ខេត្តព្រះសីហនុ៖ ការិយាល័យអប់រំក្រមសីលធម៌ តាមបែបព្រះពុទ្ធសាសនា ខេត្តព្រះសីហនុ សហការជាមួយគណៈកម្មាធិការចំរុះ លើកកំពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរខេត្ត និង មន្ទីរធម្មការនិងសាសនាខេត្ត បានប្រារព្វពិធីយុទ្ធនាការ អប់រំក្រមសីលធម៌តាមកន្លង ព្រះពុទ្ធសាសនា ជាលើកទី១០ និងជូនរង្វន់ចែកប័ណ្ណសរសើរដល់សិស្សានុសិស្ស ដែលបានសិក្សាក្នុងឆ្នាំ២០១៧-ឆ្នាំ២០១៨។
ពិធីនេះ មានសិស្សានុសិស្ស ចូលរួមស្ដាប់ការអប់រំ ក្រមសីលធម៌តាមកន្លងព្រះពុទ្ធសាសនា នៅវេទិកាបុណ្យជាតិ ៧មករា ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ដោយមានព្រះសង្ឃជាអធិបតីពន្យល់អប់រំ និងអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គង់ វិតាណៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងវត្តមាន លោកគ្រូអ្នកគ្រូ មាតា បីតា និង
អាណាព្យាបាលសិស្ស។
គុណឪពុកម្ដាយ គឺជាគោលការណ៍ធំជាងគេ នៅក្នុងការអប់រំក្រមសីលធម៌ ដលយុវវ័យ នៅក្នុងយុទ្ធនាការអប់រំក្រមសីលធម៌តាមបែបព្រះពុទ្ធសាសនា លើកទី១០នេះ រួមជាមួយ និងការតម្រង់ផ្លូវឲ្យយុវវ័យ ទាំងអស់ក្រឡេកមើលអនាគត់ របស់ខ្លួន ដើម្បីឆ្ពោះទៅរកភាពជោគជ័យ ក្នុងការងារ ដោយលះបង់ឲ្យអស់ នូវអំពើអគតិ ក្នុងចំណោមជនពាល។ ដូចជាការលះបង់ នូវការប្រព្រឹត្តល្បែងស៊ីសង ការសេពគ្រឿងញៀន ការលួចប្លន់ និងអំពើអបាយមុខផ្សេងៗទៀត ដែលសង្គមស្អប់ខ្ពើម។
នាឱកាសនោះដែរ ឯកឧត្តម ចេវ គឹមហេង អ្នកតំណាងរាស្ត្រ ឯកឧត្តម គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ និង លោកជំទាវ ប្រាក់ ច័ន្ទសុខា មានប្រសាសន៍ថា វេទិកាអប់រំក្រមសីលធម៌ ដល់យុវវ័យនេះ ពិតជាមានអត្ថប្រយោជន៍សំខាន់បំផុត សំរាប់ជួយដល់សង្គមជាតិ និងជួយដល់យុវវ័យ ឲ្យរួចផុតពីគ្រោះថ្នាក់ មហន្តរាយក្នុងជីវិត ជួយអប់រំដល់យុវវ័យទាំងអស់គ្រប់កាលៈទេសៈ ដើម្បីឲ្យពួកគេមើលឃើញតែអំពើល្អ ស្អប់អំពើបាប ដើម្បីបង្កើនគុណធម៌ក្នុងសង្គមផង និងចូលរួមអនុវត្តន៍គោលនយោបាយ តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នែព្រះរាជាណាចក្រកម្ពុជា៕ ដោយ ៖ ដែនសីមា