Monday, January 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងរៀបចំដែនដី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងកាន់កាប់សំណង់មិនរៀបរយក្នុងបរិវេណដីគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានទីតាំងស្ថិតនៅភូមិ៣ សូមចូលរួមសហការជាមួយក្រុមការងារក្រសួង និងរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចុះពិនិត្យដោះស្រាយផលប៉ះពាល់នានាជាមួយបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់

ខេត្តព្រះសីហនុ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងកាន់កាប់សំណង់មិនរៀបរយក្នុងបរិវេណដីគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សូមចូលរួមសហការជាមួយក្រុមការងារក្រសួង និងរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចុះពិនិត្យដោះស្រាយផលប៉ះពាល់នានាជាមួយបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែមានការរីកចម្រើន។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់ សំណង់មិនរៀបរយក្នុងបរិវេណដីគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឱ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំ អភិវឌ្ឍន៍ និងសាងសង់ចំណតផែកុងតីន័រទឹកជ្រៅរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជា ៣ជំហាន គិតចាប់ពី ឆ្នាំ២០២៣ ដល់ឆ្នាំ២០៣០ ដោយប្រើប្រាស់ថវិកាកម្ចីសម្បទានពីរដ្ឋាភិបាលជប៉ុន។ គម្រោងអភិវឌ្ឍន៍នេះ មានគោលបំណង ដើម្បីបង្កើនសមត្ថភាពផែកុងតីន័រដែលអនុញ្ញាតឱ្យនាវាដឹកកុងតីន័រមានចំណុះផ្ទុករហូតដល់ ១៦០.០០០ DWT (១៥.០០០TEUs) ចេញ-ចូលដឹកជញ្ជូនពីកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅកាន់ពិភពលោក ដោយផ្ទាល់ និងគ្មានឧបសគ្គជម្រៅទឹកទៀតឡើយ។ កន្លងមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់តាំងក្រុមការងារសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ចុះពិនិត្យ វាស់វែង និងកំណត់អត្តសញ្ញាណ បងប្អូនប្រជាពលរដ្ឋដែលបានកាន់កាប់ដីនិងផ្ទះ ស្ថិតក្នុងតំបន់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតីន័រ រួចហើយ។

ទន្ទឹមនេះ ដើម្បីឱ្យផែនការអភិវឌ្ឍន៍គម្រោងសាងសង់ចំណតផែកុងតីន័រទឹកជ្រៅថ្មី អាចដំណើរការ ទៅបានសម្រេចតាមផែនការដែលបានគ្រោងទុក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំ ក្រុមការងារសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចុះពិនិត្យដោះស្រាយផលប៉ះពាល់នានាជាមួយបងប្អូន
ប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីយកទីតាំងដីនេះធ្វើការអភិវឌ្ឍទៅតាមផែនការរបស់រាជរដ្ឋាភិបាល។
ក្នុងន័យនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធទាំងអស់មេត្តាជ្រាប និងចូលរួមសហការជាមួយក្រុមការងារខាងលើ ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ដើម្បីរួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិយើងឱ្យកាន់តែមានការរីកចម្រើន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×