Wednesday, July 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាគារ​ផ្ទះល្វែង ៣៣ ជាន់ ត្រូវ​ភ្លើង​ឆេះ​ខ្ទេចខ្ទី​អស់​ត្រឹម​រយៈពេល​ជាង​កន្លះ​ថ្ងៃ តែ​គ្មាន​មនុស្ស​ស្លា​ប់ «អម្ពូ​តហេ​តុ» គឺ​ដោយសារ​មាន​តំបន់​ពិសេស​នេះ

spot_img

សោកនាដកម្ម ដោយសារអគ្គីភ័យ គឺតែងកើតមានឡើង ដែលបានបន្សល់ទុកនូវផលវិបាក និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់មនុស្ស និងទ្រព្យសម្បត្តិ ជាពិសេសសម្រាប់អគារខ្ពស់ៗ តែងតែក្លាយជាកត្តាដែលគួរព្រួយបារម្ភបំផុត។ តែទន្ទឹមនឹងនេះ ក៏មានអគារដែលមានប្រព័ន្ធរត់គេចល្អ អាចកាត់បន្ថយការបាត់បង់ជីវិតមនុស្ស នៅពេលមានឧប្បត្តិហេតុកើតឡើងផងដែរ។

ជាក់ស្តែង យោងតាមកាសែត Korea Times ឧប្បត្តិហេតុទៅលើអគារផ្ទះល្វែង និងមជ្ឈមណ្ឌលលក់ទំនិញ ដែលមានឈ្មោះថា Samwhan Art-Nouveau ដែលបានកើតឡើងនៅវេលាម៉ោងប្រហែល ១១ យប់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នៅទីក្រុង Ulsan ភាគអាគ្នេយ៍ប្រទេសកូរ៉េ គឺជាគំរូដ៏ល្អមួយ។ អគាររងការឆាបឆេះនេះមានចំនួន ៣៣ ជាន់ កម្ពស់ ១០២ ម៉ែត្រ (ចាប់ពីជាន់ទី១ ដល់ជាន់ទី៣ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម) ហើយ (ចាប់ពីជាន់ទី៤ ឡើងទៅ ជាតំបន់ផ្ទះល្វែង) ដែលមានប្រជាពលរដ្ឋចំនួន ១២៧ គ្រួសារ។

អាជ្ញាធរ​កូរ៉េ​បាន​និយាយ​ថា អគ្គិភ័យ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា ​បាន​ឆេះ​ចេញ​ពី​ជាន់​ទី ១២ នៃ​អគារ បន្ទាប់​មក​បាន​រាល​រាល​ដល់​ជាន់​ខាង​លើ​យ៉ាង​លឿន។ សាក្សីម្នាក់បានរៀបរាប់ថា “ភ្លើងបានឆាបឆេះភ្លាមៗ។ បង្អួចបានបែកខ្ទេចខ្ទី បន្ទប់ទទួលភ្ញៀវ និងបន្ទប់គេងរបស់ខ្ញុំស្រាប់តែភ្លឺឡើងតែម្តង”។

វីដេអូដែលថតបានពីកន្លែងកើតហេតុ បានបង្ហាញពីអណ្តាតភ្លើងបានឆាបឆេះឡើងដល់កំពូលនៃអគារ ខណៈដែលផ្ទាំងបេតុងធំៗបានធ្លាក់មកតាមផ្លូវខាងក្រោម ហើយមានផ្សែងហុយពេញទាំងយប់។ Chosun.com ក៏បានរាយការណ៍ផងដែរថា ខ្យល់បក់ខ្លាំងនៅពេលនោះ ក៏បានរាលដាលឆេះដល់មជ្ឈមណ្ឌលលក់ទំនិញដែលនៅក្បែរនោះផងដែរ ប៉ុន្តែវាត្រូវបានពន្លត់ភ្លាមៗ។

ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យ និងសង្គ្រោះត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុភ្លាមៗ។ អ្នកតំណាងនៃនាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុង Ulsan បាននិយាយថា បុគ្គលិកជាង ១​​​​​០០០ នាក់ ត្រូវបានដាក់ពង្រាយ រួមទាំងអ្នកពន្លត់អគ្គីភ័យ ៩៣០ នាក់ អ្នកសង្គ្រោះបន្ទាន់ ៧៥ នាក់ផ្សេងទៀត និងរថយន្តសង្គ្រោះ និងឧទ្ធម្ភាគចក្រ។

ថ្វីត្បិតតែស្ថានភាពអគ្គីភ័យដែលបានឆាបឆេះធ្ងន់ធ្ងរខ្លាំងយ៉ាងណាក៏ដោយ តែអព្ភូតហេតុបានកើតឡើង គឺបន្ទាប់ជិត១៦ម៉ោងក្រោយមក ប្រហែលម៉ោង២និង៥០នាទីរសៀល ​ថ្ងៃ​ទី​៩ តុលា អគ្គិភ័យ​បាន​រលត់​ទាំងស្រុង។ នាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុង Ulsan និងក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េ បានប្រាប់អ្នកយកព័ត៌មាន CNN ថា មិនមានអ្នកស្លាប់ទេ មនុស្សជាង ១០០នាក់ ត្រូវបានជួយសង្គ្រោះ រួមទាំងមនុស្ស ៩១ នាក់ ដែលត្រូវសម្រាកនៅមន្ទីរពេទ្យដើម្បីពិនិត្យ និងតាមដានសុខភាព។ មនុស្សភាគច្រើនទទួលរងរបួសតិចតួច កោស ឬស្រូបផ្សែងពុល។

សារព័ត៌មានកូរ៉េបានរាយការណ៍ថា មូលហេតុដែលមិនមានអ្នកស្លាប់ ឬរបួសធ្ងន់ធ្ងរ បើទោះបីជាមានអគ្គីភ័យដ៏ធំបែបនេះ ក៏ព្រោះតែមនុស្សត្រូវបានជម្លៀសយ៉ាងលឿនទៅកាន់តំបន់ពិសេស ហៅថា «ជាន់ជម្លៀស» និងត្រូវបានគេស្គាល់ផងដែរថាជា Fire Emergency Holding Area ។

មនុស្សជាង ១០០ នាក់ ត្រូវបានជម្លៀសទៅកាន់ «ជាន់ភៀសខ្លួន» ចំនួន២នៅក្នុងអគារនៅជាន់ទី១៥ និងទី២៨ បន្ថែមពីលើតំបន់រាបស្មើនៅពីលើជាន់ផ្សារទំនើប។ នោះហើយជាមូលហេតុដែលពួកគេមិនរងផលប៉ះពាល់ខ្លាំងដោយភ្លើង និងផ្សែង ហើយត្រូវបានជួយសង្គ្រោះដោយជោគជ័យដោយឧទ្ធម្ភាគចក្រជួយសង្គ្រោះ។

ជាការពិត កន្លែងជ្រកកោន ឬជាន់ភៀសខ្លួន គឺជាធាតុចាំបាច់មួយនៅក្នុងអគារខ្ពស់ៗ ក្នុងប្រទេសកូរ៉េ ឬប្រទេសមួយចំនួនទៀតជុំវិញពិភពលោក។ ជាពិសេស បទប្បញ្ញត្តិស្តីពីរឿងនេះត្រូវបានចេញតាំងពីឆ្នាំ២០០៦ នៅក្នុងប្រទេសកូរ៉េ។ អគារផ្ទះល្វែងត្រូវដំឡើងកន្លែងជ្រកកោន និងកន្លែងជម្លៀសដាច់ដោយឡែក ដើម្បីបម្រើក្នុងករណីមានឧបទ្ទវហេតុដូចជាអគ្គីភ័យដែលមិននឹកស្មានដល់។

ជាពិសេស ជាន់ទីជម្រក​ គឺចាំបាច់បំផុតសម្រាប់អគារខ្ពស់ដែលមានកម្ពស់ប្រហែល ១០០ ម៉ែត្រ ឬច្រើនជាងនេះ។ នេះនឹងជាជាន់ដាច់ដោយឡែក ដែលមិនអនុញ្ញាតឱ្យមានអាផាតមិន ឬផ្នែកនៃអាផាតមិន ការិយាល័យ ឬហាងអាជីវកម្មឡើយ។

ជាន់ទីជម្រកនៅក្នុងអគារមិនត្រូវលើសពី ២០ ជាន់។ ឧទាហរណ៍ អគារ ២៥ ជាន់ នឹងត្រូវការជម្លៀសយ៉ាងហោចណាស់ ១ជាន់ អគារកម្ពស់ ៤០ ជាន់ នឹងត្រូវការជម្លៀសយ៉ាងហោចណាស់ ២ ជាន់… ដូចជាអគារ Samwhan Art-Nouveau ក្នុងអគ្គីភ័យដែលបានរៀបរាប់ខាងលើគឺមាន ៣៣ ជាន់ ប៉ុន្តែមានរហូតដល់ ២ ជាន់ភៀសខ្លួន។

នៅជាន់ទីជម្រក បន្ទប់ភៀសខ្លួនមួយ ឬច្រើននឹងត្រូវបានរៀបចំ។ តំបន់​នៃ​កន្លែង​ជ្រកបណ្តោះអាសន្ន​ទាំង​នេះ ​ក៏​ត្រូវ​បាន​កំណត់​យ៉ាង​ពិសេស​ផង​ដែរ ​ដើម្បី​ឲ្យ​សម​នឹង​ចំនួន​អ្នក​ស្នាក់​នៅ​ក្នុង​អគារ។ នៅខាងក្នុងបន្ទប់ភាគច្រើនជាកន្លែងទំនេរ ដែលអាចបំពាក់ដោយឧបករណ៍ការពារភ្លើងបន្ថែមមួយចំនួនដូចជា ឧបករណ៍ពន្លត់អគ្គីភ័យ ញញួរ និងពូថៅ របាំងផ្សែង ឧបករណ៍ពន្លត់អគ្គីភ័យក្នុងផ្ទះ និងប្រព័ន្ធពន្លត់អគ្គីភ័យដោយស្វ័យប្រវត្តិ។ ប្រត្តិបត្តិការបាញ់ទឹក ភ្លើងសង្គ្រោះបន្ទាន់ ការទំនាក់ទំនងទូរស័ព្ទខាងក្រៅ ប្រព័ន្ធណែនាំការរត់គេចពេលមានអាសន្ន ជាដើម។

នៅពេលណាដែលមានឧបទ្ទវហេតុ ឬអគ្គីភ័យកើតឡើង មនុស្សក៏អាចអនុវត្តជំនាញរត់គេច ដើម្បីការពារខ្លួនបានប្រសើរជាងមុន និងមានសុវត្ថិភាពជាងមុន។ ទីមួយ និងសំខាន់បំផុត គឺកាត់បន្ថយការស្រូបផ្សែងពុល។ យោងតាមការវិភាគរបស់អ្នកជំនាញ ជនរងគ្រោះក្នុងអគ្គីភ័យ ជារឿយៗមិនរស់ទេ ដោយសារស្រូបផ្សែងពុល ជាជាងដោយសារភ្លើងឆេះ។

ដូច្នេះហើយ ព្យាយាមរក្សាអុកស៊ីហ្សែន និងរក្សាដង្ហើមរបស់អ្នក។ ប្រសិនបើអ្នកត្រូវឆ្លងកាត់ភ្លើង ចូរប្រើភួយកប្បាសរុំវាពីលើខ្លួនរបស់អ្នក ប្រើកន្សែងសើមគ្របក្បាលរបស់អ្នក គ្របច្រមុះរបស់អ្នក ហើយយកក្រណាត់សើមមកជូតភ្នែករបស់អ្នកដើម្បីរត់ឆ្លងកាត់ភ្លើង។ វត្ថុខាងលើនឹងការពារមនុស្សជាបណ្តោះអាសន្នពីកំដៅ និងផ្សែងពីភ្លើង។ ក្នុងអំឡុងពេលដំណើរការផ្លាស់ទី ចូរឱន ឬវារក្នុងទីតាំងទាប ជិតដី ដើម្បីកាត់បន្ថយការស្រូបផ្សែងដែលនាំឱ្យដួលសន្លប់។

ខណៈពេលដែលកំពុងរង់ចាំអ្នកជួយសង្គ្រោះ សូមបន្តប្រើកន្សែងសើម និងក្រណាត់ដែលមានទឹកដើម្បីបិទច្រមុះរបស់អ្នក និងបិតភ្នែករបស់អ្នក។ នេះនឹងជួយពន្យារការស៊ូទ្រាំរបស់មនុស្ស។

គ្រួសារនីមួយៗក៏អាចរៀបចំមធ្យោបាយផ្ទាល់ខ្លួន និងឧបករណ៍ការពារភ្លើងនៅផ្ទះបានផងដែរ ដូចជាប្រព័ន្ធប្រកាសអាសន្នអគ្គីភ័យ បំពង់ពន្លត់អគ្គីភ័យ ជណ្តើរខ្សែពួរ ខ្សែរសង្គ្រោះបន្ទាន់ ញញួរធន់ទ្រាំ។ល។ ការអនុវត្តជំនាញ និងឧបករណ៍ការពារភ្លើងនឹងកាត់បន្ថយហានិភ័យ និងរក្សាខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នកមានសុវត្ថិភាពជាង នៅពេលមានអគ្គីភ័យកើតឡើង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×