Tuesday, October 3, 2023

រថយន្ត Ford SUPER DUTY បួងចង្កូតបត់យ៉ាងលឿន ជ្រុលទៅបុករថយន្តALPHARD និងរថយន្តសាំយ៉ុង ទាំងកំរោលរងការខូចខាតធ្ងន់ធ្ងរ

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក Ford SUPERDUTY មួយគ្រឿងតាមបណ្តោយផ្លូវ១០៦ ក្នុងល្បឿនលឿនបានបួងចង្កូតបត់តាមបណ្តោយផ្លូវព្រះនរោត្តម ជ្រុលទៅបុករថយន្តម៉ាកALPHARD និងរថយន្តម៉ាកសាំយ៉ុង ដែលឈប់រងចាំស្តុបទាំងកំរោលរងការខូចខាតធ្ងន់ធ្ងរ ហើយម្ចាស់រថយន្តបង្កបានរយ៉ែថយក្រោយ បើករត់តែទៅមិនរួច ដោយរថយន្តដាច់កាឡេកង់មុខមួយចំហៀង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តមកែងផ្លូវ១០៦ ចំណុចមុខមន្ទីរពេទ្យព្រះអង្គឌួង ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ រួមដំណំណើរជាមួយនិងបុរសម្នាក់ទៀត បានបើករថយន្តស៊េរីទំនើបម៉ាក Ford SUPER DUTY ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ2BW-2223 បើកបរតាមបណ្តោយផ្លូវ១០៦ (ហៅផ្លូវភ្លោះ) ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុនៅនិងស្តុបមន្ទីរពេទ្យព្រះអង្គឌួង ក៏បានបួងចង្កូតបត់ស្តាំតាមបណ្តោយផ្លូវព្រះនរោត្តម តែដោយបួងចង្កូតមិនផុត ក៏ជ្រុលទៅបុករថយន្តម៉ាកALPHARDពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ2BA-7328 បើកបរដោយបុរសជនបរទេសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីត្បូងមកជើងបានឈប់រងចាំស្តុបចំពីមុខពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយរថយន្តបង្កបន្តល្បឿនទៅបុកពីចំហៀងខាងឆ្វេង រថយន្តម៉ាកសាំយ៉ុងមួយគ្រឿងទៀត ពណ៌សពាក់ ផ្លាកលេខកំពង់ឆ្នាំង 2A-4494 បើកបរដោយបុរសម្នាក់ ដែលធ្វើដំណើរស្របទិសនិងរថយន្តម៉ាកALPHARD ពីត្បូងមកជើងរងការខូចខាតយ៉ាងដំណំផងដែរ ចំណែករថយន្តបង្កបានបើករយ៉ែថយក្រោយ បម្រុងនឹងបន្តល្បឿនទៅមុខតែទៅមិនរួច ដោយស្ថានភាពរថយន្តបានដាច់កាឡេកង់មុខចំហៀងខាងស្តាំទើបទៅលែងរួច។

សូមបញ្ជាក់ផងដែរថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបង្កឲ្យមានអ្នករងរបួសនោះទេ ពោលគឺរងការខូចខាតតែរថយន្តចំនួន៣គ្រឿងតែប៉ុណ្ណោះ។

បន្ទាប់ពីកើតហេតុខាងលើពលរដ្ឋ ក៏បានរាយការណ៍ទៅមន្ត្រីសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចរាចរណ៍ ចុះមកដល់រួចឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា។ ក្រោយពីសម្រួលគ្នារួចដោយភាគីម្ចាស់រថយន្តបង្កម៉ាក Ford ព្រមសងសំណងទៅលើរថយន្តពីគ្រឿង ដែលរងការខូចខាត ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្ដង។ ហើយស្ទួចយករថយន្តទៅជួសជុលរៀងៗខ្លួន៕ រក្សាសិទ្ធដោយ ៖ សា មេត

spot_img
×