Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុន ទឹកប្រាក់ជាង ៤៣០លានដុល្លារ ផ្ដោតទៅលើការអភិវឌ្ឍសមត្ថភាពចំណតកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ

ភ្នំពេញ៖ ជប៉ុន ផ្តល់ជំនួយអភិវឌ្ឍផ្លូវការ ក្នុងទឹកប្រាក់ជាង ៤៣០លានដុល្លារ ដើម្បីអភិវឌ្ឍចំណតកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ។ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អូអិណូ អាត់ស៊ូស៊ី បានអះអាងថា គម្រោងជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុន ទឹកប្រាក់ជាង ៤៣០លានដុល្លារនេះ នឹងត្រូវផ្ដល់ជូនកម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាពកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ។ ​ ​

ឯកអគ្គរាជទូតជប៉ុន បានបញ្ជាក់ថា តាមរយៈគម្រោងនេះ គឺផ្ដោតទៅលើការអភិវឌ្ឍចំណ តកំពង់ផែឲ្យមានជម្រៅជ្រៅជាងមុន ដើម្បីឲ្យនាវាផ្ទុកកុងតឺន័រទម្ងន់ដល់ ៦០តោនចូលចតបាន។ គ ម្រោងនេះទៀតសោត នឹងបញ្ចប់ត្រឹមឆ្នាំ២០២៦។  

សម្រាប់ដំណាក់កាលបន្តទៀត គឺនឹងពង្រីកទីតាំងលើកដាក់កុងតឺន័រឲ្យបានច្រើនថែមទៀត ជារួមគឺអាចពង្រីកបន្ថែម ៩ទីតាំងទៀត ដោយនឹងប្រែក្លាយកំពង់ផែអន្តរជាតិកម្ពុជា ទៅជាកំពង់ផែធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍នៅត្រឹមឆ្នាំ២០២៨»។ នេះជាប្រសាសន៍របស់ឯកអគ្គរាជទូតជប៉ុន។

លោកឯកអគ្គរាជទូតជប៉ុន ​ បានលើកឡើងថា ​កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពលរបស់កម្ពុជា សម្រាប់តភ្ជាប់ទំនាក់ទំនងគមនាគមន៍ផ្លូវទឹក វិនិយោគ ការដោះដូរទំនិញ ដឹកជញ្ជូនឆាប់រហ័ស និងចំណាយតិច។ ក្រោយបញ្ចប់ការសាងសង់កំពង់ផែអន្តរជាតិមួយនេះ នឹងអនុញ្ញាតឲ្យនាវាទំហំធំៗប្រមាណ ៩៣%អាចចូលចតបាន។

ការលើកឡើងរបស់ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងកិច្ចពិភាក្សាតុមូលស្ដីពី«ទំនាក់ទំនងកម្ពុជា-ជប៉ុន»សម្រាប់ខួបអនុស្សាវរីយ៍ ៧០ឆ្នាំ ទ្វេភាគីកាលពីពេលថ្មីៗនេះ។

លោក​ទូត​ជប៉ុន​ ​បាន​លើក​ឡើង​ថា ​ការ​ដឹក​ជញ្ជូន​កសិផល​កម្ពុជា​ទៅ​ជប៉ុន​តាម​ផ្លូវទឹក គឺ​មាន​ភាព​ពិបាក​ព្រោះថា កំពង់​ផែនៅ​កម្ពុជា ​មានទឹក​រាក់​ដោយ​មិន​អាច​ចេញចូល​កប៉ាល់​ធំ​ៗ​បាន​ ដូច្នេះ​ត្រូវ​ចំណាយពេល​ច្រើន និង​ចំណាយ​លុយ​ច្រើន​ទម្រាំ​នាំ​ចេញ​ទៅ​ដល់​ប្រទេស​ជប៉ុន។

​លោក បន្តថា ប្រសិនបើ​មានការ​អភិវឌ្ឍ​ផ្សារ​ភ្ជាប់​ផ្លូវ​ដឹក​ជញ្ជូន​មាន​ភាព​ងាយស្រួល​តាម​រយៈ​ការ​ស្តារ​កំពង់​ផែ​ព្រះ​សីហ​នុ​ឲ្យ​មានទឹក​ជ្រៅ​ធ្វើ​ឲ្យកប៉ាល់​ធំ​ៗ​ចូល​បាន​នោះ ​កសិផល​កម្ពុជា​នឹង​ដឹក​ទៅ​ដល់​ជប៉ុន​បាន​ស្រួល។

គួរជម្រាបថា ​ទំហំ​សេដ្ឋកិច្ច​រវាង​កម្ពុជា​-​ជប៉ុន​មាន​ចំនួន​១,៦​ពាន់​លាន​យេ​ន គិត​តាំងពី​ឆ្នាំ​១៩៨១ ឥឡូវ​នេះ កើនឡើង​ដល់​ជាង​២០០​ដង​គិត​ត្រឹម​ឆ្នាំ​២០២២៕

×