Tuesday, October 3, 2023

នារីម្នាក់បើករថយន្តតូយូព្រូស បួងចង្កូតគេចពីរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បើកឆ្លងកាត់ទទឹងផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងបាក់មួយដើម

spot_img

ភ្នំពេញ ៖ រថយន្តម៉ាកតូយូតាព្រូសមួយគ្រឿងបើកបរដោយនារីម្នាក់ ក្នុងល្បឿនលឿន មកដល់ផ្លូវបំបែកជាបួនបានបួងចង្កូតគេចពីរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បើកលឿនឆ្លងកាត់ទទឹងផ្លូវ ក៏រេចង្កូតជ្រុលទៅបុកបង្គោលភ្លើង បាក់មួយដើមទ្រេតជិតដល់ដី។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងចំណុចក្នុងបរិវេណបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីម្នាក់ បានបើករថយន្តម៉ាកតូយូតាព្រូស ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AQ-2336 បើកបរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ផ្លូវបំបែកជាបួនស្រាប់តែមានរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាកបើកចេញពីផ្លូវបេតុង ក្នុងទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុ បានបើកឆ្លងកាត់ទទឹងផ្លូវបំបែកជាបួនយ៉ាងលឿន ធ្វើឲ្យនារីដែលបើករថយន្តព្រូសជាន់ហ្រ្វាំង ហើយបួងចង្កូតគេចក៏រេចង្កូតឡើងចិញ្ចើមផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងមួយដើមយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់មួយដើមទ្រេតជិតដល់ដី ចំណែករថយន្តវិញ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងកល់ជាប់និងបង្គោលភ្លើងទៅមុខលែងរួច សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ទៅលើអ្នកបើកបរ និងអ្នករួមដំណើរតាមដងផ្លូវ ខូចខាតតែរថយន្ត និងបង្គោលភ្លើងមួយដើមតែប៉ុណ្ណោះ ចំណែករថយន្តមួយគ្រឿងទៀត បានបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុខាងលើដោយអ្នកគ្រប់គ្រង នៅក្នុងតំបន់បឹងកក់ ក៏បានឃាត់នារីបើករថយន្តបង្ក ឲ្យនៅទីតាំងកើតហេតុ រួចក៏បានធ្វើការសម្របសម្រួលគ្នា ដោយភាគីម្ចាស់រថយន្តបានសងជាសំណង ក្នុងការជួសជុលបង្គោលភ្លើងឡើងវិញ បញ្ចប់រឿងនៅកន្លែងកើតហេតុ ហើយស្ទូចយករថយន្តទៅជួសជុលតែម្តងទៅ៕ រក្សាសិទ្ធដោយ ៖​ សា មេត

spot_img
×