ដូចដែលប្រិយមិត្ត និងមហាជនជាច្រើន បានទទួលជ្រាបរួចហើយ គឺក្រោយពីនារីរងគ្រោះបានដាក់ពាក្យបណ្តឹង ទាក់ទងរឿងតាមអុកឡុករំខានពីជីវិតរស់នៅរបស់នាងសឹងតែគ្មានលោះថ្ងៃនោះ ស្រ្តីតែងខ្លួនជាប្រុសដ៏មិនចេះអៀនខ្មាសនោះ ក៏ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ហៅឱ្យចូលខ្លួនមកធ្វើការសុំទោស និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដ៏មិនសមទំនងនេះ ទៅលើនារីជាអតីតមិត្តរួមការងារទៀត ប្រសិនបើនៅតែរឹងទទឹង សមត្ថកិច្ចនឹងចាត់វិធានការធម៌ក្តៅទៅតាមច្បាប់ហើយ។
ទោះជាយ៉ាងណា ក្រោយចូលប៉ុស្តិ៍ប៉ូលិស សន្យានឹងឈប់តាមយាយី នៅចំពោះមុខនារីអតីតមិត្តរួមការងារ និងមន្រ្តីសមត្ថកិច្ច បានប្រមាណជាង ១០ ថ្ងៃ ស្រាប់តែពេលនេះ ស្រ្តីតែងខ្លួនជាប្រុសរូបនេះ បានចាប់ផ្ដើមសកម្មភាពដដែលឡើងវិញហើយ ដោយបានបន្តជិះម៉ូតូតាមពីក្រោយនារីរងគ្រោះ រួចបានជិះទៅកៀរជាច្រើនដងច្រើនសារថែមទៀតផង ដោយមិនដឹងថា មានបំណងមិនល្អអ្វីនោះទេ។
នេះបើតាមនារីរងគ្រោះដែលមានឈ្មោះ វណ្ណ ឌីលក្ខណ៍ អាយុ ៣១ ឆ្នាំ រស់នៅក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញ បានបង្ហោះរៀបរាប់នៅលើគណនីហ្វេសប៊ុករបស់នាងឈ្មោះថា Ah Leak ឲ្យដឹងយ៉ាងដូច្នេះថា៖ «សួស្ដីបងៗប៉ូលីសខណ្ឌសែនសុខ ដោយសារតែបងៗប៉ូលិសកាលមកដល់ផ្ទះលើកមុនប្រាប់ថា មិនបាច់ទៅប៉ុស្តិ៍ទៀតទេ ហើយខ្ញុំក៏មិនបាន save លេខទូរស័ព្ទដែលបងៗខលមកលើកមុនទុកនោះដែរ។ ខ្ញុំចង់ជូនដំណឹងបន្ទាន់ថា ថ្ងៃនេះថ្ងៃខ្ញុំសម្រាកពីការងារ តែទៅរៀនដូចសព្វមួយដង។ នៅវេលាម៉ោង ១០ និង ០៥នាទីព្រឹក បន្ទាប់ពីចេញពីរៀនភាសាក្រៅម៉ោងនៅម្ដុំទួលទំពូង តាមផ្លូវជិះមកវិញខ្ញុំចេះតែឆ្ងល់ ព្រោះមើលៗកញ្ចក់ ចេះតែមានអារម្មណ៍ដូចមានម៉ូតូតាមពីក្រោយ ដល់ឈប់ស្តុបមើលទៅឃើញម្នាក់ស្រីឆ្កួតហ្នឹងតាមខ្ញុំ វាសើចហើយ វាជិះកៀរ វ៉ាខ្ញុំទៅបាត់។ មិនដឹងវាពួននៅណា វាជិះវ៉ាទៅវ៉ាមកអត់ឈប់អត់ឈរ។ រហូតដល់ម៉ោង ១១ និង ២៧នាទី ខ្ញុំជិះយកអីវ៉ាន់ឱ្យមីងនៅម្ដុំភូមិរោងចក្រ វាជិះទៅជិះមកកាត់ហ្នឹង ក្នុងលក្ខណ:រំខានទៀត»។
នាងបន្តថា៖ «ពេលជិះតាមផ្លូវ ខ្ញុំអែបម៉ូតូកៀន ដកទូរស័ព្ទរៀបថតវាទុកជាភស្ដុតាង តែវាគេចខ្លួនបាត់។ វាដោះធុង grab ចេញហើយ។ វាជិះម៉ូតូហុងដា dream ពាក់ស្លាកលេខ បាត់ដំបង 1K-3086។ វាមិនបញ្ឈប់សកម្មភាពវាទេ បងៗនៅសាលាខណ្ឌសែនសុខ គាត់ផ្ដាំខ្ញុំថា តែវាតាមទៀតគាត់ចេះដោះស្រាយហើយ។ បងៗជួយដោះស្រាយឱ្យខ្ញុំផង។ ស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ»។
គួរគួររម្លឹកផងដែរថា កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ស្រ្តីតែងខ្លួនជាប្រុសមានឈ្មោះ ឡុង សុខគីម អាយុ៣៣ឆ្នាំ រស់នៅភូមិចំការឳឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពតាមយាយី អុកឡុក ក្នុងជីវិតឯកជនរបស់នារីឈ្មោះ វណ្ណ ឌីលក្ខណ៍ តទៅទៀត បើមានករណីកើតឡើងបន្តទៀត ស្រ្តីរូបនេះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង