Monday, January 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងឥណ្ឌូណេស៊ី បានលើកឡើងអំពីទំនាក់ទំនងការទូត បន្តពង្រឹង និងពង្រីកលើគ្រប់វិស័យទាំងក្នុងក្របខណ្ឌរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបសំណេះសំណាល និងការជម្រាបលាពីឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមុខងារសាធារណៈ។

ផ្តើមចេញពីការស្វាគមន៍យ៉ាងកក់ក្តៅ ថ្នាក់ដឹកនាំទាំងពីរ បានរំលឹកអនុស្សាវរីយ៍ល្អៗ និងបានគូសបញ្ជាក់ពីទំនាក់ទំនង និងចំណងមិត្តភាពកម្ពុជា-ឥណ្ឌូណេស៊ី ព្រមទាំងបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការរីកចម្រើនយ៉ាងច្រើនជាបន្តបន្ទាប់ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅក្នុងអាណត្តិបេសកកម្មរបស់ ឯកឧត្តម សាន់តូ ដាម៉ូស៊ូម៉ាតូ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងស្ថានទូតឥណ្ឌូណេស៊ី ដែលបានចូលរួមគាំទ្រក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី រួមទាំងការសម្រេចបាននូវបទឈប់បាញ់ លើកទី២ ថ្ងៃទី២៧ ធ្នូ ២០២៥។

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ បានលើកឡើងអំពីទំនាក់ទំនងការទូតរវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលបានបន្តពង្រឹង និងពង្រីកលើគ្រប់វិស័យទាំងក្នុងក្របខណ្ឌរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏ពិភាក្សាផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការ នៅក្នុងក្របខណ្ឌមុខងារសាធារណៈ និងទំនាក់ទំនងប្រជាជន-ប្រជាជន ជាពិសេស ការបណ្តុះបណ្តាលសមត្ថភាពធនធានមនុស្ស និងការអភិវឌ្ឍយុវជនផងដែរ។

ចុងបញ្ចប់នៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជូនពរឯកឧត្តមអគ្គរដ្ឋទូត ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ច ក្នុងបេសកកម្មការងារថ្មីនៅពេលអនាគត និងធ្វើដំណើរត្រឡប់ទៅប្រទេសឥណ្ឌូណេស៊ីវិញ ប្រកបដោយសុខសុវត្ថិភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×