ទីក្រុងណាននីង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ភោធបើកពិព័រណ៍ចិន-អាស៊ាន លើកទី ២០ ឆ្នាំ ២០២៣ ក្រោមប្រធានបទ «រួមគ្នាកសាងសហគមន៍មួយ ប្រកបដោយភាពសុខដុមនិង វាសនាតមួយ» នៅទីក្រុងណាននីង, សាធារណរដ្ឋប្រជាមានិតចិន, ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២៣។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអបអរសាទរចំពោះការប្រារព្ធខួបលើកទី ២០ នៃការ រៀបចំពិព័រណ៍ចិន-អាស៊ាន និង ខួបលើកទី ១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និង ផ្លូវ ។

ក្នុងបរិការណ៍សកលលោកដែលពោរពេញទៅដោយភាពមិនប្រាកដប្រជា ការរៀបចំ ពិព័រណ៍ចិន-អាស៊ាន លើកទី ២០ ពិតជាមានសារៈសំខាន់ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាង តំបន់ឱ្យកាន់តែស្អិតរមួត ប្រកបដោយភាពសុខដុម ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍប្រកប ដោយចីរភាព ។ ជាងនេះទៅទៀត ការណ៍នេះបានបង្ហាញឱ្យឃើញថាកិច្ចសហប្រតិបត្តិការរួម បញ្ចូលជាមួយនឹងការធ្វើពាណិជ្ជកម្មដោយសេរី និង បើកចំហ គឺជាវិថីតែមួយគត់ ដែលនាំមកនូវ សុខសន្តិភាព និង វិបុលភាពរួម យ៉ាងពិតប្រាកដ ។
សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា យើងមានកិច្ចសហប្រតិបត្តិការដ៏ប្រសើរជាមួយគ្នា តាមរយៈនិម្មាបនកម្មតំបន់ដែលដឹកនាំ ដោយអាស៊ាន ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន, កិច្ចព្រមព្រៀងអាសិប និង កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ជាច្រើនទៀត ។ នៅក្នុងក្របខណ្ឌទាំងអស់នេះ, ពិព័រណ៍នេះ គឺជាសកម្មភាពជាក់ស្ដែង ដែលបង្កើតបាននូវសហថាមភាព ក្នុងការជំរុញទំហំពាណិជ្ជកម្មអាស៊ាន- ចិន ឱ្យមានសន្ទុះកាន់តែខ្លាំងក្លាផងដែរ ។ យើងទាំងអស់គ្នាពិតជាមានមោទនភាព ដែលទំហំ ពាណិជ្ជកម្មអាស៊ាន-ចិន បានកើនឡើងដល់ ៧២២ ពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំមុន ។
នៅពេលដែលជំងឺកូវីដ-១៩ បានធ្វើឱ្យពិភពលោកចលាចល ចលនាទាំងឡាយរបស់ មនុស្សជាតិត្រូវបានធ្លាក់ចុះ, ប៉ុន្តែយើងបានឃើញដោយផ្ទាល់ថា រំហូរពាណិជ្ជកម្មទំនិញនៅត បន្តដំណើរការ ។ ក្នុងឆ្នាំ ២០២១ និង ២០២២ ពាណិជ្ជកម្មទំនិញបានកើនឡើងខ្ពស់ជាងកម្រិត មុនជំងឺកូវីដ-១៩ ផ្ទុះឡើងទៀត ដែលនេះបញ្ជាក់ពីតួនាទីដ៏សំខាន់នៃពាណិជ្ជកម្ម ក្នុងការធានា សន្តិសុខផ្នែកសង្គម-សេដ្ឋកិច្ចរបស់ប្រជាជនលើពិភពលោក ។

នៅពេលដែលវិបត្តិជំងឺរាតត្បាតបានថមថយទៅ, យើងកំពុងតែជួបប្រទះនឹងបញ្ហាប្រឈម ផ្សេងទៀត ដូចជា ការកើនឡើងនៃថ្លៃទំនិញយុទ្ធសាស្ត្រ, សន្តិសុខស្បៀង និង ផលប៉ះពាល់ពីការ ប្រែប្រួលអាកាសធាតុ ជាដើម ។ នៅត្រង់ចំណុចនេះ, ខ្ញុំចង់គូសរំលេចពីតួនាទីដ៏សំខាន់របស់ ពាណិជ្ជកម្ម ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមសកលទាំងឡាយនេះ ដើម្បីធានាថា ការពឹង ផ្អែកទៅវិញទៅមក និង សកលភាវូបនីយកម្ម គឺជាការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ។ ការធ្វើ ពាណិជ្ជមិនគួរត្រូវបានប្រើប្រាស់ជាអាវុធដែលបំផ្លាញដល់សន្តិសុខសេដ្ឋកិច្ចពិភពលោកនោះទេ ។
ក្នុងន័យនេះ, អាស៊ាន និង ចិន គឺជាតួអង្គដ៏សំខាន់ ដែលយើងអាចបង្ហាញឧទាហរណ៍ដល់ ពិភពលោកពីផលប្រយោជន៍ដែលកើតចេញពីការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដោយមិន ទោរទន់ទៅរកនិន្នាការគាំពារនិយម, ឯកតោភាគីនិយម ឬ គំនិតជាតិនិយមសេដ្ឋកិច្ច នោះទេ ។ ក្នុងទិសដៅខាងមុខ, អាស៊ាន និង ចិន ត្រូវខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និង ការពឹងពាក់គ្ន ទៅវិញទៅមកបន្ថែមទៀត តាមរយៈការបន្តបើកច្រកទីផ្សារ, ការពង្រឹងការតភ្ជាប់, ការពង្រឹងភាព- ធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់, ការពង្រឹងសមត្ថភាពផលិតកម្មតភ្ជាប់ទៅនឹងការផ្គត់ផ្គង់, ការពង្រឹងកិច្ច សម្រួលពាណិជ្ជកម្ម និង រួមគ្នាជំរុញសកម្មភាពវិនិយោគទៅវិញទៅមក ។ បន្ថែមពីនេះ យើងក៏ត្រូវ ពង្រឹងការគាំទ្រផ្នែកបច្ចេកទេស ជាពិសេសទាក់ទងនឹងអនុលោមភាពនៃលក្ខខណ្ឌទីផ្សារ និង តម្រូវការទីផ្សារ ដែលការគាំទ្រទាំងនេះអាចធានាបានថា ប្រទេសកំពុងអភិវឌ្ឍអាចទាញផល- ប្រយោជន៍បានដោយពិតប្រាកដពីការបើកចំហទីផ្សារ ដែលកើតចេញពីយន្តការពាណិជ្ជកម្មពហុ- ភាគី ។

បើតាមសុន្ទរកថារបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នៅក្នុងអាណត្តិថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា, ខ្ញុំសូមគូសបញ្ជាក់ពីការប្តេជ្ញាបន្តប្រឹងប្រែង កែលម្អបរិយាកាសធុរកិច្ច និង ការវិនិយោគ តាមរយៈការកាត់បន្ថយចំណាយធុរកិច្ច, និង បង្កើន ប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និង ឡូជីស្ទីក ក្នុងគោលបំណងដើម្បីលើកកម្ពស់ផលិតភាព ឆ្លើយ តបនឹងតម្រូវការរបស់វិនិយោគិនពីគ្រប់មជ្ឈដ្ឋាន ។
កម្ពុជាក៏សូមសម្ដែងនូវការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការសហការជាមួយរដ្ឋាភិបាលនៃប្រទេស នានាក្នុងតំបន់ និង វិស័យឯកជនពីគ្រប់ទិសទី ដើម្បីគាំទ្រសកម្មភាពពាណិជ្ជកម្ម ដែលអាចចូល រួមដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និង ពិភពលោក ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី






