រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកា New Horizons: Doing Business with Cambodia ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្ម Dubai នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅសណ្ឋាគារ Hyatt Regency Phnom Penh ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
មានមតិក្នុងវេទិកាខាងលើ ឯកឧត្តមអគ្គលេខាធិការរងបានសម្តែងនូវការរាក់ទាក់យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូធុរកិច្ចដែលបានអញ្ជើញធ្វើដំណើរដោយផ្ទាល់មកកាន់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានជម្រាបជូនអំពីស្ថានភាពបច្ចុប្បន្ន និងទស្សនវិស័យនៃកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគីសំដៅលើកទឹកចិត្តឱ្យធុរជនអេមីរ៉ាតអារ៉ាប់រួមបង្កើនការវិនិយោគរបស់ខ្លួននៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានគូសរំលេចអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធានាឱ្យបាននូវស្ថិរភាពនយោបាយ និងលំនឹង
ម៉ាក្រូសេដ្ឋកិច្ច, ពិពិធកម្មទីផ្សារនាំចេញ, គោលនយោបាយដែលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ, និងវឌ្ឍនភាពថ្មីនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ មុននឹងបញ្ចប់ ឯកឧត្តមបានបង្ហាញសុទិដិ្ឋនិយមថា តំណាងសហគ្រាសដែលមានវត្តមាននាឱកាសនេះនឹងធ្វើការពិចារណាជ្រើសយកកម្ពុជាជាគោលដៅសម្រាប់ការពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួននៅពេលអនាគត ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងរង់ចាំស្វាគមន៍ក្នុងការផ្តល់កិច្ចសម្រួល, ការលើកទឹកចិត្ត, និងការថែទាំដោយស្របតាមស្មារតីនៃបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគដែលមានជាធរមាន។
សូមជម្រាបជូនផងដែរថា ព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមបានចុះកិច្ចព្រមព្រៀងភាពជាដៃសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ហើយកិច្ចព្រមព្រៀងដ៏មានគុណតម្លៃនេះបានចូលជាធរមានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ កន្លងទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




