ភ្នំពេញ ៖ រថយន្តម៉ាកឡង់គ្រីស័រមួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតទៅបុករបាំងថ្មគល់ស្ពានអាកាស៧មករា ពេញទំហឹងបណ្តាលឲ្យបាក់ចំនួន៣កង់ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខ យ៉ាងដំណំ ចំណែកអ្នកបើកបរវិញ រងរបួសចំក្បាលបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តបង្កម៉ាកឡង់គ្រីស័រមួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2R-7710 បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ យ៉ាងពេញទំហឹងបាក់ចំនួន៣កង់ ខ្ទាតពេញផ្លូវ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ហើយអ្នកបើកបរវិញ បានរងរបួសត្រង់ក្បាលធ្ងន់ ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះភ្លាមៗ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចជំនាញ ក៏បានចុះមកដល់រួចវាស់វែងនិងធ្វើកំណត់ហេតុ យករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តបង្កចូលខ្លួន ដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត




