កាលពីពេលថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គមរបស់ចិន បានផ្សព្វផ្សាយព័ត៌មានអំពីស្ដ្រីមេម៉ាយកូន១ដែលមានរូបសម្រស់ដ៏ស្រស់ឆើតឆាយម្នាក់ម្នាក់ ដែលចង់ស្វែងរកឪពុកចុងឱ្យកូនប្រុសអាយុ ៣ ឆ្នាំ របស់នាង នៅ “ផ្សារផ្គូរផ្គង” នៃឧទ្យានសាធារណៈមួយកន្លែង បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។
យោងតាមការណែនាំខ្លួនឯង ស្រ្តីកូន១នៅលីវរូបនេះបានប្រកាសឲ្យដឹងថា នាងមានអាយុ ២៨ ឆ្នាំ កម្ពស់ ១.៦៤ ម៉ែត្រ ប្រាក់ចំណូលប្រចាំឆ្នាំ 600,000 យន់ (ប្រមាណជាង ៨២,០០០ ដុល្លារ) បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ មានផ្ទះ និងឡាន។ ពេលនេះនាងមានបំណងចង់មករកឪពុកចុងឱ្យកូនប្រុសអាយុ ៣ ឆ្នាំរបស់នាង ហើយលក្ខខណ្ជជ្រើសរើសសម្រាប់ដៃគូ គឺមានតែពីរប៉ុណ្ណោះ ទី១ «បញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ឬខ្ពស់ជាងនេះ» និងទី២ «រស់នៅក្នុងគ្រួសារដ៏មានសុភមង្គល»។
លក្ខខណ្ឌទាំងពីរនេះមិនគួរជាបញ្ហានោះទេ បើទោះបីជាម្តាយនៅលីវរូបនេះរស់នៅជាមួយកូនប្រុសអាយុ ៣ ឆ្នាំក៏ដោយ។ ប៉ុន្តែ ការលើកឡើងបន្ទាប់របស់នាង បានធ្វើឱ្យមនុស្សជាច្រើនងឿងឆ្ងល់ថា តើហេតុអ្វីបានជានាងមិនចង់បានកូនជាមួយប្តីក្រោយ?។
ស្ត្រីរូបនេះបន្តថា មូលហេតុដែលនាងដាក់លក្ខខណ្ឌដ៏សាមញ្ញបែបនេះ គឺដើម្បីឲ្យបុរសនោះអាចប្រព្រឹត្តិល្អចំពោះកូនប្រុសរបស់នាង, មិនវាយធ្វើបាប ឬប្រព្រឹត្តខុសពីគេ។ ហើយមូលហេតុដែលនាងមិនចង់ «មានកូន» ជាមួយប្តីក្រោយ ដោយនិយាយចំៗថា ការរៀបការនេះ គឺដើម្បីតែកូនប្រុសរបស់នាងម្នាក់គត់ប៉ុណ្ណោះ។
ក្រោយពីបានឮដូច្នេះហើយ មនុស្សម្នាដែលមានវត្តមាននៅក្នុង “ផ្សារផ្គូផ្គង” នៅពេលនោះ និងអ្នកដែលបានឃើញព័ត៌មាននៅលើបណ្តាញសង្គម នាំគ្នាភ្ញាក់ផ្អើល និងបានគិតថា ស្រ្តីរូបនេះគឺជាមនុស្សអាត្មានិយម។ ក្នុងនោះ មនុស្សជាច្រើនបានលើកឡើងទាំងហួសចិត្តថា៖ “តើមានបុរសណាទៅដែលសុខចិត្តរៀបការជាមួយអ្នកដែលមិនចង់បង្កើតកូនជាមួយខ្លួននោះ? ហើយមកចិញ្ចឹមកូនរបស់ប្រពន្ធគេពេញមួយជីវិត? នាងគិតថានាងថ្លៃថ្នូរសម្រាប់កូនៗរបស់នាង ប៉ុន្តែតាមពិតនាងអាត្មានិយមពេកហើយ។ អ្វីដែលនាងត្រូវការគឺមិនមែនប្ដីទេ តែជាមេដោះប្រុស, លក្ខខណ្ឌរបស់អ្នកក៏ល្អដែរ ប៉ុន្តែខ្ញុំខ្លាចថាវាពិបាករកបុរសបែបនេះ។ តើឪពុកម្តាយក្មេកនឹងគិតយ៉ាងណា នៅពេលដែលកូនប្រសារបស់ខ្លួនមានកូនផ្ទាល់ខ្លួន ហើយមិនព្រមបង្កើតចៅឲ្យពួកគេបាន?, នាងនិយាយដោយជឿជាក់ថានាងមានបរិញ្ញាបត្រ ហើយប្រាក់ខែប្រចាំឆ្នាំមិនតិចទេ។ តើបុរសណាដែលមិនចង់បាននាង? ព្រោះបុរសនោះមិនចាំបាច់ខំប្រឹងប្រែងរកលុយច្រើនទេ ហើយក៏មិនចាំបាច់ធ្វើការដែរ គ្រាន់តែនៅផ្ទះ និងមើលថែកូនប្រុសរបស់នាងបានហើយ។
តែអ្នកខ្លះក៏គិតស្មានថា ស្រ្តីរូបនេះប្រហែលបានឆ្លងកាត់ការឈឺចុកចាប់ជាច្រើន ក្នុងទំនាក់ទំនងជាមួយអតីតប្តីរបស់នាង ដូច្នេះហើយទើបបានជានាងសម្រេចចិត្ត ដោយសុខចិត្តលះបង់សុភមង្គលផ្ទាល់ខ្លួន ដរាបណាកូនរបស់នាងអាចអភិវឌ្ឍបានល្អបំផុត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង