Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ក្រសួងព័ត៌មាននឹងរៀបចំឱ្យមានស្តង់ដារ ប្រតិបត្តិលើក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អ្នកសារព័ត៌មានអនុវត្ត នៅទូទាំងប្រទេស ដើម្បីលើកតម្កើងតម្លៃអ្នកសារព័ត៌មាន និងគុណភាពអ្នកសារព័ត៌មាននៅកម្ពុជា

spot_img

ភ្នំពេញ ៖ ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ក្រសួងព័ត៌មាននឹងរៀបចំឱ្យមានស្តង់ដារប្រតិបត្តិ លើក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មានអនុវត្តនៅទូទាំងប្រទេស ដើម្បីលើកតម្កើងតម្លៃអ្នកសារព័ត៌មាន និងគុណភាពអ្នកសារព័ត៌មាននៅកម្ពុជា ហើយឯកឧត្តមបន្តថា ការផ្តល់ងារជាទីប្រឹក្សា គឺជាការផ្តល់នូវកិត្តិយសដល់អ្នកជំនាន់មុន ដែលបានបំពេញការងារតាំងពីឆ្នាំ១៩៧៩ មក និងបានលះបង់គ្រប់បែបយ៉ាង តស៊ូរហូតមកពេលនេះ ដើម្បីផលប្រយោជន៍ប្រទេសជាតិនិងប្រជាជន។ ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ២០២៣ ក្នុងពិធីសំណឹះសំណាល ជាមួយយមន្ដ្រីជាទីប្រឹក្សាក្រសួងប្រមាណ៥៨៥រូប ។

ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ទីប្រឹក្សាដើរតួនាទីសំខាន់ក្នុងការជួយជូនយោបល់ និងចូលរួមក្នុងការអនុវត្តការងាររបស់ក្រសួង ឱ្យសម្រេចបានតាមចក្ខុវិស័យដែលបានកំណត់។ ចក្ខុវិស័យរបស់ក្រសួងព័ត៌មាន គឺជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយភាពសកម្ម បុរេសកម្ម អន្តរសកម្ម និងមានប្រសិទ្ធភាពនិងគុណភាព។ ទីប្រឹក្សាក្រសួងដែលឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជាធនធានមនុស្សប្រកបដោយសក្តានុពល និងពោរពេញដោយបទពិសោធវិជ្ជាជីវៈ ជាកម្លាំងចលករមួយជួយជំរុញការងារឱ្យបានលឿន។

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា យើងរក្សាមន្ដ្រីចាស់ បង្កើនថ្មី ។ ទីប្រឹក្សាក្រសួងព័ត៌មានទាំងអស់ គឺលោកផ្តល់ជាអនុសាសន៍ឲ្យមានភារកិច្ចដើម្បីពិនិត្យលើផែនការសកម្មភាពការងាររបស់ក្រសួង និងកិច្ចការដែលទីប្រឹក្សាក្រសួងទាំងអស់ អាចចូលរួមក្នុងការកសាងក្រសួងព័ត៌មាន ទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយសកម្ម បុរេសកម្ម អន្តរសកម្ម ប្រសិទ្ធភាពនិងគុណភាព។ 
   
ឯកឧត្ដមបានបញ្ជាក់ថា ក្រសួងព័ត៌មាននឹងរៀបចំឱ្យមានស្តង់ដារប្រតិបត្តិលើក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មានអនុវត្តនៅទូទាំងប្រទេស ដើម្បីលើកតម្កើងតម្លៃអ្នកសារព័ត៌មាន និងគុណភាពអ្នកសារព័ត៌មាននៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល លើការបង្កើនធនធានមនុស្សតាមរយៈការផ្សព្វផ្សាយព័ត៌មានពិត រហ័សនិងមានខ្លឹមសារគ្រប់គ្រាន់។

បើតាមឯកឧត្តមរដ្ឋមន្ត្រី , ចំពោះករណីធ្វើប័ណ្ណថ្មី តម្រូវឲ្យមានការត្រួតពិនិត្យលើសមត្ថភាព ចំណេះដឹង ឬឆ្លងកាត់វគ្គសិក្សាផ្នែកសារព័ត៌មាន សំខាន់យល់ពី តួនាទី ភារកិច្ច ក្រមសីលធម៌ វិជ្ជាជីវៈ របបសារព័ត៌មាន បើខ្វះផ្នែកនេះមិនត្រូវចេញបណ្ណដាច់ខាតដល់អ្នកថ្មីៗ។

ឯកឧត្តម នេត្រ ភក្ត្រា បានគួសបញ្ជាក់ថា សម្រាប់មន្រ្តីរាជការដែលបានបំពេញកិច្ច ការងារតាំងពីគ្រាលំបាក រហូតមកចូលនិវត្តន៍ គឺមនុស្សសំខាន់សម្រាប់មន្រ្តីជំនាន់ក្រោយ ហើយបើសិនជាគាត់មិន នៅជាទីប្រឹក្សាក្នុងការផ្តល់យោបល់ផ្នែកបច្ចេកទេសនោះទេ គឺនឹងជួបការលំបាក។ ឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកអ៊ុំ ពូ មីង អ្នកជំនាន់ ដែលនៅមកដល់បច្ចុប្បន្ននេះ គឺជាបេតិកភណ្ឌរស់ ជាវចនានុក្រមបច្ចេកទេសរបស់ក្រសួងព័ត៌មានដែលរស់ ព្រោះក្មេងៗជំនាន់ក្រោយមិនចាំបាច់ទៅសិក្សាច្រើនលើកិច្ចការងារខ្លះ នោះទេ គ្រាន់តែសួរ មតិយោបល់ របស់ គាត់នោះការងារនឹងដំណើរការទៅលឿន។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថាទីប្រឹក្សាក្រសួងនៃក្រសួងព័ត៌មានមួយភាគធំគឺជាថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងព័ត៌មានដែលចូលនិវត្តន៍ ប៉ុន្តែពួកគាត់បានបន្តលះបង់កម្លាំងកាយ កម្លាំងចិត្តដើម្បីជួយការងារក្រសួង និងអគ្គនាយកដ្ឋានចំណុះជាពិសេសទីប្រឹក្សាទាំងនេះបានដើរតួនាទី យ៉ាងសំខាន់កាលពីអតីតកាលក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងតរៀងមកក្នុងនាមជាឃោសនិក និងទាហានផ្នែកការងារសតិអារម្មណ៍។ ឯកឧត្តមបាន ថ្លែងដោយក្តីមោទនចំពោះតួនាទីដ៏សំខាន់របស់មន្ត្រីចូលនិវត្តន៍និងមន្ត្រីដែលកំពុងបំពេញកិច្ចការងារទាំងអស់ថាជាផ្នែកមួយដ៏សំខាន់នៃដំណើររបស់កម្ពុជា ហើយមន្ត្រីនៃក្រសួងព័ត៌មានបានចូលរួមចំណែកក្នុងការធ្វើឱ្យកម្ពុជាមានសុខសន្តិភាព ពលរដ្ឋរស់នៅដោយសុខសាន្ត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេលជាង ៤៤ ឆ្នាំមកនេះ និងបន្តរស់ក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់ការលះបង់នូវកម្លាំងកាយចិត្ត និងបញ្ញាស្មារតីរបស់ទីប្រឹក្សាមួយចំនួន ដែលជាអតីតមន្រ្តីរាជការក្រសួងព័ត៌មានផ្ទាល់ ដោយការរួមចំណែករបស់ពួកគាត់បានជួយគាំទ្រយ៉ាងខ្លាំង ដល់ការបញ្ចូនព័ត៌មាន ដែលត្រឹមត្រូវមានគុណភាព និងគ្រប់ទម្រង់ទាំងអស់ ទៅកាន់សាធារណជនក្នុងរយៈពេលកន្លងមកនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីតែងអប់រំថា រក្សាចាស់បង្កើនថ្មី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានអប់រំថា ចាស់ស្គាល់ផ្លូវ ក្មេងមានកម្លាំង។ ក្នុងស្មារតីសាមគ្គីភាពនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវរួមកម្លាំងគ្នា ដើម្បីកសាងក្រសួងព័ត៌មានមួយដែលខ្លាំង ហើយទាំងថ្នាក់ដឹកនាំ មន្ត្រី ទីប្រឹក្សា ត្រូវរួមកម្លាំងគ្នាបម្រើប្រជាពលរដ្ឋក្នុងការផ្តល់ព័ត៌មានពិត ជឿទុកចិត្ត និងលឿនរហ័ស៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×