Monday, March 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរាជទូតដាណឺម៉ាក បានពេញចិត្តចំពោះជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃដោយឈរលើការគោរពបទឈប់បាញ់ និងការដោះស្រាយបញ្ហាដោយសន្តិវិធី

ភ្នំពេញ ៖ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ដែននី អានណាន (Danny Annan) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រដាណឺម៉ាក ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយឯកឧត្តម ហើយសម្ដេចតេជោសង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ាកនឹងកាន់តែរីកចម្រើនបន្ថែមទៀត ក្រោមការដឹកនាំរបស់ឯកឧត្តមជាឯកអគ្គរាជទូតប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងកន្លងមកដែលមានភាពល្អប្រសើរ ហើយសង្ឃឹមថា នៅឆ្នាំក្រោយដែលជាខួបលើកទី ៦០ឆ្នាំនៃទំនាក់ទំនងកម្ពុជានិងដាណឺម៉ាក ប្រទេសទាំងពីរនឹងមានការរៀបចំកម្មវិធីនានាដើម្បីអបអរសាទរនៃខួប៦០ឆ្នាំដែលនឹងឈានមកដល់នៅឆ្នាំក្រោយនេះ។ នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតដាណឺម៉ាកបានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានចូលជួបសម្ដែងការគួរសមនាឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា នៅក្នុងការបំពេញបេសកកម្មរបស់ឯកឧត្តម ឯកឧត្តមបានប្រឹងប្រែងក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ាកឱ្យកាន់តែរីកចម្រើនទាំងក្នុងក្របខណ្ឌនៃការទូតនយោបាយជាពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

សម្ដេចតេជោបានពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តម ដោយសម្ដេចបានឯកភាពលើការធ្វើយ៉ាងណា ឱ្យទំនាក់ទំនងរវាងកម្ពុជានិងដាណឺម៉ាកមានទំនាក់ទំនងកាន់តែល្អបន្ថែមទៀតជាពិសេសទៅលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ឱ្យមានភាពល្អប្រសើរ មានការកើនឡើងហើយស្របទៅនឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនយោបាយ ការទូត រវាងប្រទេសទាំងពីរដែលមានជាមួយគ្នា។ សម្ដេចតេជោបានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងដាណឺម៉ា គឺនៅមានសក្តានុពលច្រើនទៀត ដែលភាគីទាំងពីរអាចធ្វើការជាមួយគ្នា ជាពិសេសលើផ្នែកពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ចជាដើម។ នៅក្នុងឱកាសនោះ សម្ដេចតេជោក៏បានចែករំលែកអំពីស្ថានការណ៍អន្តរជាតិមួយចំនួនដែលកើតមានឡើងនៅពេលបច្ចុប្បន្ន
ជាពិសេសបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ ដែលបានកើតឡើងនាពេលកន្លងមកនេះ ដែលភាគីទាំងពីរកំពុងតែរក្សាគោលជំហរបទឈប់បាញ់ ហើយសម្ដេចបានបញ្ជាក់អំពីជំហររបស់រដ្ឋាភិបាលកម្ពុជានាពេលកន្លងមក គឺគាំទ្រចំពោះការរក្សានូវជំហរនៃការគោរពបទឈប់បាញ់ និងការដោះស្រាយបញ្ហា និងការចរចាដោយសន្តិវិធី។

នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតដាណឺម៉ាក បានពេញចិត្តចំពោះជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃដោយឈរលើការគោរពបទឈប់បាញ់ និងការដោះស្រាយបញ្ហាដោយសន្តិវិធី។

ជាចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តមឯកអគ្គរាជទូត ដាណឺម៉ាក ក្នុងការបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយភាពជោគជ័យ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×