ភ្នំពេញ៖ វិស័យកសិកម្មបានរួមចំណែកជាង ២២ ភាគរយនៃផលិតផលសរុបក្នុងស្រុក (GDP) កម្ពុជា។ នេះបើយោងតាមឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កម្ពុជានាំចេញជាផ្លូវការនូវផលិតផលកសិកម្មចំនួន ៨,៦ លានតោន ដែលស្មើនឹងតម្លៃសរុបជិត ៥ ពាន់លានដុល្លារ ទៅទីផ្សារអន្តរជាតិ កាលពីឆ្នាំ២០២២។ រដ្ឋមន្រ្តីក្រសួងកសិកម្ម បានឱ្យដឹងថា ស្របតាម យុទ្ធសាស្ត្រ ចតុកោណ ដំណាក់ កាលទី៤ និង គោលនយោបាយជាតិ អភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២២-២០៣០ ក្រសួង កសិកម្ម បាន អនុវត្តប្រកបដោយការទទួលខុសត្រូវ ខ្ពស់នូវផែនការ និង សកម្មភាពការងារ ដែលបានគ្រោងទុក និង បានជំរុញ ដើម្បីបង្កើនល្បឿនការអភិវឌ្ឍ វិស័យកសិកម្ម។
រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានគោលនយោបាយដាក់ពង្រាយមន្ត្រីកសិកម្ម នៅតាមគ្រប់ភូមិ ឃុំទូទាំងប្រទេស ដែលមានអាទិភាពលើវិស័យកសិកម្ម។ រាជរដ្ឋាភិបាល ត្រៀមកញ្ចប់ថវិកាចំនួន ១០០លានដុល្លារអាមេរិក សម្រាប់ជួយលើកកម្ពស់វិស័យកសិកម្ម ជាពិសេសជួយទប់ការធ្លាក់ថ្លៃនៃកសិផល និងកសាងប្រព័ន្ធធារាសាស្ត្រ ជូនប្រជាកសិករកម្ពុជា។
ថ្លែងជាថ្មីម្តងទៀតនៅសហរដ្ឋអាមេរិក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកា ១០០លានដុល្លារ ដើម្បីធានាតម្លៃកសិផលរបស់ប្រជាកសិករ ជាពិសេសនោះរហូតដំណាច់ឆ្នាំ២០២៣ រាជរដ្ឋាភិបាលក៏ជ្រើសរើសមន្ត្រីបង្គោលផ្នែកកសិកម្មចំនួន ២៥០នាក់ ដើម្បីពង្រាយតាមឃុំ ជួយកសិករដែលមានបញ្ហាផ្នែកបច្ចេកទេស លើការដាំដុះ និងចិញ្ចឹមសត្វផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កសិកម្ម គឺដាក់ចេញនូវយន្តការសម្របសម្រួលកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយកសិផល រកទីផ្សារ រកលំនឹងផលកសិកម្ម នៅកម្រិតសមរម្យ។ សម្ដេចថា ដើររកវិនិយោគិនភាគច្រើន គឺផលិតផលកសិកម្ម។ រដ្ឋបានត្រៀមកញ្ចប់ ១០០លានដុល្លារ និងអាចវិភាជថវិកាបន្ថែម ប្រសិនបើមានតម្រូវការ ដើម្បីអន្តរាគមន៍ឲ្យទាន់ពេលវេលា ក្នុងការធានានូវតម្លៃកសិកផល ក្នុងកម្រិតណាមួយដែលអាចធ្វើទៅបាន។
សម្តេចធិបតី បានបញ្ជាក់ថា សម្រាកការងារកសិកម្មរដ្ឋនឹងពង្រាយមន្ត្រីកសិកម្ម ឲ្យបានគ្រប់ឃុំដែលតម្រូវការកសិកម្ម ព្រោះបញ្ហាកសិករនៅក្នុងទំនើបកម្ម ត្រូវការមានអ្នកបច្ចេកទេសជួយ ហើយរដ្ឋកន្លងទៅក៏មានអ្នកបច្ចេកទេស ប៉ុន្តែមិនគ្រប់។ សម្ដេចថា សម្តេចតេជោ បានអនុម័តតាំងពីអាណត្តិមុន ឥឡូវនេះ ពីនេះដល់ចុងឆ្នាំត្រូវរើស ២៥០នាក់ ហើយឆ្នាំបន្ទាប់រើសបន្ថែមទៀត ដើម្បីរុញទៅមូលដ្ឋាន រកមន្ត្រីកសិកម្មដើម្បីនៅជាមួយប្រជាពលរដ្ឋក្នុងឃុំតែម្តង ដើម្បីជួយដល់ជំនាញប្រជាកសិករ ក្នុងការដាំដុះ ចិញ្ចឹមសត្វនេះជាកិច្ចការសំខាន់។ ជាមួយគ្នានេះ សម្តេច បានបន្ថែមថា ការងារក្នុងវិស័យកសិកម្មនេះ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងណាស់ ដោយមិនត្រឹមតែរកទីផ្សារជូនពួកគាត់ទេ ថែមទាំងត្រៀមនូវថិវកាមួយចំនួន សម្រាប់ជួយធានាថ្លៃឲ្យបានសមរម្យ ហើយថែមទាំងរុញមន្ត្រីជំនាញ ជួយដល់ពួកគាត់ថែមទៀតផង៕