ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងនាមខ្ញុំប្រធានគណបក្សប្រជាជនកម្ពុជា សូមសម្តែងការអបអសាទរយ៉ាងក្រៃលែងជាទីបំផុតក្នុងឱកាស គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅវេលាម៉ោង ១២៖២៨នាទី នៅទីក្រុងរីយ៉ាដ ត្រូវនឹងម៉ោង១៖២៨នាទី នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាល ក្រសួង និងស្ថាប័នពាក់ពន្ធ័ទាំងអស់ ដែលបានជួយជ្រោមជ្រែងលើការងារនេះ រហូតសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ជូនជាតិ មាតុភូមិ។
រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរ ដែលស្ថិតក្នុងរាជព្រះបាទជ័យវម៌្មទេវទី៤ ក្នុងកំឡុងស.វ.ទី១០ ក្នុងឆ្នាំ ៩២៨ រហូតដល់ឆ្នាំ ៩៤១ នៃគ.ស.។
ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេច ជាឯកច្ឆ័ន្ទចុះ “រមណីយដា្ឋនប្រាសាទកោះកេរ” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈសេចក្ដី សម្រេច 45 COM 8B.8 នៅក្នុងសម័យប្រជុំលើកទី៤៥ របស់ខ្លួន នៅឯទីក្រុងរីយ៉ាដ (Riyadh) ប្រទេស អារ៉ាប៊ីសាអ៊ូឌីត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។

ព្រឹត្តការណ៍ថ្មីនេះ គឺជាមោទកភាពមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងព្រះរាជាណាចក្រកម្ពុជាយើង ដែលកេរមរតកវប្បធម៌អតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬ លិង្គបុរ ហើយបច្ចុប្បន្នហៅថា កោះករ កសាង ក្នុងសតវត្សទី១០ (៩២៨-៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤ និងបុព្វបុរសខ្មែរ ត្រូវបានក្រុមប្រឹក្សាអន្តរជាតិ ស្តីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) ទទួលស្គាល់ថាជាកំពូលស្នាដៃដ៏មហស្ចារ្យនៃស្ថាបត្យកម្ម ខ្មែរ និងមានតម្លៃលេចធ្លោជាសកលដែលចាំបាច់ត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ដូចករណីមុនៗដែរ ការស្នើសុំចុះ “រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក គឺជាលទ្ធផលនៃកិច្ចដំណើរការងារដ៏យូរ និងលំបាកស្មុគស្មាញ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន ជាពិសេសការរៀបចំឯកសារ ការត្រួតពិនិត្យ និងវាយតម្លៃដោយអ្នកជំនាញការជាតិ និងអន្តរជាតិ បានប្រព្រឹត្តទៅក្នុងដំណាក់កាលដែលកម្ពុជា និងពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩។ ដំណើរការដ៏ស្វិតស្វាញនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ បញ្ចាក់ពីតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌របស់កម្ពុជា ជាពិសេសសម្រេចឱ្យបាននូវការចុះបញ្ជី “រមណីយ ដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សម្រាប់ជាសម្បត្តិមនុស្សជាតិទាំងមូល និង ការពង្រឹងមោទកភាពជាតិ។

ការកសាងនូវឯកសារស្នើសុំចុះបញ្ជីបានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដោយឆ្លងកាត់ការរៀបចំ ត្រួតពិនិត្យ និងវាយតម្លៃជាបន្តបន្ទាប់ ដោយមន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ និងមន្ត្រីជំនាញក្រោមឱវាទ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងការពិគ្រោះយោបល់ជាមួយអ្នកជំនាញការអន្តរជាតិរហូតឆ្នាំ២០២០ ទើបឯកសារនេះបានលេចចេញជារូបរាងឡើង ស្របទៅតាមអនុសញ្ញាស្តីពីការការពារបេតិកភណ្ឌពិភពលោក វប្បធម៌ និងធម្មជាតិ មុននឹង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៦ កន្លងទៅ បានសម្រេចលើកសំណើជាផ្លូវការទៅមជ្ឈមណ្ឌល បេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ កាលពីខែមករា ឆ្នាំ២០២១។ ផ្អែកលើសំណើរបស់រាជរដ្ឋាភិបាល មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ បានបញ្ជូនអ្នកជំនាញការអន្តរជាតិនៃក្រុមប្រឹក្សា អន្តរជាតិស្តីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) មកធ្វើការវាយតម្លៃដោយផ្ទាល់នៅរមណីយដ្ឋាន ប្រាសាទកោះកេរ កាលពីខែកញ្ញា ឆ្នាំ២០២១ ហើយរហូតដល់ខែមីនា ឆ្នាំ២០២២ ទើបសម្រេចទទួលយក នូវសំណើសុំចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ” ទៅដាក់ក្នុងរបៀបវារៈសម័យប្រជុំលើកទី៤៥ របស់ខ្លួន នៅទីក្រុងរីយ៉ាដ(Riyadh)នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយក៏ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌ ពិភពលោកសម្រេចចុះ “រមណីយដ្ឋានប្រាសាទកោះកេរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ។

មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើងក្នុងឆាកអន្តរជាតិ ដែល កើតចេញមកពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយវីរិយភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព ដែលជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុងការស្វះស្វែងនាំមកជូនប្រជាជនកម្ពុជានូវការបង្រួបបង្រួមជាតិ និងភាពសុខដុមរមនា ដែលជាមូលដ្ឋាននៃការកសាង និងអភិវឌ្ឍជាតិក្នុងគ្រប់វិស័យ រួមទាំងការអភិរក្ស អភិវឌ្ឍសម្បត្តិវប្បធម៌ និង ប្រពៃណីជាកេរ្តិ៍មរតកដ៏ឧត្ដុង្គឧត្តម ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកជូនអ្នកជំនាន់ក្រោយថែមទៀតផង៕រក្សាសិទ្ធដោយ ៖ សុទ្ធលី















