ភ្នំពេញ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៥ – ជាទម្លាប់ក្នុងការដាំដុះរបស់កសិករខ្មែរមួយចំនួន បន្ទាប់ពីប្រមូលផលដំណាំរួច កសិករតែងធ្វើការដុតគល់ជញ្ជ្រាំងដែលនៅសល់លើវាលស្រែ ពីព្រោះវាជាវិធីងាយស្រួល និងរហ័សក្នុងការបោសសម្អាតសំណល់ ដើម្បីត្រៀមខ្លួនសម្រាប់ការដាំដុះនៅរដូវបន្ទាប់។ ប៉ុន្តែវិធីបែបនេះអាចមានផលប៉ះពាល់ដល់បរិស្ថាន និងនាំឱ្យបាត់បង់សារធាតុសរីរាង្គដ៏មានប្រយោជន៍សម្រាប់ការកែលំអជីជាតិដី។ ជាមួយនឹងការបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មអេកូឡូហ្ស៊ី (Agro-ecology) ដោយអង្គការវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) តាមរយៈគម្រោងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា កសិករបានយល់ដឹងអំពីផលប៉ះពាល់អវិជ្ជមាននៃការដុតគល់ជញ្ជ្រាំង និងចំបើងលើវាលស្រែ និងស្វែងយល់បន្ថែមអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់វា ដូចជា ការកែលម្អគុណភាពដីស្រែ ការបង្កើនជីសរីរាង្គ និងសម្រាប់ជាគម្របដីដាំដំណាំរបស់គាត់។
ក្រោមកិច្ចសហការរយៈពេល១៤ខែ ចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០២៤ មកនេះ អង្គការ CIRD បានផ្ដល់ការបណ្តុះបណ្តាលដល់កសិករប្រមាណ ២៥០ នាក់មកពីសហគមន៍ចំនួន ១០ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ លើបច្ចេកទេសកសិកម្មអេកូឡូហ្ស៊ី (Agro-ecology) និងការធ្វើកសិកម្មប្រកបដោយនិរន្តរភាព។ កម្មវិធីបណ្តុះបណ្តាលរួមគ្នានេះ ស្របគ្នាជាមួយគំនិតផ្តួចផ្តើម “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានដាក់ចេញឡើងក្នុងគោលបំណងលើកកម្ពស់ផលិតភាពកសិកម្មរបស់កសិករនៅប្រទេសកម្ពុជា ក៏ដូចជាលើកកម្ពស់គុណភាព សុវត្ថិភាព និងនិរន្តរភាពនៃផលិតផលអាហារកម្ពុជា។
ផ្នែកមួយនៃកម្មវិធី គឺការបណ្តុះបណ្តាលកសិករឱ្យដាំដំណាំគម្របដី ដែលជាដំណាំមិនមែនសម្រាប់ប្រមូលផល ប៉ុន្តែដាំដើម្បីការពារ និងពង្រឹងគុណភាពដី។ ដំណាំគម្របដី ជួយកាត់បន្ថយសំណឹកដី ធ្វើឱ្យដីកាន់តែមានជីជាតិ ជួយកំចាត់ស្មៅ និងរក្សាសំណើម។ តាមរយៈការដាំដំណាំគម្របដីបន្ទាប់ពីប្រមូលផល កសិករខ្មែរបានបង្កើនទិន្នផល កាត់បន្ថយការចំនាយ និងពង្រឹងសន្តិសុខស្បៀងរយៈពេលវែង។
លោកសួន ឡេង គឺជាកសិករខ្មែរមួយរូបពីខេត្តបាត់ដំបងដែលទទួលបានការរីកចម្រើនក្នុងផលិតកម្មកសិកម្មរបស់គាត់។ ដោយសារតែការបណ្ដុះបណ្ដាលអំពីដំណាំគម្របដីដែលលោកទទួលបានតាមរយៈកិច្ចសហការនេះ បានធ្វើឱ្យទិន្នផលដំណាំរបស់គាត់ និងជីវភាពគ្រួសាររបស់គាត់បានប្រសើរឡើង។
លោក សួន ឡេង បានថ្លែងថា៖ “ខ្ញុំទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីវគ្គបណ្តុះបណ្តាលនេះ។ ដោយសារតែខ្ញុំបានអនុវត្តតាមមេរៀន និងដំបូន្មានដែលបានបង្រៀនកន្លងមក ធ្វើឱ្យដំណាំខ្ញុំទទួលបានផលកាន់តែច្រើនជាងមុន។ ខ្ញុំកត់សម្គាល់ឃើញថា ដីរបស់ខ្ញុំរក្សាសារធាតុចិញ្ចឹមបានយូរ ដំណាំស្រូវរបស់ខ្ញុំលូតលាស់បានកាន់តែល្អ ហើយក៏មិនសូវមានសត្វល្អិត ដូចមុនផងដែរ។ ការដាំដំណាំគម្របដី បានផ្លាស់ប្តូររបៀបដែលខ្ញុំធ្វើកសិកម្ម ពោលគឺការធ្វើកសិកម្មរបស់ខ្ញុំកាន់តែមាននិរន្តរភាព និងផលិតភាពថែមទៀត។”
តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា អង្គការ CIRD បានរៀបចំកម្មវិធីបណ្តុះបណ្តាលស្តីពី ដំណាំគម្របដី។ កម្មវិធីបណ្តុះបណ្តាលនេះ រៀបចំឡើងដោយផ្អែកលើបទពិសោធន៍ និងលទ្ធផលនៃការសាកល្បងលើវាលស្រែកសិករផ្ទាល់ដែលបានអនុវត្តកន្លងមក ដោយគម្រោងអភិវឌ្ឍន៍កសិកម្មនៅប្រទេសកម្ពុជា។
លោក រ៉ាត រតនា ប្រធានកម្មវិធីអង្គការសៀដ មានប្រសាសន៍ថា៖ “តាមរយៈការគាំទ្ររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងបានជួយបង្កើនផលិតភាព និងទិន្នផលរបស់កសិករខ្មែរប្រមាណ ២៥០ នាក់។ កសិករទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យអនុវត្តបច្ចេកទេសសិកម្មប្រកបដោយនិរន្តរភាព ដែលជាបច្ចេកទេសដ៏ល្អសម្រាប់កសិករផ្ទាល់ ក៏ដូចជាផលិតផលរបស់គាត់ និងបរិស្ថាន។ កម្មវិធីបណ្តុះបណ្តាលនេះ ជួយកសាងប្រព័ន្ធកសិកម្មប្រកបដោយនិរន្តរភាព ដែលផ្ដល់អត្ថប្រយោជន៍ដល់កសិករក្នុងស្រុកសម្រាប់រយៈពេលជាច្រើនឆ្នាំតទៅមុខទៀត។”
លោក Andy Hewson អគ្គនាយកនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖ “ក្នុងឆ្នាំ២០២៣ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ចំណាយ ៧៥% នៃលទ្ធកម្មសរុបរបស់ខ្លួន ពោលគឺ ១៤២ លានដុល្លារអាមេរិក ទៅលើអ្នកផ្គត់ផ្គង់ក្នុងស្រុក។ ហើយមួយផ្នែកធំនៃការចំណាយនេះ គឺសម្រាប់ផលិតផលក្នុងស្រុកដែលយើងប្រើដើម្បីផលិតស្រាបៀររបស់យើង។ នេះគ្រាន់តែជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលជំរុញឱ្យក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា លើកកម្ពស់គំរូកសិកម្មប្រកបដោយនិរន្តរភាព ដែលនឹងផ្ដល់អត្ថប្រយោជន៍ដល់កសិករ និងប្រទេសកម្ពុជាសម្រាប់រយៈពេលជាច្រើនឆ្នាំតទៅមុខទៀត ដោយយោងតាមរបាយការណ៍ “ការរួមចំណែកសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣ របស់ហ៊ិននីគែននៅក្នុងព្រះរាជាណាចក្រកម្ពុជា។”
អំពី ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេនៅលើពិភពលោក ដែលជាក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនវិនិយោគឈានមុខនៅកម្ពុជាតាំងពីឆ្នាំ១៩៩៤។ ជាមួយគោលបំណងបង្កើតការរួបរួមគ្នាជាធ្លុងមួយ ដើម្បីជំរុញពិភពលោកមួយកាន់តែប្រសើររ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានម៉ាកយីហោស្រាបៀរចំនួន ៥ រួមមាន ស្រាបៀរ Heineken® ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ក្រុមហ៊ុនមាននិយោជិតប្រមាណ ៧០០នាក់ និងផ្តល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ៦៦,០០០នាក់នៅទូទាំងច្រវាក់ផលិតកម្មរបស់ខ្លួន។ តាមរយៈយុទ្ធសាស្ដ្រ «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្ដេជ្ញាចិត្ដចូលរួមនិរន្ដរភាពបរិស្ថាន និងព្រមទាំងសង្គម និងការទទួលទានដោយការទទួលខុសត្រូវ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វេបសាយ heinekencambodia.com។
អំពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD)
វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD) គឺជាអង្គការវិជ្ជាជីវៈក្រៅរដ្ឋាភិបាលមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយក្រុមអ្នកឯកទេសអភិវឌ្ឍន៍ជនបទមានជំនាញផ្នែកកសិកម្មដែលមានបេសកកម្មប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ជនបទក្នុងប្រទេសកម្ពុជាតាមរយៈការកសាងសមត្ថភាព សេវាកម្ម និងការគ្រប់គ្រងអាជីវកម្មកសិម្មដោយអង្គការកសិករ ដែលទាំងនេះនឹងគាំទ្រដល់ការធ្វើឱ្យជីវភាពនៅតាមជនបទប្រសើរឡើង និងឈានពីកសិកម្មសម្រាប់តែផ្គត់ផ្គង់គ្រួសារទៅជាសហគ្រាសកសិកម្មសម្រាប់ពាណិជ្ជកម្ម ដែលស្របជាមួយជីវចម្រុះ និងការអភិរក្សបរិស្ថាន។ CIRD ធ្វើការដោយផ្ទាល់ជាមួយអង្គការកសិករ (FO) និងសហគមន៍មូលដ្ឋានដើម្បីផ្តល់ការកសាងសមត្ថភាពលើផ្នែកបច្ចេកទេស និងការគ្រប់គ្រងក៏ដូចជាចំណេះដឹងបច្ចេកទេសផ្នែកកសិកម្មសមស្របដើម្បីធានាថា គ្រួសារ កសិករមានសមត្ថភាពលើកកម្ពស់គុណភាពជីវិត និងជីវភាពរបស់ពួកគាត់ ដើម្បីឈានទៅដល់ការសម្រេចបានស្វ័យភាពទាំងស្រុង។
Links to Cover Crop videos:
Episode 1: Sowing the Seeds of Sustainable Farming – Cover Crops
Episode 2: Farmers in Action – Real Experiences of Planting Cover Crops
Episode 3: Results That Matter – The Impact of Cover Crops

