Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលកម្ពុជា បន្តនូវគោលនយោបាយ និងកិច្ចសហប្រតិបត្តិការ ជាមួយអង្គការសហប្រជាជាតិ ដោយមិនមានការផ្លាស់ប្តូរ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូន ឯកឧត្តម អង់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) អគ្គលេខាធិការ អង្គការសហប្រជាជាតិ ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចធិបតី នឹងបន្តនូវគោលនយោបាយ និងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ដោយមិនមានការផ្លាស់ប្តូរឡើយ។ ជាក់ស្ដែង កម្ពុជាបន្តចូលរួមនៅក្នុងកិច្ចប្រតិបត្តិការថែរក្សា និងកសាងសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ដោយបានបញ្ជូនមន្ត្រីជំនាញខាងដោះមីន និងជំនាញផ្សេងទៀត ទៅបំពេញបេសកកម្ម ក្រៅប្រទេស ដែលមានចំនួនប្រមាណជាង ៩.០០០ ពាន់នាក់ គិតមកដល់សព្វថ្ងៃនេះ។

នាព្រឹកថ្ងៃសុក្រទី២២ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម អង់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ ។

ជាកិច្ចចាប់ផ្ដើម, ឯកឧត្តមអគ្គលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ សម្ដេចធិបតី និងគណៈប្រតិភូ និងបានគូសបញ្ជាក់ថា ប្រទេសនីមួយៗ ជាពិសេស ប្រទេសដែលមានប្រាក់ចំណូលទាប ត្រូវរៀបចំឱ្យបានច្បាស់លាស់ នូវក្របខ័ណ្ឌគោលនយោបាយអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច តាមរយៈការបន្ស៊ី ជាមួយគោលដៅអភិវឌ្ឍប្រកបចីរភាព របស់អង្គការសហប្រជាជាតិ។ ក្នុងន័យនេះ ឯកឧត្ដមអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ក្នុងការរៀបចំយុទ្ធសាស្ត្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពោលគឺ យុទ្ធសាស្ត្របញ្ចកោណ ដែលបានបន្ស៊ីជាមួយគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនេះ។ ឯកឧត្តមអគ្គលេខាធិការ ក៏បានអរគុណដ៏ជ្រាលជ្រៅចំពោះប្រទេសកម្ពុជាដែលបានចូលរួម និងបញ្ជូនមន្ត្រីទៅបំពេញការងារកសាងសន្តិភាព នៅតាមបណ្តាប្រទេសមួយចំនួន។

ជាការឆ្លើយតប, សម្ដេចធិបតី ក៏មានក្តីសោមនស្សដែលបានជួបសម្តែងការគួរសមជាមួយ ឯកឧត្តមអគ្គលេខាធិការ នៅទីក្រុងញូវយ៉ក ក្រោយពីបានជួបពិភាក្សាគ្នាកាលពី ២សប្ដាហ៍មុន នៅទីក្រុងហ្សាការតា នៃប្រទេសឥណ្ឌូនេស៊ី និងបានរំលេចថា បញ្ហាប្រឈមនៅបន្តមាន គ្រាន់តែស្ថិតនៅក្រោមទម្រង់ផ្សេងៗគ្នាប៉ុណ្ណោះ។ ក្នុងន័យនេះ សម្ដេចធិបតី បានរំលេចថា ការរក្សាបាននូវសន្តិភាព និងស្ថិរភាព គឺជាអ្វីដែលប្រទេសទាំងអស់ចាំបាច់ត្រូវសម្រេចឱ្យបាន នៅក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជាមួយនឹងកត្តាសន្តិភាពនេះ ក្នុងនាមប្រជាជន និងប្រទេសកម្ពុជា សម្ដេចអធិបតី សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសហប្រជាជាតិ ដែលបានរៀបចំដំណើរការកសាងសន្ដិភាព និងការរៀបចំការបោះឆ្នោតនៅកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលនាំឱ្យកម្ពុជាមានថ្ងៃនេះ។

ជាមួយគ្នានេះ សម្តេចធិបតី ក៏វាយតម្លៃខ្ពស់ចំពោះការចូលរួម និងឧបត្ថម្ភគាំទ្រពីសំណាក់អង្គការសហប្រជាជាតិ ក្នុងកិច្ចដំណើរការនៃការរៀបចំតុលាការកាត់ទោសខ្មែរក្រហម ដែលអនុញ្ញាតឱ្យកម្ពុជាបិទបញ្ចប់នូវទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ដើម្បីធ្វើដំណើរឆ្ពោះទៅរកអនាគតមួយដ៏ត្រចះត្រចង់។ សម្តេចធិបតី ក៏បានជម្រាបជូន ឯកឧត្តមអគ្គលេខាធិការ ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចធិបតី នឹងបន្តនូវគោលនយោបាយ និងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ដោយមិនមានការផ្លាស់ប្តូរឡើយ។ ជាក់ស្ដែង កម្ពុជាបន្តចូលរួមនៅក្នុងកិច្ចប្រតិបត្តិការថែរក្សា និងកសាងសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ដោយបានបញ្ជូនមន្ត្រីជំនាញខាងដោះមីន និងជំនាញផ្សេងទៀត ទៅបំពេញបេសកកម្ម ក្រៅប្រទេស ដែលមានចំនួនប្រមាណជាង ៩.០០០ ពាន់នាក់ គិតមកដល់សព្វថ្ងៃនេះ។
ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស កម្ពុជាបន្តការកសាងសង្គមមួយ ដោយឈរលើការគោរពច្បាប់ និងគោលការណ៍នីតិរដ្ឋ ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ជាងនេះទៅទៀត ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចធិបតី បានចុះហត្ថលេខាបន្តសុពលភាពអាណត្តិរបស់អ្នកវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស ដែលនេះឆ្លុះបញ្ចាំងអំពីសុច្ឆន្ទៈរបស់កម្ពុជាក្នុងការកែលម្អស្ថានភាពសិទ្ធិមនុស្ស បើទោះបីជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល មិនមានប្រទេសណាអនុញ្ញាតឱ្យមានការិយាល័យរបស់អ្នកវាយតម្លៃស្ថានភាពសិទ្ធិមនុស្សក៏ដោយ។
ក្នុងទិសដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់អនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានភ្ជាប់ និងបន្ស៊ីជាមួយគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ ក្នុងន័យនេះ, កម្ពុជាចង់ទទួលបាននូវការអភិវឌ្ឍមួយប្រកបដោយចីរភាពជាមួយអង្គការសហប្រជាជាតិ និងក្នុងស្មារតីវាយតម្លៃខ្ពស់ដល់សុខសន្តិភាពពេញលេញ ដែលកម្ពុជាកំពុងទទួលបាន និងដែលជាចំណែកនៃការខិតខំប្រឹងប្រែង និងគាំទ្រពីសំណាក់អង្គការសហប្រជាជាតិ។

ជាមួយនឹងការពេញចិត្តចំពោះការពន្យល់ និងបកស្រាយរបស់ សម្ដេចធិបតី ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ជូនសារជាថ្មីថា កម្ពុជាគួរជឿជាក់ចំពោះប្រព័ន្ធអង្គការសហប្រជាជាតិ ដែលតែងតែមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការកាត់បន្ថយភាពក្រីក្រ ការអនុវត្តគោលការណ៍នីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស ក្រោមស្មារតីឈ្នះ ឈ្នះ ។ ក្នុងន័យនេះ អង្គការសហប្រជាជាតិនឹងបន្តគាំទ្រ និងសហការជាមួយកម្ពុជា ដើម្បីសម្រេចបានជោគជ័យនៅក្នុងមាគ៌ានៃការរៀបចំគោលដៅអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជា។

នៅទីបញ្ចប់ សម្តេចធិបតី បានពាំនាំនូវការសួរសុខទុក្ខ និងការនឹករឭកពីសំណាក់ សម្តេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះ ឯកឧត្តមអគ្គលេខាធិការ ដែលជាមិត្តដ៏យូរលង់ និងដ៏ល្អរបស់ សម្តេចតេជោ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×