ករណីបាញ់លុយច្រឡំ ដោយសារតែការមិនបានពិនិត្យឲ្យបានល្អិតល្អន់ ឬក៏ភាំងស្មារតីតែបន្តិច គឺតែងតែកើតមានឡើងជារឿយៗ ហើយករណីនេះបានកើតឡើងតាមរយៈការវេរលុយ រវាងអតិថិជន និងអ្នកលក់ដូរតាមអនឡាញ ឬក៏អ្នកជិះគិតលុយឲ្យមួយអ្នករត់កង់បី និងតាក់ស៊ី ជាដើម។ ជាការពិតណាស់ ការច្រឡំនេះ បើប៉ះចំមនុស្សល្អ គឺមានភាពងាយស្រួល ក្នុងការទទួលបានការបាញ់លុយត្រឡប់មកវិញ ប៉ុន្តែ បើប៉ះចំមនុស្សមានការចង់បាន គឺប្រហែលជាពិបាកបន្តិចហើយ។
ជាក់ស្តែង ដូចករណីមួយនេះ គឺស្ទើរតែមិនគួរឲ្យជឿ និងគួរឲ្យហួសចិត្តខ្លាំង ខណៈដែលបុរសម្នាក់ជិះកង់បី ដែល Booking តាមរយៈ App របស់ក្រុមហ៊ុន «Grab» អស់តម្លៃ ៤,០០០ រៀល តែបែរជាច្រឡំដៃបាញ់លុយឲ្យរហូត ៤០០០ ដុល្លារ ហើយជិះរួច ២, ៣ ថ្ងៃ ហើយទើបដឹង ភ្ញាក់ផ្អើលស្រឡាំងកាំងតែម្តង។
នេះបើតាមបុរសអ្នកជិះដែលមានគណនីហ្វេសប៊ុកឈ្មោះ Kong ChanEng បានបង្ហោះករណីនេះកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឲ្យដឹងថា៖ «បងប្អូនជួយshare រកបងប្រុសម្នាក់នេះផង។ ខ្ញុំច្រលំបាញ់លុយទៅគាត់4,000$ ពេលជិះ Grab Tuk tuk របស់គាត់។ 2 3ថ្ងៃហើយ ទើបតែបានដឹង ជាក់ស្តែងគឺត្រូវឲ្យគាត់តែ4,000៛ ទេ។ សង្ឃឹមថាគាត់បានឃើញនឹងជួយផ្ញើត្រលប់ឲ្យខ្ញុំវិញ។ ពេលនេះខ្ញុំ កំពុងស្វែងរក និងទំនាក់ទំនងគាត់អត់ចូលទេ។ បើស្គាល់ ឬឃើញគាត់សូមផ្តល់ដំណឹងដល់គាត់ ឬទាក់ទងមកខ្ញុំផង»។
ក្រោយពីបានឃើញបែបនេះ បងប្អូនអ្នកលេងបណ្តាញសង្គមជាច្រើន ដែលមានការព្រួយបារម្ភជំនួស បានចូលខមិនផ្តល់ជាមតិយោបល់ដើម្បីជាដំណោះស្រាយស្រដៀងៗគ្នាថា៖ «លុយបីថ្ងៃហើយហ្នឹង មិនស្រួលបងប្រុសនោះដកប្រើការអស់ហើយទេដឹង, ខលទៅធានាគារ ABA ឲ្យគេបង្កកលុយទៅលឿនជាង បើនៅតែស្វែងរកទម្រាំឃើញ ពូផាសអាប់ហ្នឹងដកចាយអស់ហើយ រយៈពេល៣ថ្ងៃហើយនោះ»។ រីឯអ្នកខ្លះទៀត ក៏បានឲ្យទាក់ទងទៅខាងក្រុមហ៊ុន Grab ព្រោះក្រុមហ៊ុនមានព័ត៌មានអំពីបុរសកង់បីនោះទាំងអស់។
ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ (ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣) ហើយ ហាក់ដូចជាគ្មានតម្រុយអ្វីសោះ ខណៈបុរសជាម្ចាស់លុយបានបញ្ជាក់ប្រាប់បងប្អូនមហាជនឲ្យដឹងថា៖ «គាត់បានទាក់ទងទៅខាងក្រុមហ៊ុន «Grab» និងខាងធនាគាររួចរាល់ហើយ ហើយពេលនេះខាងក្រុមហ៊ុន និងខាងធនាគារ ក៏កំពុងធ្វើការដោះស្រាយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង