ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈទាំងអស់ឱ្យបានជ្រាបថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលជាយន្តការត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិតចំនួន ១៧រូប, តំណាងភាគីនិយោជកចំនួន ១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន ១៧រូប បានបើកកិច្ចប្រជុំ ចំនួន ២០លើក (ប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗ ចំនួន ៨លើក, ទ្វេភាគី ចំនួន ២លើក និងត្រីភាគី ចំនួន ១០លើក) ចាប់ពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយឈរលើគោលការណ៍ប្រជាធិបតេយ្យ ស្មារតីមិត្តភាព សហប្រតិបត្តិការ តម្លាភាព និងឈ្នះ-ឈ្នះ។
ទោះបីជាមានកិច្ចប្រជុំជាច្រើនលើក ភាគីពាក់ព័ន្ធមិនបានឯកភាពគ្នាជាឯកច្ឆន្ទលើតួលេខណា មួយឡើយ ដោយតំណាងភាគីកម្មករនិយោជិតបានលើកនូវតួលេខពីរផ្សេងគ្នាគឺ ២០៤ដុល្លារអាម៉េរិក និង ២១៣ដុល្លារអាម៉េរិក, តំណាងភាគីនិយោជកបានលើកតួលេខ ២០២ដុល្លារអាមេរិក, និងតំណាងភាគី រាជរដ្ឋាភិបាល ដោយឈរលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ បានកំណត់យកតួលេខ ២០២ដុល្លារ អាម៉េរិក។ យោងមាត្រា១២ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបាន អនុវត្តនូវនីតិវិធីបោះឆ្នោតជាសម្ងាត់ នាកិច្ចប្រជុំថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីគាំទ្រតួលេខនីមួយៗ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
តួលេខចំនួន ២០២ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ៤៦ លើ ៥១សំឡេង
តួលេខចំនួន ២០៤ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត លើ ៥១សំឡេង
តួលេខចំនួន ២១៣ដុល្លារអាម៉េរិក ទទួលបានសំឡេងឆ្នោត ៥ លើ ៥១សំឡេង។
យោងតាមមាត្រា១៣ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបាន គោរពរាយការណ៍តួលេខ ២០២ (ពីររយពីរ) ដុល្លារអាម៉េរិក ជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ជ្រាប និងផ្ដល់អនុសាសន៍បន្ថែម។ យោងលើរបាយការណ៍ នេះ និងដោយមានការសិក្សាបន្ថែម សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចបន្ថែម ២ (ពីរ) ដុល្លារអាម៉េរិក លើតួលេខ ២០២ (ពីររយពីរ) ដុល្លារអាម៉េរិក ដែលត្រូវបានបោះឆ្នោតគាំទ្រដោយសំឡេងភាគច្រើន នៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។
ដូច្នេះ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន ២០៤ (ពីររយបួន) ដុល្លារអាម៉េរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន ២០២ (ពីររយពីរ) ដុល្លារអាម៉េរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិតសាកល្បង។
ទន្ទឹមនឹងនេះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបាន រក្សាទុកនៅដដែល ដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាម៉េរិក ក្នុងមួយខែ, ប្រាក់ រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារអាម៉េរិក ក្នុងមួយខែ, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោង ដោយស្ម័គ្រចិត្តចំនួន ២ ០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ, និងប្រាក់ រង្វាន់អតីតភាពការងារចំនួនពី ២ដុល្លារអាម៉េរិក ដល់ ១១ដុល្លារអាម៉េរិកក្នុងមួយខែ សម្រាប់កម្មករនិយោជិត ដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។
ដូចនេះ ជាមធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិចចំនួនពី ២២១ (ពីររយ ម្ភៃមួយ) ដុល្លារអាម៉េរិក ដល់២៣២ (ពីររយសាមសិបពីរ) ដុល្លារអាម៉េរិក ក្នុងមួយខែ។ ក្រៅពីការដំឡើង ប្រាក់ឈ្នួលអប្បបរមា រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធនឹងបន្តខិតខំសហការគ្នាដើម្បីកាត់បន្ថយ បន្ទុកចំណាយនានារបស់បងប្អូនកម្មករនិយោជិតជាបន្តបន្ទាប់។
ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលបានសម្រេចផ្ដល់ប្រាក់បន្ថែមចំនួន ២ (ពីរ) ដុល្លារអាម៉េរិក លើតួលេខដើមរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមា និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវ និងកាន់តែមានភាពចាស់ទុំក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៤ នេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី