ពោធិសាត់ ៖ ករណីទឹកលិចស្រូវទុំរបស់កសិករជាច្រើនហិចតា នៅខាងលិចភូមិតាលោឃុំតាលោ ស្រុកបាកាន តាំងពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៧ មកនោះ ទោះមានអន្តរាគមន៍ពីលោកម៉ៅ ធនិនអភិបាលខេត្តពោធិសាត់ ក៏ថ្នាក់ក្រោមមិនអើពើដោះស្រាយអ្វីឡើយមកទល់ថ្ងៃទី១៨វិច្ចិកានេះ។
ទីតាំងស្រែនោះស្ថិតនៅជាប់ការដ្ឋានផ្លូវលំក្រាលកៅស៊ូនៃគម្រោងកែលម្អផ្លូវលំជនបទជំហាន២ (ផ្លូវពីប្រជុំជនឃុំទៅភូមិប្រហាលឃុំតាលោស្រុកបាកានខេត្តពោធិសាត់ ដល់ព្រំប្រទល់ស្រុករុក្ខគីរីខេត្តបាត់ដំបង) របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមឥណទានធនាគារនីហរ័ណ-អាហរ័ណកូរ៉េ ឥណទានលេខKHM-16 ដែលអនុវត្តពីថ្ងៃទី៧តុលាឆ្នាំ២០១៦ដល់ថ្ងៃទី២៦មិនាឆ្នាំ២០១៩ មានអ្នកម៉ៅកាគឺក្រុមហ៊ុនម៉ៅការសាងសង់របស់ក្រុមហ៊ុនហានស៊ីនអ៊ិនជីនញារីង និងខន់ស្ត្រា់សិនខូ អិលធីឌី (HANSHIN Engineering&Construction Co,Ltd)និងទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនកូរ៉េខន់សាល់ថិន អ៊ិនធឺណាស់សិនណលសហការនឹងក្រុមហ៊ុនសាំបូអ៊ិនជឹញារីងខូអិលធីឌី(KCI)។
កសិកររងគ្រោះពីទឹកលិចស្រូវនេះអោយគេហទំព័រCEN ដឹងកាលពីថ្ងៃទី១៧វិច្ឆិកាថា៖ មូលហេតុនាំអោយទឹកលិចនោះមកពីក្រុមម៉ៅការសាងសង់ធ្វើស្ពានអោយក្រុមហ៊ុនហាន់ស៊ិនបានបិទផ្លូវទឹកត្រង់ស្ពានឈើដើម្បីសាងសង់ស្ពានបេតុងថ្មី ដោយទប់ធ្វើផ្លូវវាងបណ្តោះអាសន្នតាំងពីថ្ងៃទី១៤វិច្ចឹកាឆ្នាំ២០១៧កន្លងមក។ ទឹកបានបង្កលិចបាននាំអោយស្រូវទុំក្នុងស្រែទំហំ៤ទៅ៦ហិចតារងគ្រោះខូចខាត និងច្រូតមិនកើតព្រោះទឹកជ្រៅពេក។ កសិកនោះបានស្នើសុំលោកយ៉ាំ យ៉េន មេឃុំតាលា ម្ចាស់ដែនដីមូលដ្ឋាននិងក្រុមជាងនៃក្រុមហ៊ុនហាន់ស៊ីងដោះស្រាយបន្ទាន់ព្រោះស្រូវទុំត្រៀមនឹងច្រូតហើយ។ ប៉ុន្តែគ្មានលទ្ធផល ដោយខាងក្រុមហ៊ុនគិតតែខាងប្រយោជន៍ផ្ទាល់ខ្លួន មិនខ្វល់ពីការបង្កប៉ះពាល់ ខូចខាតដល់ស្រូវរបស់កសិករឡើយ។ ដោយសារនៅខេត្តពោធិសាត់ ពលរដ្ឋ កម្មករ កសិករ មន្ត្រីឬអាចថានរណាក៏ដោយអាចទំនាក់ទំនងតាមលេខទូរស័ព្ទសុំដំណោះស្រាយឬមានយោបល់អ្វីមួយយ៉ាងងាយស្រួលជាមួយលោកម៉ៅ ធនិន អភិបាលខេត្តពោធិសាត់នោះ នៅថ្ងៃទី១៦វិច្ឆិកា កសិករបានហៅទូរស័ព្ទសុំអន្តរាគមន៍ដោះស្រាយពីលោកអភិបាលខេត្ត។
លោកម៉ៅ ធនិន បានឆ្លើតបភ្លាមៗគួរអោយកក់ក្តៅបំផុត ដោយលោកបានបញ្ជាណែនាំទៅលោកអភិបាលរងខេត្តទទួលបន្ទុក ទៅលោកប្រធានមន្ទិរអភិវឌ្ឍន៍ជនបទនិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធអោយទៅធ្វើការដោះស្រាយបន្ទាន់ជាមួយក្រុមហ៊ុនហាន់សុីនដែលស្ថាបនាផ្លូវលំជំហានទី២នោះ។
ប៉ុន្តែ គួរអោយស្តាយរហូតព្រឹកថ្ងៃទី១៨វិច្ឆិកានេះ ការអន្តរាគមន៍របស់លោកអភិបាលខេត្តមិនត្រូវបានថ្នាក់ក្រោមអើពើដោះស្រាយបានជាផ្លែផ្កាអ្វីឡើយ។ ទឹកបន្តលិច ហើយឡើងកាន់តែខ្ពស់ព្រោះមានភ្លៀងបន្ថែមខ្លះផង។ បើពិនិត្យទៅលើបច្ចេកទេសវិញ សំណង់លូមូលរបស់ក្រុមហ៊ុនហាន់ស៊ីនដែលដាក់ត្រង់ផ្លូវវាង ហើយបិទផ្លូវទឹកនោះ បើទោះជាធ្វើរួចក៏ទឹកហូរមិនទាន់ដែរព្រោះមុខកាត់តូចពេក។ ម្យ៉ាងទៀតការទប់បិទផ្លូវទឹកធ្វើផ្លូវវាងដើម្បីសាង់សងស្ពាននោះ ក៏ក្រុមហ៊ុនដូចជាមិនបានពិនិត្យពីស្ថាននភាពអាកាសធាតុនិងមុខទឹកហូរដែរ ។ពលរដ្ឋនៅឃុំនេះរីះគន់ថា ក្រុមហ៊ុននេះគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប៉ះពាល់ខូខខាតប្រយោជន៍ពលរដ្ឋឡើយ។ ដូច្នេះ អាចដោះស្រាយមានតែកាយផ្តាច់ផ្លូវវាងនោះវិញសិន ដោយអោយចរាចរណ៍នានាធ្វើលើស្ពានឈើរបស់ផ្លូវតែ១ឬ២ថ្ងៃ ។នោះទឹកនឹងស្រក ឯកសិករនឹងដាក់ម៉ាស៊ីនច្រូតកាត់ស្រូវទុំដែលសេសសល់ពីខូចខាតនោះរួចអស់ហើយ។
មកទល់ថ្ងទី១៨វិច្ឆិកានេះ ស្រូវបានខូចខាតមួយចំនួនហើយ តែកសិករក៏នៅតែមិនបានលើកតវ៉ាបាតុកម្មបិទផ្លូវដើម្បីសុំដំណោះស្រាយអីដែរព្រោះស្តាប់សមត្ថកិច្ចនិងអាជ្ញាធររង់ចាំដោះស្រាយដោយសន្តិវិធី។ ជាងនេះទៅទៀត ករណីនេះ ក៏មានការស្នើសុំទៅលោកឃុត ទូច ប្រធានការិយាល័យផ្លូវលំនិងលោកធីម សុធារ៉ា ប្រធានមន្ទិរអភិវឌ្ឍន៍ជនបទខេត្តពោធិសាត់ដើម្បីជួយអន្តរាគមន៍ទៅក្រុមហ៊ុនហាន់សុីនអោយកាយបើកមុខទឹក។ ទោះយ៉ាងនេះក្តីក៏នៅតែគ្មានបានលទ្ធផលអ្វីដដែល។
ប៉ុន្តែលោកប្រធានមន្ទិរថា បើក្រុមហ៊ុននេះមិនដោះស្រាយទេ ជំនាញនឹងអោយគេយកត្រាក់ទ័រអេស្ការវ៉ាទ័រផ្សេងទៅកាយផ្តាច់ផ្លូវវាងបើកមុខទឹកបង្ហូរកុំអោយលិចស្រូវកសិករតទៅទៀតនៅថ្ងៃទី១៨វិច្ឆិកានេះ ។កសិកររង់ចាំមើលដំណោះស្រាយពីមន្ទិរជំនាញអន្តរាគមន៍ទៅក្រុមហ៊ុនហាន់ស៊ីន ក៏ដូចជាសំណូមពរជាថ្មីពីលោកម៉ៅ ធនិន អភិបាលខេត្តពោធិសាត់ សូមមេត្តាអន្តរាគមន៍ជាថ្មីដោយក្តីអនុគ្រោះដើម្បីដោះស្រាយទុក្ខលំបាករបស់កសិករដែលរងខូចខាតនេះផង៕ ដោយ ៖ បន្ទាយ