៅខាងក្រោមដ៏រន្ធត់។
អ្នកជួយសង្គ្រោះក្នុងតំបន់ត្រូវបានជូនដំណឹងអំពីឧបទ្ទវហេតុនេះ ហើយប្រញាប់ប្រញាល់ទៅជួយ។ យោងតាមរបាយការណ៍ ក្រុមអ្នកជួយសង្គ្រោះបានធ្វើការជួយសង្គ្រោះក្នុងរយៈពេលយ៉ាងលឿនតិចជាងមួយនាទី។ ប៉ុន្តែវាយឺតពេលទៅហើយ ព្រោះទឹកនៅតំបន់នោះមានជម្រៅរហូតដល់ទៅ៨ម៉ែត្រ ចំណែកកន្លែងសពជនរងគ្រោះមានជម្រៅប្រហែល៣ម៉ែត្រ។ ក្រោយហេតុការណ៍នេះត្រូវបានគេផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយអនឡាញ វាបានក្លាយជាបញ្ហាដែលត្រូវបានពិភាក្សាយ៉ាងទូលំទូលាយ។
មនុស្សជាច្រើនបានបញ្ចេញមតិលើកឡើងដូចគ្នាថា “នាងបានស្លាប់ដោយសារការធ្វេសប្រហែស, នាងមិនទទួលខុសត្រូវចំពោះសុវត្ថិភាពផ្ទាល់ខ្លួនរបស់នាង ជាលទ្ធផលគឺជៀសមិនរួចពីសោកនាដកម្មបែបនេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង