ភ្នំពេញ ៖ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញប្រកាសព័ត៌មានថា អូស្ត្រាលី និងកម្ពុជា បានរួមគ្នាបើកដំណើរការភាពជាដៃគូថ្មីមួយ លើវិស័យកែច្នៃចំណីអាហារ ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងផ្នែកកសិ-ចំណីអាហាររបស់កម្ពុជា ដើម្បីអភិវឌ្ឍផលិតផលថ្មី ទទួលបានស្តង់ដារសុវត្ថិភាពចំណីអាហារ និងពង្រីកទីផ្សាររបស់ពួកគេ។
ភាពជាដៃគូនេះ ត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាលកម្ពុជាតាមរយៈសហគ្រាសខ្មែរ (KE) និងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ កិច្ចការងារធំៗទាំងបីនៃភាពជាដៃគូនេះ រួមមាន៖មូលនិធិកែច្នៃចំណីអាហារ, វិស័យសេវាកម្មកែច្នៃចំណីអាហារ និងកម្មវិធីថ្នាក់ជាតិស្តីពីការកែច្នៃកសិ-ចំណីអាហារ។

កិច្ចការងារធំៗទាំងបីនៃភាពជាដៃគូគឺរួមមាន៖
- មូលនិធិកែច្នៃចំណីអាហារ៖ ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម ដើម្បី បង្កើតផលិតផលថ្មី ពង្រីកទីផ្សាររបស់ពួកគេ ឬបំពេញតាមស្តង់ដារសុវត្ថិភាពចំណីអាហារ។
- វិស័យសេវាកម្មកែច្នៃចំណីអាហារ៖ ជួយដល់សហគ្រាសធុនតូច និងមធ្យមក្នុងការទទួលបានសេវាម្ហូបអាហារ និងបច្ចេកវិទ្យា ដូចជាការកែច្នៃចំណីអាហារ បច្ចេកវិទ្យា ព័ត៌មានទីផ្សារ ម៉ាកយីហោ និងការវេចខ្ចប់។
- កម្មវិធីថ្នាក់ជាតិស្តីពីការកែច្នៃកសិ -ចំណីអាហារ៖ ការប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីចែករំលែកចំណេះដឹង និងគំនិតអំពីការច្នៃចំណីអាហារ។

ឯកឧត្តម ចាស្ទីន វ៉ាយអេត ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “អូស្ត្រាលី ប្តេជ្ញាគាំទ្រ ដល់ការអភិវឌ្ឍវិស័យកសិ-ចំណីអាហារឱ្យមានភាពរស់រវើក ដែលអាចរួមចំណែកទៅដល់ការរីកលូតលាស់នូវ សេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាពនៅប្រទេសកម្ពុជា”។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរបាន មានប្រសាសន៍ថា “ស្រប តាមចក្ខុវិស័យ និងបេសកកម្មរបស់សហគ្រិនខ្មែរ ក្នុងការពង្រីកសក្តានុពលទីផ្សារសម្រាប់សហគ្រាសធុន តូច និងមធ្យម ទាំងក្នុងស្រុក និងក្រៅស្រុក មូលនិធិនេះនឹងជួយលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងផ្តល់ឱ្យពួកគេនូវធនធាន ដែលពួកគេត្រូវការដើម្បីទទួលបានជោគជ័យ” ។
អូស្ត្រាលី ប្តេជ្ញាគាំទ្រដល់ការអភិវឌ្ឍវិស័យកសិ-ចំណីអាហារឲ្យមានភាពរស់រវើក ដែលអាចរួមចំណែកទៅដល់ការរីកលូតលាស់ នូវសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាពនៅប្រទេសកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី




