ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនឹងស្ត្រីម្នាក់ទៀត ហើយនិងកូនតូច បានបើករថយន្តម៉ាកLexusRX 330 មួយគ្រឿង ក្នុងល្បឿនលឿនបានរេចង្កូតទៅបុកម៉ូតូកង់បី បត់ឆ្លងផ្លូវ៣០ម៉ែត្រ ចំពីមុខយ៉ាងពេញទំហឹង ស្របពេលមានប្តីប្រពន្ធ២នាក់ជិះម៉ូតូPCX ឌុបគ្នាយ៉ាងលឿន ជ្រុលបុកកង់បីបន្ថែម ហើយរថយន្តបង្កបានបន្តទៅបុកបង្គោលភ្លើងបាក់មួយដើម កល់ជាប់ទៅមុខលែងរួច និងបណ្តាលឲ្យមនុស្សប្រុសស្រីជាច្រើននាក់ រងរបួសធ្ងន់និងស្រាល បញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង ៣០ នាទីយប់ថ្ងៃទី ០១ខែតុលាឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ៣០ ម៉ែត្រ ចំណុចមុខផ្សារសន្តិភាពទី ២ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅនុនពេលកើតហេតុគេឃើញបុរសម្នាក់ រួមដំណើរជាមួយមានគ្នាបីនាក់ទៀត បានបើកម៉ូតូកង់បីមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1B-8441 បើកចេញពីផ្លូវបេតុងមួយកន្លែងក្នុងទិសដៅពីជើងមកត្បូង រួចបត់ឆ្វេងតាមបណ្តោយផ្លូវ៣០ម៉ែត្រ ខណៈពេលបត់ដល់ពាក់កណ្តាលផ្លូវ ស្របពេលមានបុរសម្នាក់រួមដំណើរជាមួយស្រ្តីជាប្រពន្ធនិងកូនតូចម្នាក់ទៀត បានបើករថយន្តម៉ាក LexusRX330 ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ កណ្តាល 2B-0125 បើកបរតាមបណញតោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ចំណុចកើតហេតុជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូកង់បីយ៉ាងពេញទំហឹង ធ្វើឲ្យម៉ូតូកង់បីវិលមួយជុំ ពេលនោះដែរក៏មានម៉ូតូម៉ាក PCXពណ៌សមួយគ្រឿងទៀត ពាក់ផ្លាកលេខ ភ្នំពេញ 1IA-5536 ជិះដោយប្តីប្រពន្ធ២នាក់ឌុបគ្នា តាមបណ្តោយផ្លូវ៣០ម៉ែត្រ ទិសដៅបញ្រ្ចាសគ្នា ពីកើតមកលិចក៏បុកកន្ទុយម៉ូតូកង់បីបន្ថែម បណ្តាលឲ្យដួលរងរបួសមនុស្សប្រុសស្រីជាច្រើននាក់ បញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ ហើយរថយន្តបង្កបានបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់មួយដើមទៀត ទើបរថយន្តទៅមុខលែងរួច ចំណែកអ្នកបើកបរនិងអ្នករួមដំណើរ បានគេចពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី២ បានចុះទៅដល់ពិនិត្យជុំវិញទីតាំងកើតហេតុ រួចក៏បានទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុស្ទូចយករថយន្តបង្កខាងលើ ហើយម៉ូតូកង់បីនិងម៉ូតូមួយគ្រឿងទៀត ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីម្ចាស់រថយន្តបង្ក និងភាគីរងគ្រោះចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សា មេត









