ម្ចាស់ហាងកែសម្ផស្សមួយនៅថៃ បានចែករំលែករឿងមួយធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលស្ត្រីជនជាតិចិនម្នាក់ បានមកធ្វើសក់របស់នាង ដោយបាននាំយក «ជាងជំនិត» ផ្ទាល់ មកដំណើរការសក់ និងសម្ងួតសក់ រហូតបញ្ចប់ទាំងស្រុង ខណៈជាងហាងបានត្រឹមឈរមើលទាំងស្រឡាំងកាំង។ ប៉ុន្តែ ម្ចាស់ហាងបានប្រាប់ថា អតិថិជនចិនគួរឱ្យស្រលាញ់ ព្រោះបានបញ្ចប់ដោយបង់ប្រាក់ជូនធម្មតា។
នេះបើតាមគណនី TikTok ឈ្មោះ hughair.by.kannaran ដែលជាម្ចាស់ហាងកែសម្ផស្សមួយកន្លែងនៅតំបន់ Sai Mai ក្នុងប្រទេសថៃ បានបង្ហោះវីដេអូ និងភ្ជាប់ Caption យ៉ាងដូច្នេះថា “អតិថិជនចិននាំអ្នកបច្ចេកទេស (ជាង) មកធ្វើសក់នៅហាងខ្ញុំ សូមអនុញ្ញាតអោយខ្ញុំចែករំលែកទិដ្ឋភាពគួរឱ្យស្រលាញ់របស់អតិថិជន” និងបានបញ្ជាក់ថា ស្រ្តីជនជាតិចិនមកធ្វើសក់នៅហាងរបស់ខ្លួន ធ្វើឲ្យគាត់ និងជាងៗក្នុងហាងមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះស្រ្តី «គាត់បាននាំអ្នកបច្ចេកទេសមកធ្វើដោយខ្លួនឯង!»។
ម្ចាស់ហាងបានបង្ហើបបន្ថែមថា នៅពេលនោះ ជាងក្នុងហាងខ្លួនឯង បានក្លាយជាសិក្ខាកាម ពោលគឺចាប់ពីពេលចូលហាង ស្រ្តីរូបនោះបានឲ្យអ្នកបច្ចេកទេសរបស់គាត់កក់សក់ និងដំណើរការធ្វើសក់ទាំងស្រុង ខណៈជាងក្នុងហាងបានត្រឹមឈរមើល។ ខ្ញុំមិនដឹងថាត្រូវឆ្លើយតបយ៉ាងណាទេ ដោយសារតែអតិថិជនមិនអាចនិយាយភាសាអង់គ្លេសបាន គាត់និយាយតែភាសាចិន។
តែយ៉ាងណា ម្ចាស់ហាងបានបញ្ជាក់ថា គ្រប់គ្នាអាចយល់បានថា ការនៅជាប់នឹងអ្នកបច្ចេកទេស ឬក៏មានអ្នកបច្ចេកទេសផ្ទាល់ខ្លួន នោះពួកគេប្រហែលជាទុកចិត្តគ្នាជាង។ ដូច្នេះគាត់អង្គុយរង់ចាំមើលថានឹងមានបញ្ហាឬអត់? ប៉ុន្តែនៅទីបញ្ចប់មិនមានបញ្ហាអ្វីទេ។ អតិថិជនបាមបង់លុយទៅហាងដូចធម្មតា “មិនថាមានរឿងអ្វីកើតឡើង មិនថាអ្នកជួលអ្នកបច្ចេកទេសមកធ្វើដោយខ្លួនឯង ឬធ្វើអ្វីក៏ដោយ ខ្ញុំមិនខ្វល់ថាត្រូវបង់លុយភ្លាមៗទេ អតិថិជននោះពិតជាគួរឱ្យស្រលាញ់”។
ក្រោយពីបានឃើញបែបនេះ អ្នកនិយមលេងអ៊ីនធឺណិតបានបញ្ចេញមតិព្រោងព្រាតថា៖ ទៅខ្វល់អី ហាងខ្លួនឯងមានស្រាប់ គ្រាន់តែចាំប្រមូលលុយមិនស្រួល! គិតថាគាត់ជាអ្នកជួលឧបករណ៍យើងទៅ សំខាន់គ្រាន់តែ pay ហើយអ្នករួចរាល់ ហើយជាងក្នុងហាងក៏មិននឿយហត់ដែរ។
បន្ទាប់មក ម្ចាស់ហាងបានចូលមកឆ្លើយថា “អត់មានអីទេ ប៉ុន្តែ ពិតជាចម្លែក ព្រោះមិនដែលជួបករណីបែបនេះពីមុនមក”។ លោកក៏បានសង្កត់ធ្ងន់ថា “ជនជាតិចិនគួរឱ្យស្រលាញ់ណាស់”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង