Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបមុខសញ្ញាកាច់កម៉ូតូយ៉ាងសកម្ម ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ចំនួន២នាក់

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៦៖៣០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងជំនាញធ្វើការបង្ក្រាបជនសង្ស័យចំនួន២នាក់ ស្ថិតនៅត្រង់ចំណុចបន្ទប់ជួល ភូមិអរគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួច (កាច់កម៉ូតូ) កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៣៖៣០នាទីទាបភ្លឺ ស្ថិតនៅត្រង់ចំណុចបុរី H ផ្ទះលេខC01 ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ខាងលើមាន៖
១៖ឈ្មោះ គង់ សំរិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានបច្ចុប្បន្នផ្ទះជួល ភូមិអរគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
២៖ឈ្មោះ យូរ ប៊ុនរ៉ាក់ជាតិ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានមិនពិតប្រាកដ។

សំភារៈដកហូតមាន៖ ដែកសំប៉ែតមុខស្រួច រាងអក្សរ L (សម្រាប់កាច់កម៉ូតូ), សោរទីបលេខ៨, ដែកកែឆ្នៃ (សម្រាប់ឆ្កឹះសោរ) និងម៉ូតូចំនួន១គ្រឿង ម៉ាក yamaha ពណ៌ស ពាក់ស្លាកលេខ1DC-6297។

ក្រោយពីកម្លាំងជំនាញសួរចម្លើយជនសង្ស័យទាំង២នាក់ខាងលើរួច ជនសង្ស័យឈ្មោះ យូរ ប៊ុនរ៉ាក់ជាតិ បានសារភាពថាពិតជាបានធ្វើសកម្មភាពលួចម៉ូតូ ម៉ាក ហុងដា ប៊ីត ពណ៌ខៀវ ឆ្នាំផលិត២០១៨ នៅត្រង់ចំណុចបុរី H ផ្ទះលេខC01 ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី០១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាមួយឈ្មោះ ខ្លាញ់ (គេចខ្លួន) ប្រាកដមែន និងបានសារភាពបន្ថែមថា ពួកគេធ្លាប់ធ្វើសកម្មភាពលួចម៉ូតូចំនួន១គ្រឿងម៉ាក Suzuki Nex ពណ៌ទឹកប្រាក់ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ត្រង់ចំណុចមុខផ្ទះលេខ៣៦c ផ្លូវលេខ៤៧៦ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ចំណែកឈ្មោះ គង់ សំរិទ្ធ មិនបានចូលរួមធ្វើសកម្មភាពលួចម៉ូតូខាងលើនោះទេ ប៉ុន្តែឈ្មោះនេះ បានទៅជាមួយឈ្មោះ ខ្លាញ់ (គេចខ្លួន) ដើម្បីលក់ម៉ូតូដែលលួចបានខាងលើ។ បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×