បុរសជាអតិថិជនម្នាក់ រពិសដៃខ្លាំងពេក ដោយស្ទាបគូថរបស់អ្នកបំរើក្នុងភោជនីដ្ឋានមួយ មានអីត្រូវដេកគុកអស់ ២ថ្ងៃ បន្ទាប់ពីស្ត្រីវ័យក្មេងរូបនោះ បានចាប់ទាញគាត់មកផ្តួលបោកទៅនឹងជញ្ជឹង និងប្តឹងប៉ូលិសឲ្យចាប់តែម្តង។
នារីក្លាហានរូបនោះមានឈ្មោះថា Emelia Holden អាយុ ២១ឆ្នាំ។ នាងគឺជាអ្នកបម្រើនៅក្នុងភោជនីដ្ឋាន Vinnie Van Go-Go ក្នុងទីក្រុង Savannah រដ្ឋ Georgia សហរដ្ឋអាមេរិច។
បើតាមវីដេអូដែលថតបានដោយកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា មុនពេលកើតហេតុណ៍ នារីស្រស់ស្អាតរូបនោះបានយកក្រដាសពីភ្ញៀវម្នាក់មកគិតលុយ បន្ទាប់មកមានបុរសម្នាក់បានដើរកាត់ រួចយកដៃស្ទាបគូទរបស់នាង និងធ្វើមិនដឹង។
ទោះយ៉ាងណា ចេតនារបស់គាត់ ប្រហែលជាធ្វើឲ្យគាត់ស្តាយក្រោយហើយ ដោយសារនារីក្លាហាននោះ បានប្រឆាំងទៅនឹងទង្វើមិនមានការគោរពចំពោះនាង ដោយនាងទៅចាប់អាវបុរសម្នាក់នោះ រួចរុញបោកដួលទៅនឹងជញ្ជាំង និងបានឲ្យបុគ្គលិកដទៃទៀត តេហៅប៉ូលិសមក។
នារីវ័យក្មេងរូបនោះ បានប្រាប់សារពត៌មាន Daily Mail ដូច្នេះថា “ខ្ញុំធ្វើអ្វី ដែលខ្ញុំអាចធ្វើបាន។ ខ្ញុំចាប់បុរសម្នាក់នោះ ហើយឲ្យអ្នកធ្វើការជាមួយគ្នាតេហៅប៉ូលីសមក។ នៅពេលប៉ូលីសមកដល់ និងបានពិនិត្យមើលវីដេអូ ពួកគេក៏បានចាប់បុរសនោះភ្លាម។ គាត់ដេកក្នុងគុកអស់ ២ថ្ង។ បើតាមយោបល់ខ្ញុំ គឺគាត់សមនឹងទទួលបែបនោះ”។
Emelia ក៏មានសារផ្ញើដល់នារីដទៃផងដែរថា ដោយនាងលើកឡើងថា “អ្វីដែលជាបទពិសោធន៍របស់ខ្ញុំនេះគឺខ្ញុំចង់ឲ្យស្ត្រីគ្រប់រូបយល់ថា នឹងមានសិទ្ធិគ្រប់គ្រាន់ក្នុងការការពារខ្លួន។ អ្នកមានសិទ្ធិស្លៀកពាក់អ្វីដែលអ្នកចូលចិត្ត ហើយពិតណាស់ អ្នកមានសិទ្ធិការពារខ្លួន”៕ សុភ័ក្ត្រ