Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យមានការអនុគ្រោះតម្លៃអគ្គិសនីជូនទៅរោងចក្រ សហគ្រាសផ្នែកឧស្សាហកម្មនិងកសិកម្ម

spot_img

តាកែវ ៖​ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សម្តេចបានណែនាំឱ្យមានការអនុគ្រោះតម្លៃអគ្គិសនីជូនទៅរោងចក្រ សហគ្រាសផ្នែកឧស្សាហកម្ម និងកសិកម្មជាង ២ម៉ឺនរោងចក្រ សហគ្រាសចុងឆ្នាំ២០២៣នេះ។

នៅព្រឹកថ្ងៃអង្គារ ​ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានបន្តចុះជួប​សំណេះ​សំណាលជាមួយកម្មករ និយោជិតសរុប ១៨,១០៤នាក់ទៀត មកពីរោងចក្រ សហគ្រាស​​នានា​​ ក្នុងស្រុកបាទី ខេត្តតាកែវ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជាបាន ស្នើឱ្យឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ពិនិត្យការបញ្ចុះតម្លៃភ្លើងក្នុងកម្រិតណាមួយសម្រាប់ ឱ្យសហគ្រាស និងសិប្បកម្មនៅកម្ពុជាអាចបង្កើនការផលិតបន្ថែមទៀត។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ខ្ញុំបានឱ្យឯកឧត្តម កែវ រតនៈ ពិនិត្យមើលតម្លៃអគ្គិសនី តើអាចបញ្ចុះក្នុងកម្រិតណាមួយ ពិសេសទៅលើវិស័យ សហ គ្រាស ធុនតូច និងមធ្យម និងសិប្បកម្ម ឬរោងចក្រ ព្រោះនៅពេលដែលតម្លៃអគ្គិសនី ថោក គាត់នឹងបង្កើនការផលិតថែមទៀត»។ សម្ដេចធិបតីបានលើកឡើងថា អាចមានសហគ្រាសប្រមាណ ២១ ០០០ សហគ្រាស ដែលអាចទទួលបានផលប្រយោជន៍ពី ការបញ្ចុះតម្លៃភ្លើងអគ្គិសនីនេះ។ 

សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានជំរុញឱ្យឯកឧត្ដមរដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពលត្រូវចាប់ផ្តើមធ្វើកុំចាំបាច់អនុវត្តន៍ថ្ងៃក្រោយ គឺចាប់ផ្ដើមអនុវត្តន៍ភ្លាម ចាប់ពីពេលនេះតទៅ។

តាមការអោយដឹងពីឯកឧត្តមបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដងថា កម្មករ និយោជិតដែលចូលរួមក្នុងពិធីសំណេះសំណាលនេះ មកពីរោងចក្រ សហគ្រាស​ចំនួន​១៨។ រោងចក្រ សហគ្រាសទាំង​១៨នេះ មានរោងចក្រកាត់ដេរចំនួន១៣, ផលិតផលធ្វើ​ដំណើរ និងកាបូបចំនួន២, ដេរស្បែកជើងចំនួន២ និងរោងចក្របោកគក់សម្លៀកបំពាក់ចំនួន១។ក្នុងចំណោមកម្មករ និយោជិត ដែលចូលរួមក្នុងពិធីសំណេះ​សំណាល​នោះ មានកម្មការិនីមានផ្ទៃពោះចំនួន ៦៩៤នាក់ផងដែរ។

សម្ដេចអធិបតី ហ៊ុន ម៉ាណែត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ជូនចំពោះបងប្អូនកម្មករកម្មការិនី នាថ្ងៃនេះផងដែរ។ សម្តចធិបតីក៏បានអរគុណអ្នកខេត្តតាកែវ ដែលចេញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងអត្រាខ្ពស់រហូត៨៦.៦%។ អត្រាបោះឆ្នោតនេះ បានបង្ហាញថា ប្រជាពលរដ្ឋគាំទ្រគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

នៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនូវការអបអរសាទរចំពោះប្រាសាទកោះកេរដែលដូនតាខ្មែរ​សាងសង់កាលពីជាង១ពាន់ឆ្នាំមុន ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។សម្តេចធិបានអំពាវនាវប្រជាពលរដ្ឋចូលរួមក្នុងពីធីអបអរសាទរចំពោះព្រឹត្តិការណ៍ ដាក់បញ្ចូលប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ដើម្បីលើកតម្កើងស្មារតីជាតិនិយម។សម្តេចធិបតី ក៏បានអំពាវនាវនៅតាមបណ្តាខេត្តនានា ដាក់បញ្ចាំងស្លាយជូន​ប្រជា​ពលរដ្ឋបានទស្សនាពិធីអបអរសាទរ នៃការដាក់ប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅល្ងាចថ្ងៃទី២០ ខែកញ្ញា ស្អែកនេះ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គ្រាមមិនត្រឹមតែនាំឱ្យប្រជាពលរដ្ឋបែកបាក់គ្នានោះទេ សូម្បីសម្បត្តិដូនតាខ្មែរ ក៏ត្រូវបានប្រាត់ប្រាស់ឆ្ងាយពីប្រទេសជាតិដែរ។ តែសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋរួបរួមគ្នា ហើយព្រលឹងដូនក៏បានត្រឡប់មកកាន់ប្រទេសវិញដែរ។ សុខសន្តិភាពមានសារៈសំខាន់លើសអ្វីទាំងអស់ គ្មានសន្តិភាពគ្មានការងារនោះឡើយ។

សម្តេចធិបតីបន្តទៀតថា សម្តេចបានប្រឹងប្រែងទៅទាក់ទាញអ្នកវិនិយោគ​ពីក្រៅប្រទេសមកហើយ ដូច្នេះថ្នាក់ដឹកនាំខេត្តនីមួយៗត្រូវប្រឹងប្រែងទាក់ទាញបន្តទៅតាម​ខេត្តរបស់ខ្លួន។ នយោបាយរបស់កម្ពុជាឈរលើនិរន្តភាព និងសង្គតិភាព ផ្អែកលើគោលនយោបាយមូលដ្ឋានអធិបតីភាព ឯករាជ្យ ផ្អែកលើច្បាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ប្រទេសសមាជិកអង្គការសហប្រជាជាតិ ១៨១ប្រទេស ប្រកាន់នយោបាយចិនតែមួយ មិនមែនតែកម្ពុជានោះទេ។ សម្តេចធិបតីបានថ្លែងថា មិនមែនតែកម្ពុជានោះទេ ដែលធ្វើពាណិជ្ជកម្មជាមួយចិន។ មានប្រទេសច្រើនណាស់ធ្វើពាណិជ្ជកម្មជាមួយចិន បើអាក្រក់គេមិនធ្វើពាណិជ្ជកម្មជាមួយចិននោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន ប្រធានាធិបតីកូរ៉េ​ខាង​ត្បូង និងហ្វលីពីន ក៏ដូចជាមេដឹកនាំប្រទេសដទៃទៀត ដោយសម្តេចបានបញ្ជាក់ដូចគ្នា គឺនឹងបន្តរក្សាទំនាក់ទំនងដែលធ្លាប់មានជាមួយគ្នា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យជឿទុកចិត្តចុះថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមិនធ្វើឱ្យបាត់បង់ប្រយោជន៍ប្រជាពលរដ្ឋ និងធិបតេយ្យជាតិនោះឡើយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×