ទំព័រ ET Today ថ្មីៗនេះបានបង្ហោះករណីសង្គ្រោះពិសេសមួយ ដែលបានកើតឡើងនៅទីផ្សាររាត្រីមួយកន្លែងនៅ Petaling Jaya ប្រទេសម៉ាឡេស៊ី។ ជាក់ស្តែងបុរសម្នាក់ឈ្មោះ Saya Hazrul បានបង្ហោះវីដេអូនៅលើគណនី TikTok របស់គាត់ ដើម្បីចែករំលែកពីខណៈពេលដែលគាត់បានឃើញនារីម្នាក់ធ្វើកាយវិការដ៏ចម្លែក ហើយបានជួយសង្គ្រោះនាងពីមិត្តប្រុសរបស់នាងដែលបានធ្វើបាប។
Hazrul បានរៀបរាប់ឲ្យដឹងថា នៅពេលនោះ គាត់បានប្រទះឃើញនារីម្នាក់មានអាកប្បកិរិយាចម្លែកខ្លាំងណាស់។ ទោះបីជានាងនៅជាមួយមិត្តប្រុសរបស់នាងក៏ដោយ ក៏នាងតែងតែសម្លឹងមើលជុំវិញខ្លួន ដើម្បីឲ្យអ្នកដំណើរឆ្លងកាត់ចាប់អារម្មណ៍ ដោយលាក់ដៃរបស់នាងនៅខាងក្រោយខ្នងម្តងម្កាល ជាមួយកាយវិការ [ក្តាប់-បើកៗ] ជាសញ្ញាស្វែងរកជំនួយលេខ 540 ។
នៅក្នុងវីដេអូរបស់គាត់ Hazrul បានពន្យល់ថា គាត់និងក្រុមរបស់គាត់ បានបើកស្តង់សម្រាប់ក្រុមហ៊ុនរបស់គាត់គឺ Nourstella Group នៅក្នុងពិធីបុណ្យអាហារ នៅពេលនោះ។ ខណៈពួកគេកំពុងធ្វើការ គាត់បានប្រទះឃើញនារីម្នាក់នោះកំពុងធ្វើ ‘Signal for Help’ នៅពីក្រោយខ្នងរបស់នាង ខណៈមិត្តប្រុសរបស់នាងកំពុងរំខាន ប៉ុន្តែ ពួកគាត់ពុំចាប់អារម្មណ៍ថាកំពុងមានរឿងអ្វីកើតឡើងនោះទេ។
ដោយដឹងថាមានអ្វីមួយគួរឲ្យសង្ស័យ Hazrul ក៏បានស៊ើបអង្កេតភ្លាមៗ ហើយបានច្បាស់ដឹងថា នេះគឺជាប្រភេទពិសេសនៃការអំពាវនាវរកការជួយ។ ដោយដឹងថា នាងកំពុងមានគ្រោះថ្នាក់ គាត់បានប្រញាប់ស្វែងរកជំនួយពីអាជីវករ និងបុគ្គលិកផ្សាររាត្រី ហើយទូរស័ព្ទទៅប៉ូលីសភ្លាមៗ។ នៅពេលនោះ មិត្តប្រុសរូបនោះហាក់ដូចជាដឹងថាមានអ្វីមិនស្រួល រូបគេក៏បានព្យាយាមចាកចេញពីកន្លែងកើតហេតុត ប៉ុន្តែត្រូវបានបុគ្គលិកមួយក្រុមធ្វើការរេរាំង ហើយក៏ត្រូវបានចាប់ខ្លួនដោយប៉ូលិសដែលបានមកដល់។
នៅពេលប៉ូលិសធ្វើការសាកសួរនារីរងគ្រោះ ទើបដឹងថា នាងត្រូវបានមិត្តប្រុសញៀនថ្នាំ ចាប់ចង, ជះនឹងទឹកក្តៅ និងវាយដំ។
Hazrul បានឲ្យដឹងថា នៅមានមនុស្សជាច្រើនទៀតដែលមិនដឹងថា «540» ជាសញ្ញាសុំជំនួយ។ គាត់សង្ឃឹមថានឹងផ្សព្វផ្សាយវាតាមរយៈវីដេអូនេះ ហើយជំរុញឱ្យអ្នកគ្រប់គ្នាមានភាពក្លាហាន និងផ្តល់ជំនួយ ប្រសិនបើពួកគេរកឃើញនរណាម្នាក់នៅជុំវិញពួកគេ កំពុងធ្វើសញ្ញាស្រដៀងគ្នានេះ។
“Signal 540” ត្រូវបានគេស្គាល់ផងដែរថាជា “SOS Signal” និង “Domestic Violence SOS Signal” ត្រូវបានស្នើឡើងជាលើកដំបូងដោយអង្គការស្ត្រីកាណាដានៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។ វាមានគោលបំណងដំបូង ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃអំពើហិង្សាក្នុងគ្រួសារ នៅជុំវិញពិភពលោក និងក្នុងអំឡុងពេលការបង្ខាំងមិនឱ្យចេញចូលដោយសារ covid-19។ បន្ទាប់មក វាទទួលបានការយល់ដឹងទូលំទូលាយ និងប្រើប្រាស់តាមរយៈស្ថានភាពដែលមនុស្សម្នាក់មានអារម្មណ៍ថា មានការគំរាមកំហែង ឬត្រូវការជំនួយជាបន្ទាន់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង