ភ្នំពេញ ៖ ឯកឧត្តមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជម្រុញឲ្យអាជ្ញាធរខណ្ឌ បង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង ឲ្យបានខ្លាំងក្លាបំផុត ជាមួយនិងការចុះពិនិត្យនៅតាមដានមើល បារបារាំង ដើម្បីបង្ការនិងទប់ស្កាត់នូវការជួញដូរមនុស្សគ្រប់ទម្រង់។
ការជម្រុញបែបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំ ការពង្រឹងការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ និងការអនុវត្តសេចក្តីសម្រេច ស្តីពីការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួន នៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាពឯកឧត្តមឃួង ស្រេង អភិបាល ជាមួយអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍ថា ការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួននៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ របស់រាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ។ ដូច្នេះ សម្រាប់រដ្ឋបាលរាជធានី ខណ្ឌ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងខ្លាបំផុតក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ពិសេសគឺការអនុវត្ត ការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនសម្រាប់ប្រជាពលរដ្ឋ ដែលកំពុងអាជីវកម្មខ្នាតតូចនៅក្នុងមូលដ្ឋានរបស់ខ្លួនទៅតាមប្រកាសអន្តរក្រសួងលេខ ១៤៣៤២ ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការ ផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្តមឃួង ស្រេង បន្តថា សម្រាប់ច្រកចេញចូលតែមួយ ត្រូវតែបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានលឿន ប្រកបដោយគុណភាព តម្លាភាពនិង ទាន់ពេលវេលា ពិសេសថែមទៀតនោះ ត្រូវតាមដានមើល ច្រកចេញចូលតែមួយនៅថ្នាក់សង្កាត់ធ្វើយ៉ាងណាតម្រង់ទិស អោយមន្ត្រីរបស់យើងអនុវត្តឲ្យបានត្រឹមត្រូវ ទៅតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។ បើថ្នាក់សង្កាត់អនុវត្តមិនបានត្រឹមត្រូវ ថ្នាក់ខណ្ឌនេះហើយ ជាអ្នកទទួលខុសត្រូវ ដូច្នេះត្រូវមើលការងារនេះឲ្យបានគ្រប់ជ្រុងជ្រោយ។
ឯកឧត្តមឃួង ស្រេង បានបញ្ជាក់ផងដែរថា បើទោះបីយើង ផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនក្តី ប៉ុន្តែអាជីវកម្មរបស់ពួកគាត់មួយចំនួននោះ ក៏ត្រូវតែក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់យើងដែរ ដោយក្នុងនាមយើងជាអាណាព្យាបាលពួកគាត់ ត្រូវតែរក្សាឲ្យបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់ជូនពួកគាត់ ។

ពាក់ព័ន្ធនិងការងារសន្តិសុខនេះដែរ ឯកឧត្តមឃួង ស្រេង បានជម្រុញឲ្យ អាជ្ញាធរខណ្ឌ ពិសេសខណ្ឌដូនពេញ ត្រូវបង្ក្រាបគ្រឿងញៀន ល្បែងស៊ីសង់ឲ្យបានខ្លាំងក្លាបំផុត ជាមួយនិងការចុះពិនិត្យនៅតាមដានបា បារាំង ដើម្បីបង្ការនិងទប់ស្កាត់នូវការជួញដូរមនុស្សគ្រប់ទម្រង់។
គួរបញ្ជាក់ថា៖ ចំពោះការផ្អាកផ្តល់សេវារដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទ ដែលកំណត់ដោយប្រកាសអន្តរក្រសួងលេខ ១៤៣៤២ ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការ ផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិរួមមាន៖ អាជីវកម្មសិល្បៈសូនរូប ទីតាំងផលិត និងលក់ចម្លាក់ ពុម្ភស៊ីម៉ងត៍ ជាងគំនូរ ។ អាជីវកម្មកាត់សក់ អ៊ុតសក់ លម្អក្រចក និងសម្អាងការ (ហាង) កាត់សក់បុរស (ចាប់ពី ២កៅអី ទៅ ៤កៅអី) – កាត់សក់បុរស (ចាប់ពី ៥កៅអី ឡើងទៅ) – អ៊ុតសក់ កាត់សក់ លម្អក្រចក ( ចាប់ពី ២កៅអី ទៅ ៤កៅអី) – អ៊ុតសក់ កាត់សក់ លម្អក្រចក (ចាប់ពី ៥កៅអី ឡើងទៅ – សម្អាងការ (តម្លៃក្រោម ៥០០ដុល្លារអាមេរិក) – សម្អាងការ ( តម្លៃចាប់ពី ៥០០ដុល្លារអាមេរិក ដល់ក្រោម ១.០០០ដុល្លារអាមេរិក) ។ – អាជីវកម្មលក់សម្ភារកីឡា រួមទាំងការធ្វើសុពលភាពឡើងវិញ ។ – ភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងស្រុក – តូបលក់អាហារ – ហាងលក់គុយទាវ កាហ្វេ- ម៉ូតូឌុបទេសចរណ៍ – ម៉ូតូជួលទេសចរណ៍ – រ៉ឺម៉កម៉ូតូដឹកទេសចរណ៍ – ផលិតជើងតាង ពាង លូ ឥដ្ឋការ៉ូ – ធ្វើទៀន ធូប – ដំឡើងម៉ាស៊ីនអគ្គិសនីសម្រាប់ធ្វើសេវាកម្មបញ្ចូលអាគុយ ដែលមានកម្លាំងមិនលើសពី ២៥គីឡូវ៉ាត់ – ជួសជុលគ្រឿងអគ្គិសនីអេឡិចត្រូនិក- លាងរថយន្ត ម៉ូតូ លាងម៉ូតូ . វិស័យពាណិជ្ជកម្ម – លិខិតអនុញ្ញាតធ្វើអាជីវកម្ម សេវាកម្មពាណិជ្ជកម្ម . វិស័យកសិកម្ម – លិខិតអនុញ្ញាតធ្វើអាជីវកម្មលក់ដុំ រាយ សម្ភារកសិកម្ម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី




