ភ្នំពេញ៖ បើទោះបីជាមានការរំខាន ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ និងវិបិត្តសេដ្ឋកិច្ចសាកលយ៉ាងណាក៏ដោយ ក៏កម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសមួយចំនួនដ៏ទៃទៀត ដែលតម្លៃអគ្គិសនី មិនមានការប្រែប្រួល ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០។
តម្លៃអគ្គិសនីខ្ពស់ បើធៀបនឹងបណ្ដាប្រទេសផ្សេងទៀត អាចជាឧបសគ្គក្នុងការទាក់ទាញការវិនិយោគនៅក្នុងវិស័យផលិតកម្មផ្សេងៗចូលមកកម្ពុជា។
ដើម្បីទាក់ទាញអ្នកវិនិយោគ ថ្មីៗនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំឲ្យឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល សិក្សាពីលទ្ធភាពក្នុងការបញ្ចុះតម្លៃអគ្គិសនីជូនរោងចក្រ សហគ្រាស ប្រមាណ ២១.០០០រោងចក្រ សហគ្រាស ដើម្បីជាចំណែកជួយសម្រួលដល់និយោជក ក្នុងការពង្រីកច្រវាក់ផលិកម្ម និងជំរុញការនាំចេញ។
ការណែនាំនេះ គឺក្នុងឱកាសជួបជាមួយកម្មករ កម្មការិនី ប្រមាណជិត ២ម៉ឺននាក់ នៅខេត្តតាកែវ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការសិក្សាបញ្ចុះលទ្ធភាពនេះ អាចអនុវត្តសាកល្បងចាប់ពីខែតុលា ឆ្នាំ២០២៣នេះ រហូតដល់ដំណាច់ឆ្នាំ២០២៣។
អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃអគ្គិសនីនៅកម្ពុជា មិនមានការផ្លាស់ប្តូរខ្លាំងនោះទេ។ តម្លៃបានស្ថិតនៅថេរចន្លោះ ៤៨០-៧៤០ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង (អាស្រ័យលើការប្រើប្រាស់ក្នុងគ្រួសារនីមួយៗ) ហើយក៏ជាតម្លៃ ដែលខ្ពស់ជាងគេ ក្នុងចំណោមបណ្ដាប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍។
អ្នកជំនាញ បានអះអាងថា តម្លៃអគ្គិសនី ជាចំណែកមួយយ៉ាងសំខាន់ នៅក្នុងសេដ្ឋកិច្ច កាលណាតម្លៃអគ្គិសនី អាចទទួលយកបាន នោះនឹងរួមចំណែកជួយដល់ការពង្រីកច្រវាក់ផលិកម្ម ជំរុញការនាំចេញ និងជីវភាពរស់នៅរបស់ប្រជាជន៕