Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈ្មួញលាក់មុខ នៅខេត្តស្ទឹងត្រែង រត់ការឈើពីព្រៃឡង់ ស្រុកសៀមបូក ទៅខេត្តក្រចេះ សមត្ថកិច្ចមិនទាន់ចាត់ការ

ស្ទឹងត្រែង ៖ បទល្មើសដឹកជញ្ជូនឈើក្រហម ចេញពីព្រៃឡង់ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង តាមទូកជាច្រើនគ្រឿង ឆ្ពោះទៅកាន់កោះខ្ញែ និងភូមិខ្សាច់លាវ ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ យ៉ាងគគ្រឹកគគ្រេង ប៉ុន្តែសមត្ថកិច្ចពាក់ព័ន្ធមិនមានចំណាត់ការទេ។ សមត្ថកិច្ចនៅតាមមូលដ្ឋាន ហាក់សម្ងំ ទុកបទល្មើសជាឆ្នាំងបាយ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានរថយន្តសាំយ៉ុងជាច្រើនគ្រឿង ចូលដឹកឈើដែលគេទម្លាក់នៅមាត់កំពង់ នៅពេលយប់នៅកោះខ្ញែ និងភូមិខ្សាច់លាវឃុំអូរគ្រៀង។

ទូកដឹកឈើទាំងនោះ គឺចូលទៅដឹកជញ្ជូនឈើដែលគេយកពីព្រៃឡង់ តាមគោយន្តមកទម្លាក់នៅតាមផ្ទះអ្នកស្រុក ភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ក្រោយពីឈ្មួញលាក់មុខម្នាក់ប្រចាំសៀមបូក រត់ការរួចរាល់ហើយ ទោះគេក៏ចាប់ផ្ដើមប្រមូលដឹកជញ្ជូនឈើ ដាក់តាមទូកបន្តឲ្យរថយន្តសាំយ៉ុង ដែលរង់ចាំនៅកោះខ្ញែនិងភូមិសាច់លាវ។

ប្រភពរាយការណ៍បានឲ្យដឹងទៀតថា មេឈ្មួញលាក់មុខនៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង គឺឈ្មោះគង់ សាវុធ នេះ បើតាមការអះអាងរបស់ម្ចាស់ទូក នៅកោះខ្ញែ និងខ្សាច់លាវ។ មេឈ្មួញរត់ការលាក់មុខឈ្មោះគង់ សាវុធ អ្នកណាក៏គេស្គាល់ដែរថា ជាមនុស្សពូកែអែបអបសមត្ថកិច្ច និងអ្នកមានបុណ្យស័ក្តិ ក្នុងខេត្តស្ទឹងត្រែង។ មិនតែប៉ុណ្ណោះ លុយដែលបានពីបទល្មើសខុសច្បាប់ តែងតែទៅស៊ីចាយផឹកស៊ី ចេញមុខចេញមាត់ជួយដល់សង្គម។ ក្នុងឈើមួយទូក របស់មេឈ្មួញមកពីខេត្តក្រចេះ អ្នករត់ការនៅខេត្តស្ទឹងត្រែង យកមួយទូក១លានរៀល។ មន្ត្រីតូចតាចមិនហ៊ានបង្ក្រាប ដោយយល់ថាអ្នករត់ការឈើរូបនេះ មានខ្នងបង្អែកធំណាស់ នៅខេត្តស្ទឹងត្រែង។ ចំណែកឈ្មួញដែលមកដឹកជញ្ជូន ពីស្រុកសៀមបូក ខេត្តស្ទឹងត្រែង ទៅក្រចេះ នៅតំបន់ខ្សាច់លាវ នោះមានឈ្មោះឃាង នៅកោះខ្ញែនិងឈ្មោះលី។

ឈើដែលប្រមូលចេញពីសៀមបូក ខេត្តស្ទឹងត្រែង ក្នុងមួយទូកផ្ទុកបានឈើពី១០ម៉ែត្រគុប ទៅ១៥ម៉ែត្រគុបឯណោះ។ ហើយពេលចូលដល់ក្នុងភូមិខ្សាច់លាវ ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ នៅពេលយប់ មានរថយន្តសាំយ៉ុង មិនក្រោម១០គ្រឿងទេ ជាអ្នកចាំទទួលបន្ត។

ចំពោះរថយន្តដែលចូលទៅដឹកនោះ មានចំនួន៥ម្ចាស់ ក្នុងមួយម្ចាស់មានរថយន្តសាំយ៉ុងយ៉ាងតិច៣គ្រៀង ដឹកជញ្ជូនចេញពីស្រុកអូរគ្រៀង ឆ្ពោះទៅខេត្តត្បូងឃ្មុំ។

សកម្មភាពប្រព្រឹត្តបទល្មើសដឹកជញ្ជូន ភាគច្រើនចាប់ពីម៉ោង១២យប់ រហូតដល់ម៉ោង៣ទៀបភ្លឺ ក្នុងនោះមានឈ្មោះឆាយ. ឈ្មោះអូន. ឈ្មោះឆយ. ឈ្មោះបុល. និងឈ្មោះស្រីល័ក្ខ ជាម្ចាស់រថយន្តរត់ការបើកផ្លូវបង់លុយឲ្យសមត្ថកិច្ច។

ចំណែកសមត្ថកិច្ចនិងមន្ត្រីជំនាញ ដែលគ្រប់គ្រងនៅស្រុកសៀមបូប ខេត្តស្ទឹងត្រែង តែងរអ៊ូរទាំប្រាប់អ្នកសារព័ត៌មានថា ភូមិសាស្ត្រនៅតំបន់មានបទល្មើសស្មុគស្មាញណាស់ ពិបាកក្នុងការចុះបង្ក្រាប ឬពេលខ្លះចុះទៅបង្ក្រាបឈ្មួញ តែងតែដឹងខ្លួនជាមុនគេចបាត់អស់។

ដោយឡែកមន្ត្រីពាក់ព័ន្ធនៅតាមដងផ្លូវ ដែលរថយន្តទឹកជញ្ជូនបន្ត ពីទូកនៅស្រុកអូរក្រៀមសែនជ័យ ក៏មិនដែលឃើញមានវិធានការបង្ក្រាបម្ដងណាទាល់តែសោះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×