Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បើករថយន្តឡង់គ្រីស័រ រេចង្កូតទៅបុករបាំងថ្ម គល់ស្ពានអាកាសក្បាលថ្នល់

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន មិនបានប្រយ័ត្នរេចង្កូតទៅបុករបាំងថ្ម គល់ស្ពានអាកាសក្បាលថ្នល់ បណ្តាលឲ្យរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់បានបើករថយន្តម៉ាកឡង់គ្រីស័រ ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ កម្ពុជា NRTK.899 បើកបរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅបុករបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់ ចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យរថយន្តខូចខាតមួយកំណាត់មុខ យ៉ាងដំណំ ហើយភ្លាមនោះដែរ អ្នកបើករថយន្តបង្កបានគេចពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទន្លេបាសាក់ បានចុះទៅដល់ពិនិត្យជុំវិញទីតាំងកើតហេតុរួច ក៏បានទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីម្ចាស់រថយន្តបង្ក ចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត

×