Monday, January 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​ហួសចិត្ត! ក្រោយ​ផ្ទុះ​ការរិះគន់ ករណី​ព្រះសង្ឃ​មួយ​អង្គ ដែល​ល្បី​មាន​ព្រះជន្ម ១២២ ព្រះវស្សា យកជើង​ដាក់លើ​ក្បា​ល ទីបំផុត «មន្ទីរ​ធម្មការ​និងសាសនា ខេត្ត​កំពង់ឆ្នាំង» ចេញ​មក​ស្រាយ​បំភ្លឺ…

ថ្មីៗនេះ រូបភាពមួយសន្លឹក ដែលបង្ហាញព្រះសង្ឃមួយអង្គ យក «ជើងដាក់លើក្បាល» បុរសចំណាស់ម្នាក់ ដែលគេស្គាល់ថាជាចៅអធិការគង្សនៅ «វត្តចន្ទប្បជោត្តនារាម» ហៅ «វត្តតាគុត» ស្ថិតនៅក្នុងឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន មានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង ដោយបានបញ្ចេញមតិរិះគន់ឡើងព្រោងព្រាតតែម្តង ព្រោះទង្វើបែបនេះ មើលទៅហាក់ដូចជាមិនស័ក្ដិសមឡើយ។ អ្វីដែលកាន់តែហួសចិត្តទៀតនោះ គឺទន្ទឹមនឹងរូបភាពនេះ ក៏ឃើញមានអ្នកលេងបណ្តាញសង្គមមួយចំនួន បានចែករំលែកល្បីតៗគ្នាថា ព្រះសង្ឃអង្គនេះមានព្រះជន្ម ១២២ ព្រះវស្សា ទៀតផង តែជាក់ស្តែង មិនមែនជាការពិតឡើយ។

យ៉ាងណាមិញ ក្រោយពីមហាជនផ្ទុះការរិះគន់ និងមានការវែកញែករួចមក ទីបំផុតនៅថ្ងៃអង្គារទី២៦ ខែកញ្ញា ឆ្នាំ២០២៣ «មន្ទីរធម្មការនិងសាសនា ខេត្តកំពង់ឆ្នាំង» បានចេញលិខិតស្រាយបំភ្លឺ ដោយបានបញ្ជាក់ឲ្យដឹងថា៖ កាលពីថ្ងៃសៅរ៍ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ លោកឧបាសកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ថោង នីដាមុនី រួមជាមួយពុទ្ធបរិស័ទចំនួន ១០០ នាក់ បានទៅជួបព្រះតេជគុណ ស៊ុន ចាន់វីរៈ។ ក្នុងឱកាសនោះ លោកសាស្រ្តាចារ្យបានសួរសំណួរចំនួនពីរ ទៅកាន់ព្រះតេជគុណ ហើយបន្ទាប់ពីព្រះតេជគុណក៏បានឆ្លើយសំណួរត្រឹមត្រូវ លោកសាស្ត្រារ្យក៏បានថ្វាយបង្គំ និងសុំព្រះតេជគុណលើកជើងដាក់លើក្បាល ប៉ុន្តែ ព្រះតេជគុណបានបដិសេធ ដោយមានសង្ឃដីកាប្រាប់ថា គ្រាន់តែថ្វាយបង្គំបានហើយ។ តែទោះជាយ៉ាងណា លោកសាស្រ្តាចារ្យ ថោង នីដាមុនី មិនព្រម ហើយបន្តថ្វាយបង្គំ រួចយកដៃទាញជើងព្រះតេជគុណដាក់លើក្បាលរបស់គាត់តែម្តង ដោយព្រះតេជគុណពុំបានដឹងខ្លួនមុននោះទេ។

ដោយឡែក ពាក់ព័ន្ធរឿងល្បីតៗគ្នាថា មានព្រះជន្ម១២២ព្រះវស្សា គឺពុំមានជាការពិតនោះទេ ដោយព្រះតេជគុណ ស៊ុន ចាន់វីរៈ បានបញ្ជាក់ឲ្យដឹងថា លោកសាស្ត្រារ្យ ថោង នីដាមុនី និងក្រុមញាតិរបស់គាត់ បានសួរអាចារ្យនៅក្នុងវត្ត អំពីរូបសំណាកលោកឪសួង ហើយអាចារ្យបានបកស្រាយថា លោកឪសួងបានសុគតអស់រយៈពេល៧៨ព្រះវស្សាមកហើយ។ គិតមកទល់បច្ចុប្បន្ន បើលោកឪសួងនៅមានជីវិត ប្រហែលព្រះជន្ម១២០ព្រះវស្សា មិនមែនអាត្មាភាពមានព្រះជន្ម១២២ព្រះវង្សា ដូចការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះថា «Smey Loy» នោះឡើយ។

តែទោះជាយ៉ាងណា ជាមួយគ្នានោះ មន្រ្តីសង្ឃខេត្ត ព្រះសរណមង្គល ប៉ុណ្យ ប៊ុនជីង បានមានសង្ឃដីកាអប់រំថា បើមានការបង្ហោះថ្ងៃក្រោយទៀតនោះ គឺត្រូវគោរពឲ្យបានត្រឹមត្រូវទៅតាមធម៌វិន័យរបស់ព្រះពុទ្ធសាសនា និងអ្វីដែលខ្លួនមានឲ្យស្របទៅតាមច្បាប់របស់ព្រះពុទ្ធសាសនា មុននឹងធ្វើអ្វីត្រូវគិតគូរឲ្យបានម៉ត់ចត់ និងល្អិតល្អន់ ជៀសវាងការកើតមានរឿងរ៉ាវបែបនេះទៀត។

ជាចុងក្រោយ ព្រះតេជគុណ ស៊ុន ចាន់វីរៈ ក៏បានយល់ព្រមអនុវត្តតាមការណែនាំរបស់ព្រះមន្រ្តីសង្ឃខេត្ត និងមន្រ្តីសង្ឃស្រុក ហើយសន្យាថា នឹងមិនឲ្យមានបញ្ហាអ្វីកើតឡើងទៀតទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×