នេះត្រូវបានគេចាត់ទុកថា ជាករណីថ្មីដ៏កម្រមួយនៅព្រលានយន្តហោះ ហើយហេតុការណ៍ទាំងមូលត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញសន្តិសុខស្រីម្នាក់ នៅអាកាសយានដ្ឋានមួយក្នុងប្រទេសហ្វីលីពីន បែរជាកើតមានគំនិតបន្លំលួចយកប្រាក់របស់អ្នកដំណើរ ដែលធ្វើឱ្យសាធារណជនភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាមនុស្សត្រូវបានរំពឹងទុកចិត្ត បែរជាធ្វើទង្វើបែបនេះ។
យោងតាមព័ត៌មានដែលបានចេញផ្សាយនៅក្នុង Mothership ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅច្រកចេញដំណើរលេខ1 នៃអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ដែលត្រូវបានគេស្គាល់ថាជា (អាកាសយានដ្ឋានអន្តរជាតិម៉ានីល ព្រោះវាបម្រើដល់រដ្ឋធានីម៉ានីល និងតំបន់ជុំវិញ) ក្នុងប្រទេសហ្វីលីពីន។
អ្នកដំណើរប្រុសម្នាក់ឈ្មោះ Cai បានដាក់កាបូបរបស់គាត់នៅលើថាស ដើម្បីឱ្យវាឆ្លងកាត់ម៉ាស៊ីនស្កែន ក្នុងអំឡុងពេលដំណើរការត្រួតពិនិត្យសុវត្ថិភាព នៅឯព្រលានយន្តហោះ។ បន្ទាប់មក សន្តិសុខស្ត្រីម្នាក់បានយកថាសដែលមានកាបូបរបស់លោក Cai មកដាក់លើតុដើម្បីពិនិត្យដោយដៃម្តងទៀត។
បន្ទាប់ពីឆែកកាបូបរបស់លោក Cai បុគ្គលិកស្រីរូបនេះបានបែរចេញ ដោយដៃឆ្វេងរបស់នាង កាន់ជាប់ដោយហាក់ដូចជាលាក់របស់អ្វីមួយនៅក្នុងដៃ។ បន្ទាប់មក សន្តិសុខស្រីរូបនេះ បានប្រញាប់ដាក់របស់នោះនៅក្នុងខ្លួនរបស់នាង ហើយត្រឡប់ទៅតុត្រួតពិនិត្យវិញ។ តែនៅពេលនោះ លោក Cai ស្រាប់តែបានដឹងថា កាបូបរបស់គាត់ត្រូវបានបើក ហើយកាក់ជាច្រើនមានតម្លៃរហូតដល់ ៣០០ ដុល្លារអាមេរិក ត្រូវបានបាត់។
លោក Cai បានប្រឈមមុខនឹងមន្ត្រីសន្តិសុខស្រីរូបនេះ រួមជាមួយនឹងមន្ត្រីសន្តិសុខម្នាក់ទៀតអំពីបញ្ហានេះ។ នៅពេលនោះ បុគ្គលិកម៉ាស៊ីនស្កែនម្នាក់បានផ្តល់ដបទឹកមួយដបដល់មន្ត្រីសន្តិសុខស្រីនោះ។ បន្ទាប់ពីទទួលបានដបទឹកភ្លាម មន្ត្រីសន្តិសុខស្រីបានបែរខ្នង ហើយព្យាយាមលេបក្រដាសប្រាក់ពីរបីសន្លឹក ដោយរុញវាចូលក្នុងមាត់របស់នាង។ ប៉ុន្តែនាងមិនបានដឹងថា នៅពីមុខនាងជាកាមេរ៉ាសុវត្ថិភាពនោះទេ ដូច្នេះឥរិយាបថទាំងមូលរបស់នាងត្រូវបានថតទុក។
របាយការណ៍ផ្លូវការពីអាកាសយានដ្ឋានក៏បង្ហាញដែរថា អ្នកគ្រប់គ្រងបានដើរទៅរកមន្ត្រីសន្តិសុខស្រី ខណៈដែលនាងកំពុងព្យាយាមលេបកាក់ជាក់ស្តែង ដើម្បីធានាការបំផ្លាញភស្តុតាង។ ដូច្នេះហើយ ទាំងអ្នកគ្រប់គ្រង និងប្រតិបត្តិករម៉ាស៊ីនស្កេន អាចជាអ្នកសមគំនិតរបស់មន្ត្រីសន្តិសុខស្រី ក្នុងការលួចលុយនេះ។
កាលពីថ្ងៃទី១៨ ខែកញ្ញា ការិយាល័យសន្តិសុខដឹកជញ្ជូន (OTS) បាននិយាយថា ខ្លួនកំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិម៉ានីល និងទីភ្នាក់ងារសន្តិសុខអាកាសចរណ៍ប៉ូលីសជាតិហ្វីលីពីន ដើម្បីស៊ើបអង្កេតករណីនេះ និងនាំអ្នកប្រព្រឹត្តខុសមកផ្ដន្ទាទោសចំពោះមុខច្បាប់។
បច្ចុប្បន្ន សន្តិសុខស្រីរូបនេះ ដែលជាប់សង្ស័យលួចលុយអ្នកដំណើរ Cai ត្រូវបានផ្អាកពីការងារហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង